ក្រុង​ម៉ានីលៈ ​អ្នក​នាំពាក្យ​របស់​មេ​ដឹកនាំ​នេះ​ បាន​ថ្លែង​ថា ​លោក​ប្រធានាធិបតី​ហ្វីលីពីន​ Rodrigo Duterte ​កំពុង​ពិចារណា​យ៉ាង​ហ្មត់ចត់​អំពី​ការ​កាត់​ផ្តាច់​ទំនាក់ទំនង​ការ​ទូត​​របស់​ប្រទេស​លោក​ជាមួយ​នឹង​ប្រទេស ​អ៊ីស្លង់​​ ក្រោយ​ពី​ប្រទេស​នេះ ​បាន​ស្នើសុំ​សេចក្តី​សម្រេច​របស់​អង្គការ​សហប្រជាជាតិ​ ដើម្បី​ស៊ើប​អង្កេត​លើ​សង្គ្រាម​គ្រឿង​ញៀន ​ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាង​ច្រើន​នោះ។ ​​

លោក Duterte ​បាន​បង្ហាញ​កំហឹង​ចំពោះ​ការ​ថ្កោល​ទោស​របស់​លោក​ខាង​លិច​ជុំវិញ​យុទ្ធនាការ​របស់​លោក ​ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​រាប់​ពាន់​នាក់​ស្លាប់ ​ហើយ​ក្រុម​អ្នក​រិះគន់​និយាយ​ថា ​អាច​នាំ​ទៅ​រក​អំពើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ​។​​

សម្តី​កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ​ចេញ​ពី​អ្នក​នាំពាក្យ​ប្រធានាធិបតី ​លោក ​Salvador Panelo​ បាន​កើត​ឡើង​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​ដែល​កាល​ពី​សប្តាហ៍​មុន​បាន​គាំទ្រ​ដំណោះស្រាយ​ដែល​ស្នើ​ឡើង​ដោយ​ប្រទេស ​អ៊ីស្លង់​ ដើម្បី​ស៊ើប​អង្កេត​លើ​ចំនួន​មនុស្ស​ស្លាប់​ទាំង​នោះ។​​

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ លោក​ Panelo ​បាន​ថ្លែង​ថា​លោក​ Duterte ​កំពុង​ពិចារណា​យ៉ាង​ហ្មត់ចត់​​អំពី​ការ​​ផ្តាច់​ទំនាក់ទំនង​ការ​ទូត​ជា​មួយ​ប្រទេស ​អ៊ីស្លង់​៕ AFP/PSA