ក្រុងកូឡុំបូៈ ប្រធានាធិបតីស្រីលង្កាបានចូលរួមប្រារព្ធពិធីខួបលើកទី១០ នៃការបញ្ចប់សង្គ្រាមរ៉ាំរ៉ៃជាមួយក្រុមឧទ្ទាមខ្លាតាមិល កាលពីថ្ងៃអាទិត្យ ដោយប្តេជ្ញាចិត្តកម្ទេចក្រុមយុទ្ធជនសកមុ្មប្រយុទ្ធអ៊ិស្លាម ដែលបានទទួលខុសត្រូវជុំវិញការវាយប្រហារគ្រាប់បែកជាច្រើនកន្លែងទៅលើក្រុមអ្នកកាន់សាសនាគ្រិស្ត ដែលបានបង្កឲ្យមនុស្ស ២៥៨ នាក់ស្លាប់។
លោក Maithripala Sirisena បានថ្លែងថា កងកម្លាំងសន្តិសុខ និងអង្គភាពចារកម្មស្រីលង្កា អាចប្រើប្រាស់បទពិសោធរបស់ពួកគេ នៅក្នុងការកម្ទេចក្រុមឧទ្ទាមបំបែកខ្លួនខ្លាតាមិលអស់ ១ ទសវត្សរ៍ហើយ ដើម្បីដោះស្រាយទៅនឹងការប្រកួតប្រជែង ចេញពីក្រុមជ្រុលនិយមខាងសាសនាទាំងនោះ។
រដ្ឋាភិបាល បានស្តីបន្ទោសទៅលើក្រុមជីហាដជ្រុលនិយមប្រចាំតំបន់ ជុំវិញការវាយប្រហារកាលពីថ្ងៃទី ២១ ខែ មេសា ប្រឆាំងព្រះវិហារគ្រិស្ត និងសណ្ឋាគារប្រណីត ៣ កន្លែង ដែលបានបណ្តាលឲ្យមនុស្ស ៥០០ នាក់រងរបួស ហើយបានបំផ្លាញសន្តិភាពដ៏ផុយស្រួយមួយ អស់រយៈពេលជាច្រើនទសវត្សរ៍ នៅលើកោះ ដែលមានប្រជាជនប្រមាណ ២១ លាននាក់ រស់នៅ។
លោក Maithripala Sirisena បានថ្លែងនៅក្នុងពិធីប្រារព្ធរំឭកខួបនោះថា៖ «ដោយមានបទពិសោធពីសង្គ្រាមមួយ ដែលមានរយៈពេលជាង ៣ ទសវត្សរ៍ បច្ចុប្បន្ននេះ យើងត្រូវបានគេបង្ខំឲ្យឆ្លើយតបទៅនឹងការគំរាមកំហែងខុសៗគ្នាយ៉ាងពេញទំហឹង»។
លោកប្រធានាធិបតី Maithripala Sirisena បានថ្លែង៖ «យើងមានសមត្ថភាពចាប់ខ្លួនក្រុមអ្នកដែលនៅពីក្រោយខ្នងនៃការវាយប្រហារទៅលើក្រុមអ្នកកាន់សាសនាគ្រិស្ត ហើយអ្នកខ្លះក្នុងចំណោមពួកគេ ត្រូវបានសម្លាប់ នៅក្នុងអំឡុងការប្រឈមមុខដាក់គ្នានោះ»៕ AFP/SK