ក្រុង​បាង​កកៈ​ លោក​នាយក​រដ្ឋមន្ត្រី ​ប្រាយុធ​ ចាន-​អូចា ​បាន​ស្នើសុំ​ឲ្យ​ប្រជាជន​ថៃ​មាន​ការ​អត់ធ្មត់​ជាមួយ​រដ្ឋាភិបាល​ថ្មី​របស់​លោក​ ខណៈ​ដែល​រដ្ឋាភិបាល​នេះ មិន​ទាន់​មាន​​​អំណាច​ពិសេស​ទូលំទូលាយ​​ ​ដូច​អ្នក​កាន់​តំណែង​នាយក​រដ្ឋមន្ត្រី​កាល​ពី ​៥ ​ឆ្នាំ ​មុន​នោះ​នៅ​ឡើយ​ទេ​។​

លោក ​ប្រាយុធ ​ចាន-អូចា​ ដែល​កំពុង​ចាប់​ផ្តើម​កាន់​តំណែង​អាណត្តិ​ទី​២ ​របស់​លោក​ជា​នាយក​រដ្ឋមន្ត្រី​នោះ​បាន​ថ្លែង​ថា ​ជា​លទ្ធផល​ រដ្ឋាភិបាល​នេះ​ អាច​នឹង​ពន្លឿន​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​នានា​ និង​ធ្វើ​ការ​ឆ្លើយ​តប​ទៅ​កាន់​សាធារណជន​ ដែល​ត្រូវ​ការ​ជា​ចាំបាច់​។​

លោក ​ប្រាយុធ ​ចាន​-​អូចា ​បាន​ថ្លែង​កាល​​ពី​ថ្ងៃ​ចន្ទ​​​​ ខណៈ​​ដែល​លោក​​បាន​​ថ្លែង​សុន្ទរកថា ​ដែល​បាន​​ផ្សព្វផ្សាយ​​នៅ​​ទូទាំង​ប្រទេស​ថា ​ គឺ​ត្រូវ​បញ្ចប់​អាណត្តិ​របស់​រដ្ឋាភិបាល​ដែល​បាន​បង្កើត​ឡើង​ដោយ​ការ​ធ្វើ​រដ្ឋ​ប្រហារ និង​ក្រុម​ប្រឹក្សា​ជាតិ​ដើម្បី​សន្តិភាព​ និង​សណ្តាប់​ធ្នាប់ ​(NCPO) ​នោះ​។​

លោក​ឧត្តមសេនីយ៍ ​ប្រាយុធ​ បាន​ថ្លែង​ថា​ គោលការណ៍​ប្រជាធិបតេយ្យ​បច្ចុប្បន្ន​ត្រូវ​បាន​បង្កើត​ឡើង​ទាំង​ស្រុង​នៅ​ក្នុង​ប្រទេស​ ក្រោយ​ពី​រដ្ឋសភា​បាន​បោះ​ឆ្នោត ​ហើយ​រដ្ឋាភិបាល​ថ្មី​ ក៏​បាន​បង្កើត​ឡើង​។​

លោក​នាយក​រដ្ឋមន្រ្តី​​ ប្រាយុធ ចាន-អូចា (ឆ្វេង​) ចាក​ចេញ​ពី​វិមាន​​រដ្ឋាភិបាល​កាល​ពី​ថ្ងៃ​ទី ​១៦ ខែ កក្កដា។ AFP

លោក​បាន​បន្ថែម​ថា​ សិទ្ធិ​មនុស្ស​ និង​សេរីភាព​នឹង​ត្រូវ​ការពារ ​ស្ថិត​នៅ​ក្រោម​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​ និង​បញ្ហា​ផ្សេងៗ​នឹង​ត្រូវ​បាន​ដោះ​ស្រាយ ​តាមរយៈ​ដំណើរការ​ប្រជាធិបតេយ្យ​ជា​ជាង​ការ​ប្រើ​អំណាច​ពិសេស​ណា​មួយ​។​

លោក ​ប្រាយុធ ​ចាន​-អូចា​ បាន​ថ្លែង​ថា​៖ «​ទោះ​បី​​មធ្យោបាយ​នេះ​ អាច​នឹង​យឺតយ៉ាវ​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​សេចក្តី​ត្រូវ​ការ​របស់​ក្រុម​មនុស្ស​មួយ​ចំនួន​ក្តី ក៏​យើង​មាន​​គម្រោង​ឲ្យ​រឹត​បន្តឹង​ច្បាប់​កិច្ច​ការ​នយោបាយ​ និង​ថវិកា​ ហើយ​ចាំបាច់​ត្រូវ​ស្តាប់​ទស្សនៈ​ខុសៗ​គ្នា​ ហើយ​រដ្ឋាភិបាល​នេះ ត្រូវ​តែ​អនុវត្ត​តាម​ដំណើរការ​ប្រជាធិបតេយ្យ​​»​។​

លោក​បាន​ថ្លែង​ថា៖ ​«គ្រប់​ភាគី​ទាំង​អស់ ​ត្រូវ​​​រៀន​ពី​ការ​​អត់ធ្មត់ និង​ចៀសវាង​ជម្លោះ​គិត​ឲ្យ​បាន​វែង​​ឆ្ងាយ​ និង​ត្រូវ​មាន​វិន័យ​ និង​គោរព​សំឡេង​ភាគ​ច្រើន»។

លោក​បាន​ថ្លែង​​ទៀត​​​ថា រដ្ឋាភិបាល​​ថ្មី​នេះ នឹង​បន្ត​​កាតព្វកិច្ច​​​​របស់​ខ្លួន​​នៅ​ក្នុង​ខែ​នេះ ​ក្រោយ​ពី​បាន​​ប្រកាស​សេចក្តី​ថ្លែងការណ៍​អំពី​គោល​នយោបាយ​​នៅ​ក្នុង​សភា​​ដែល​តម្រូវ​ដោយ​រដ្ឋធម្មនុញ្ញ​។

លោក​ឧត្តមសេនីយ៍ ប្រាយុធ បាន​ថ្លែង​ថា រដ្ឋាភិបាល​ថ្មី​នេះ​​នឹង​បន្ត​​វិធានការ​ដោះស្រាយ បញ្ហា​នានា​ដូច​​ជា​សេដ្ឋកិច្ច​ ​តម្លៃ​កសិផល និង​បញ្ហា​សង្គម​ជា​​ដើម​៕ BKP/SK