ក្រុងជីស្រាល់ស៊ូហ្គើៈ ក្រុម​ឃ្លាំមើល​សិទ្ធិមនុស្ស​បាន​និយាយ​ថា ការផ្ទុះ​គ្រាប់បែក​ដាក់​ក្នុង​រថយន្ត​កាលពី​ថ្ងៃ​ពុធ​បាន​បណ្តាល​ឲ្យ​មនុស្ស​ ១៥ ​នាក់​ស្លាប់ នៅក្នុង​នោះ​មាន​ជនស៊ីវិល​ ១២ ​នាក់​ទៀត​បាន​រងរបួស​នៅ​ស៊ីរី​ភាគ​ពាយព្យ​គ្រប់គ្រង​ដោយ​ក្រុម​ជីហាដ ខណៈ​ក្រុម​ជួយ​សង្គ្រោះ​បាន​ស្វែងរក​មនុស្ស​ដែល​បាន​ជាប់​នៅ​ក្រោម​គំនរ​បាក់បែក​។

អ្នកកាសែត AFP ​ម្នាក់​នៅ​កន្លែង​ផ្ទុះ​បាន​ឃើញ​អគារ​មួយ​យ៉ាង​ហោចណាស់​មាន​កម្ពស់​ ៤ ​ជាន់​ដែល​បាន​ដួលរលំ​នៅក្នុង​ក្រុង​ជីស្រាល់ស៊ូហ្គើ​នៅក្នុង​ខេត្ត​អ៊ីដលីប ជា​តំបន់​មួយ​ដែល​គ្រប់គ្រង​ដោយ​អតីត​ក្រុម​អាល់កៃដា​នៅ​ប្រទេស​ស៊ីរី​។

នៅ​ពី​មុខ​អគារ​មួយ​ដែល​បាន​បាក់ស្រុត​បន្តិចបន្តួច​មាន​អគារ​ជាច្រើន​ព័ទ្ធជុំវិញ​នោះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ជិត​បាក់​រលំ​ទៅ​ហើយ​។

សន្តិសុខ​ការពារ​ស៊ីវិល​ម្នាក់​បាន​គាស់​កកាយ​ផ្ទាំង​បេតុង​ដ៏ធំ​មួយ​ដែល​បាន​បាក់រលំ ដើម្បី​ស្វែងរក​ក្រុម​ជនរងគ្រោះ​ទាំង​នោះ ខណៈ​ក្រុម​សន្តិសុខ​ការពារ​ស៊ីវិល ៣ ​នាក់​ទៀត​ក៏​បាន​ជួយ​រុករក​ផង​ដែរ​។

យោង​តាម​ក្រុម​ឃ្លាំមើល​សិទ្ធិមនុស្ស​ស៊ីរី​មាន​មូលដ្ឋាន​នៅ​អង់គ្លេស​បាន​ឲ្យ​ដឹងថា​ជន​ស៊ីវិល​ ១៣ ​នាក់​នៅក្នុង​ចំណោម​អ្នក​ដែល​បាន​ស្លាប់​នៅក្នុង​ការបំផ្ទុះ​នោះ​នៅ​មិន​ទាន់​បាន​ដឹង​ច្បាស់​អំពី​មូលហេតុ​នៃ​ការស្លាប់​ភ្លាមៗ​នោះ​នៅ​ឡើយ​ទេ​។

ប្រមុខ​ក្រុម​ឃ្លាំមើល​សិទ្ធិមនុស្ស​លោក Abdel Rahman បាន​ថ្លែង​ថា​៖ «​ការបំផ្ទុះ​នោះ​បាន​វាយប្រហារ​នៅ​ក្បែរ​ផ្សារ​» ដោយ​បណ្តាល​ឲ្យ​មនុស្ស​ ១៥ ​នាក់​ស្លាប់​នៅ​ក្នុង​នោះ​មាន​កូនស្រី​របស់​យុទ្ធជន Turkestani ម្នាក់​ផង​ដែរ​។

កាលពី​ពេល​ថ្មីៗ​នេះ​លោក Abdel Rahman បាន​ថ្លែង​ថា​ការផ្ទុះ​នោះ​អាច​បណ្តាល​មកពី​ការបំផ្ទុះ​គ្រាប់បែក​ដាក់​ក្នុង​រថយន្ត​៕ SK