ក្រុង​តេអេរ៉ង់៖ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​អ៊ីរ៉ង់​បាន​រាយការណ៍​ថា​ ផ្សែង​ពុល​បាន​បង្ខំ​ឲ្យ​បិទ​សាលា​រៀន​ និង​សាកល​វិទ្យាល័យ ​១ ចំនួន ​នៅ​ក្នុង​ផ្នែក​ខ្លះ​នៃ​ប្រទេស ​អ៊ីរ៉ង់ ​កាល​ពី​ថ្ងៃ​សៅរ៍ នៅ​ក្នុង​នោះ​ក៏​មាន​ក្រុង​តេអេរ៉ង់​ផង​ដែរ​ ដែល​ត្រូវ​បាន​គ្រប​ដណ្តប់​ដោយ​ផ្សែង​ពុល​យ៉ាង​ខ្មៅ​ក្រាស់​ឃ្មឹក​នៅ​ក្នុង​ទីក្រុង​មួយ​នេះ។​

ទាំង​ក្មេង​ ទាំង​ចាស់​ និង​អ្នក​ជំងឺ​ដែល​ត្រូវ​ការ​ខ្យល់​ដក​ដង្ហើម​ត្រូវ​បាន​គេ​ព្រមាន​ឲ្យ​ស្នាក់នៅ​ក្នុង​ផ្ទះ​ និង​ហាត់​ប្រាណ​ ហើយ​ត្រូវ​បាន​រដ្ឋាភិបាល​ប្រកាស​ពន្យារពេល​ឲ្យ​ឈប់​សម្រាក​ពី​ការងារ ​១ ​សប្តាហ៍ ​នៅ​ក្នុង​សាធារណរដ្ឋ​អ៊ិស្លាម​។​

ការ​សម្រេច​ចិត្ត​ឲ្យ​បិទ​សាលា​រៀន​ និង​សាកល​វិទ្យាល័យ​នៅ​ក្នុង​រដ្ឋធានី​តេអេរ៉ង់​នោះ​ ត្រូវ​បាន​ប្រកាស​ធ្វើ​ឡើង​កាល​ពី​រសៀល​ថ្ងៃ​សុក្រ​ ដោយ​អភិបាល​រង​លោក​ ម៉ូហាម៉ាដតា​ហ្គីហ្សាឌីហ៍​ ក្រោយ​ពី​កិច្ច​ប្រជុំ​នៃ​គណៈកម្មាធិការ​បន្ទាន់​មួយ​អំពី​ផ្សែង​ពុល​នោះ​។​

ការ​ថ្លែង​របស់​លោក​ ត្រូវ​បាន​ដក​ស្រង់​សម្តី​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ​ថា​៖ «ដោយសារ​ផ្សែង​ពុល​ បាន​កើន​ឡើង​ខ្លាំង​មាន​សាលា​មត្តេយ្យ​មជ្ឈមណ្ឌល​សម្រាប់​ក្មេង​មុន​ចូល​សាលា​មត្តេយ្យ ​និង​សាលា​រៀន​ សាកល​វិទ្យាល័យ​ និង​ស្ថាប័ន​អប់រំ​ជាន់​ខ្ពស់​របស់​ខេត្ត​នៃ​ក្រុង​តេអេរ៉ង់​ជា​ច្រើន​ផ្សេង​ទៀត​ នឹង​ត្រូវ​បាន​បិទ​ដំណើរការ​ទាំង​ស្រុង​»។​

លោក ​ម៉ូហាម៉ាដ តាហ្គីហ្សាឌីហ៍​ បាន​ថ្លែង​នៅ​ពេល​ក្រោយ​នោះ​ថា​ សាលា​រៀន​ជា​ច្រើន​នៅ​ក្នុង​រដ្ឋធានី​តេអេរ៉ង់​ ត្រូវ​បាន​បិទ​រយៈពេល ​២ ​ថ្ងៃ​កាល​ពី​ថ្ងៃ​អាទិត្យ​៕ AFP/SK