ក្រុងអ៊ីស្តង់ប៊ុលៈ ​ប្រទេស ​តួកគី ​បាន​ទទួល​​ប្រព័ន្ធ​ការពារ​ដែន​អាកាស​មីស៊ីល​​​ S-400 ​ក្រុម​ទី១ ​​ពី​រុស្ស៊ី​​​កាល​ពី​ថ្ងៃ​សុក្រ​​ ដោយ​បាន​ធ្វើ​ឲ្យ​អង្គការ​ណាតូ​ព្រួយ​បារម្ភ​​​​​​ និង​បង្ក​ឲ្យ​មាន​ភាព​តានតឹង​កាន់​តែ​ខ្លាំង​ឡើង​​ជាមួយ​​អាមេរិក​ ដែល​បាន​ព្រមាន​​ប្រឆាំង​ការ​ទិញ​​ប្រព័ន្ធ​នេះ​ម្តង​ហើយ​ម្តង​ទៀត​។ ​​

ការ​ដឹក​ជញ្ជូន​ប្រព័ន្ធ​ការពារ​មីស៊ីល​នេះ​ទៅ​កាន់​មូលដ្ឋាន​ទ័ព​អាកាស​នៅ​ក្នុង​ក្រុង​អង់ការ៉ា​នៃ​ប្រទេស ​តួកគី ​បាន​កើត​ឡើង​ ក្រោយ​ពី​ក្រុង​វ៉ាស៊ីនតោន ​បាន​ព្រមាន​កាល​ពី​សប្តាហ៍​មុន​ថា ​នឹង​មាន​ផល​វិបាក​ពិត​ប្រាកដ​ និង​អវិជ្ជមាន​ប្រសិន​បើ​តួកគី​ទិញ​ប្រព័ន្ធ​ការពារ​មីស៊ីល​ប្រភេទ​នេះ​។​​

មន្ត្រី​ម្នាក់​បាន​ថ្លែង​ប្រាប់ ​AFP ​ថា​ អង្គការ​ណាតូ​ ដែល​បាន​រាប់​ប្រទេស ​តួកគី ​ជា​សមាជិក​មួយ​នៃ​សមាជិក​របស់​ខ្លួន ​មាន​ការ​ព្រួយ​បារម្ភ​អំពី​ផល​វិបាក​ជា​សក្តានុពល​នានា​ពី​ការ​ទិញ​​ប្រព័ន្ធ​ការពារ​មីស៊ីល​នោះ​។

អាមេរិក​បាន​ព្រមាន​តួកគី​ម្តង​ហើយ​ម្តង​ទៀត​ថា ​ប្រព័ន្ធ​ការពារ​មីស៊ីល​របស់​រុស្ស៊ី ​មិន​អាច​ប្រៀប​ជាមួយ​ប្រព័ន្ធ​អាវុធ​​របស់​អង្គការ​ណាតូ​បាន​ទេ​មិន​មែន​មាន​តែ ​F-35​ ជា​យន្តហោះ​មាន​តួនាទី​ច្រើន​ និង​ជា​យន្តហោះ​ជំនាន់​ថ្មី​ប៉ុណ្ណោះ​ទេ។

អាមេរិក​ព្រួយ​បារម្ភ​ថា ​ប្រសិន​បើ​ក្រុង​អង់ការ៉ា​ដាក់​បញ្ចូល S-400 ជាមួយ​ប្រព័ន្ធ​ការពារ​ដែន​អាកាស​របស់​ខ្លួន​នោះ មាន​ការ​ប្រថុយ​ប្រថាន​ថា ព័ត៌មាន​អំពី​យន្តហោះ ​F-35 ​របស់​ខ្លួន​អាច​លេច​ធ្លាយ​ទៅ​ដល់​រុស្ស៊ី​ និង​បាន​គំរាម​កំហែង​​​​ដក​តួកគី​ចេញ​ពី​កម្មវិធី​បណ្តុះបណ្តាល​យន្តហោះ​ចម្បាំង​របស់​ខ្លួន៕ AFP/PSA ​​