ក្រុងតេអេរ៉ង់ៈ ទីប្រឹក្សាការទូតម្នាក់របស់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានរៀបចំកិច្ចពិភាក្សានៅក្រុងតេអេរ៉ង់ កាលពីថ្ងៃពុធ ដែលមានបំណងជួយសង្គ្រោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរ និងបន្ធូរបន្ថយភាពតានតឹងរវាងអ៊ីរ៉ង់ និងអាមេរិក។
លោក EmmanuelBonne បានជួបជាមួយលោក Rear-Admiral Ali Shamkhani ជារដ្ឋមន្ត្រីក្រុមប្រឹក្សាសន្តិសុខជាតិកំពូលអ៊ីរ៉ង់ ហើយបានជួបជាមួយរដ្ឋមន្ត្រីការបរទេសលោក ម៉ូហាម៉ាដ ចាវ៉ាដ ហ្សារិហ្វ កាលពីថ្ងៃពុធ។
យោងតាមរដ្ឋមន្ត្រីការបរទេសលោក Jean-Yves Le Drian បានឲ្យដឹងថា បេសកកម្មរបស់លោក Bonnes គឺ «ព្យាយាមហើយបើកចំហការចរចា ដើម្បីបញ្ចៀសភាពតានតឹងកាន់តែខ្លាំងឡើង ឬឧបទ្ទវហេតុណាមួយកើតឡើងដែលមិនអាចគ្រប់គ្រងបាន»។
កិច្ចព្រមព្រៀងរវាងអ៊ីរ៉ង់ និងក្រុមប្រទេសមហាអំណាចពិភពលោក ជាផែនការសកម្មភាពរួមយ៉ាងទូលំទូលាយ (JCPOA) ដែលបានសន្យា ដកទណ្ឌកម្ម និងផ្តល់ផលប្រយោជន៍សេដ្ឋកិច្ច និងបញ្ចប់ការផ្តាច់ខ្លួនពីអន្តរជាតិ ជាថ្នូរនឹងការរឹតត្បិតនៅលើកម្មវិធីអាវុធនុយក្លេអ៊ែររបស់សាធារណរដ្ឋអ៊ិស្លាមនេះ។
ប៉ុន្តែក្រុងតេអេរ៉ង់ បានថ្លែងថា ខ្លួនបានបាត់បង់ការអត់ធ្មត់ ដោយសារការមិនអើពើរបស់បណ្តាប្រទេសនៅអឺរ៉ុបអស់រយៈពេលជាង ១ ឆ្នាំ ក្រោយពីលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានដកខ្លួនចេញពីកិច្ចព្រមព្រៀងជាឯកតោភាគីមកនោះ។
ក្រុមប្រទេសនៅអឺរ៉ុប នឹងដោះស្រាយបញ្ហានេះជាមួយប្រមុខការទូតអឺរ៉ុបនៅថ្ងៃអង្គារសប្តាហ៍ក្រោយនេះ ដែលបានធ្វើការអំពាវនាវឲ្យក្រុងតេអេរ៉ង់ បញ្ចៀសការបំពានកិច្ចព្រមព្រៀងនោះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញពីសហភាពអឺរ៉ុប និងក្រុមរដ្ឋមន្ត្រីការបរទេសបារាំង អាល្លឺម៉ង់ និងអង់គ្លេស បានថ្លែងថា៖ «អ៊ីរ៉ង់ត្រូវតែអនុលោមទៅតាមកិច្ចព្រមព្រៀងនោះ ដោយគោរពតាមផែនការរបស់ JCPOA ឲ្យបានពេញលេញដោយគ្មានការពន្យារពេលជាដាច់ខាត»។
យោងតាមទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បានឲ្យដឹងថា អ៊ីរ៉ង់រហូតមកទល់ពេលបច្ចុប្បន្ននេះ បានបំពេញកាតព្វកិច្ចយ៉ាងល្អ ចំពោះការប្តេជ្ញាចិត្តរបស់ខ្លួនស្ថិតនៅក្រោមកិច្ចព្រមព្រៀងនោះ ប៉ុន្តែបច្ចុប្បន្នបានបំពាន ២ ចំណុច ដែលត្រូវធ្វើការជាមួយក្រុមអធិការកិច្ចនោះ។
លោក Bonne បានទៅដល់ក្រុងតេអេរ៉ង់ ក្រោយពីអ៊ីរ៉ង់បានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួនបានចម្រាញ់អ៊ុយរ៉ានីញ៉ូមលើសចំនួន ៤,៥ ភាគរយ លើសពីចំនួនកំណត់ ៣,៦៧ ភាគរយ ស្ថិតនៅក្រោមកិច្ចព្រមព្រៀងនោះ ទោះបីជាចំនួនតិចជាង ៩០ ភាគរយ ចាំបាច់សម្រាប់ប្រើប្រាស់ក្នុងគោលបំណងយោធាក្តី។
ទីភ្នាក់ងារ IAEA បានថ្លែងកាលពីថ្ងៃចន្ទថា ប្រទេស អ៊ីរ៉ង់ បានចម្រាញ់អ៊ុយរ៉ានីញ៉ូមលើសចំនួនកំណត់ ដែលបានធ្វើឡើងកាលពីដើមខែកក្កដានេះ ក្រុងតេអេរ៉ង់ បានបញ្ជាក់ជាថ្មីថា ខ្លួនបានចម្រាញ់អ៊ុយរ៉ានីញ៉ូមលើសចំនួន ៣០០ គីឡូក្រាម លើសពីចំនួនកំណត់ផ្សេងទៀតដែលខ្លួនបានបំពានទៅលើកិច្ចព្រមព្រៀងទាំងនោះ៕ AFP/SK