ក្រុង​ទ្រី​ប៉ូលីៈ​ ​តួកគី​បាន​ថ្លែង​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ ពលរដ្ឋ​ ​៦ ​នាក់ ​របស់​ខ្លួន ​ត្រូវ​បាន​ឃុំ​ខ្លួន​ដោយ​កង​កម្លាំង​ដឹកនាំ​ដោយ​លោក​ Khalifa Haftar ​ខណៈ​កង​កម្លាំង​របស់​បុរស​ខ្លាំង​លីប៊ី​បាន​ថ្លែង​ថា ​ពួក​គេ​បាន​បាញ់​ទម្លាក់​យន្តហោះ​ដ្រូន​តួកគី​នៅ​ក្រុង​ទ្រីប៉ូលី​។​

លោក​ Haftar ​បាន​ចេញ​បញ្ជា​ឲ្យ​វាយ​ប្រហារ​ទៅ​លើ​ផល​ប្រយោជន៍​របស់​តួកគី​ ក្រោយ​ពី​លោក​បាន​បាត់បង់​ទីក្រុង​សំខាន់ ​១ ទៅ​ឲ្យ​កង​កម្លាំង​គាំទ្រ​រដ្ឋាភិបាល​​ទទួល​ស្គាល់​ដោយ​អន្តរជាតិ​របស់​លីប៊ី​ និង​មាន​ការ​គាំទ្រ​ដោយ​ក្រុង​អង់ការ៉ា​ផង​នោះ​។​

ក្រសួង​ការ​បរទេស​តួកគី​បាន​ថ្លែង​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ​«ការ​ឃុំ​ខ្លួន​ពលរដ្ឋ​របស់​យើង ​៦ ​នាក់ ​ដោយ​កង​កម្លាំង​សកម្ម​ប្រយុទ្ធ​ខុស​ច្បាប់​ ដែល​មាន​ទំនាក់ទំនង​ជាមួយ​នឹង​លោក​ Haftar ​ជា​ទង្វើ​នៃ​ការ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ និង​ចោរកម្ម​»​។​

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ ក្រសួង​ការ​បរទេស ​បាន​ថ្លែង​ថា​៖ «​យើង​សង្ឃឹម​ថា ​ក្រុម​ពលរដ្ឋ​របស់​យើង ​នឹង​ត្រូវ​បាន​ដោះលែង​ជា​បន្ទាន់​»​។​

រថយន្ត​ដឹក​មីស៊ីល​​​ត្រូវ​បាន​គេ​ឃើញ​នៅ​ជំរំ​ដែល​ត្រូវ​បាន​ប្រើប្រាស់​ដោយ​កម្លាំង​របស់​បុរស​ខ្លាំង​ Haftar។​​ AFP

«​ប្រសិន​បើ​បញ្ហា​នេះ ​មិន​បាន​កើត​ឡើង​នោះ​ កង​កម្លាំង​របស់​លោក​ Haftar​ នឹង​ក្លាយ​ទៅ​ជា​គោលដៅ​វាយ​ប្រហារ​ស្រប​ច្បាប់​»។​

ក្រសួង​ការ​បរទេស ​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​ទៅ​លើ​កន្លែង​ដែល​ពលរដ្ឋ​តួកគី​ត្រូវ​បាន​ឃុំ​ខ្លួន​ ឬ​ថា​ តើ​ពួក​គេ​ត្រូវ​បាន​គេឃុំ​ខ្លួន​នៅ​ពេល​ណា​នោះ​ទេ​ ហើយ​ប្រភព​ក្រសួង​ការ​បរទេស​បាន​ថ្លែង​ប្រាប់​ AFP ​ថា ​«​មិនមាន​ព័ត៌មាន​បន្ថែម​ត្រូវ​ផ្តល់​ជូន​នៅ​ពេល​នេះ​នៅ​ឡើយ​ទេ​»​។​

កង​កម្លាំង​លោក Haftar ដែល​បាន​គ្រប់គ្រង​ទឹកដី​យ៉ាង​ច្រើន​នៅ​លីប៊ី​ភាគ​ខាង​កើត​ និង​ខាង​ត្បូង​ បាន​បើក​ការ​វាយ​ប្រហារ​ទ្រង់ទ្រាយ​ធំ​ កាល​ពី​ដើម​ខែ​មេសា ​ដើម្បី​ដណ្តើម​កាន់​កាប់​យក​ទីក្រុង​ពី​រដ្ឋាភិបាល​បង្រួបបង្រួម​ជាតិ​ទទួល​​ស្គាល់​ដោយ​អន្តរជាតិ​។​

ភាគី​ទាំង ​២ ​បាន​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក ​ពី​បទ​ទទួល​យក​ការ​គាំទ្រ​ពី​ក្រុម​មហា​អំណាច​ក្រៅ​ប្រទេស​។​

យន្តហោះ​ដ្រូន​ផលិត​នៅ​តួកគី ​ហោះ​នៅ​ពី​លើ​តំបន់​អាហ្វ្រីន​នៃ​ប្រទេស ​ស៊ីរី ជាប់​ជាមួយ​នឹង​ព្រំដែន​លីប៊ី​​​​។ AFP

អ្នក​នាំ​ពាក្យ​របស់​លោក​ បាន​ថ្លែង​កាល​ពី​ថ្ងៃ​សុក្រ​ថា ​បន្ទាប់​ពី​លោក​ Haftar ​បាន​បាត់បង់​ទីក្រុង​យុទ្ធសាស្ត្រ​ Gharyan ​ទៅ​ឲ្យ​កង​កម្លាំង​គាំទ្រ​រដ្ឋាភិបាល​បង្រួប​បង្រួម​ជាតិ​នៅ​ក្នុង​ប្រតិបត្តិការ​មួយ​ ដែល​លោក​បាន​ចោទ​ប្រកាន់​ក្រុង​អង់ការ៉ា​ ពី​បទ​គាំទ្រ​រដ្ឋាភិបាល​បង្រួប​បង្រួម​ជាតិ​នោះ​ លោក​បាន​ចេញ​បញ្ជា​ឲ្យ​កង​កម្លាំង​របស់​លោក​យក​ក្រុមហ៊ុន​តួកគី​ជា គោលដៅ​ ​​ដោយ​បើក​ការ​វាយ​ប្រហារ​ និង​ចាប់​ខ្លួន​ពលរដ្ឋ​តួកគី​នៅ​លីប៊ី​។​

កាល​ពី​ថ្ងៃ​អាទិត្យ​ កង​កម្លាំង​លោក​បាន​ថ្លែង​ថា​ ពួក​គេ​បាន​កម្ទេច​យន្តហោះ​របស់​ប្រទេស តួកគី ​១ ​គ្រឿង​ នៅ​ក្នុង​ការ​វាយ​ប្រហារ​ទៅ​លើ​ព្រលាន​យន្តហោះ ​១ កន្លែង ​នៅ​ក្នុង​ទីក្រុង​ទ្រីប៉ូលី​។​

កង​កម្លាំង​ជាតិ​លីប៊ី​គ្រប់គ្រង​ដោយ​លោក​ Haftar​ បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ថា​៖ «​​យន្តហោះ​​ចម្បាំង​​របស់​យើង​បាន​កំណត់​គោលដៅ​ និង​បាន​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង ​Bayraktar ​របស់​តួកគី ​១ គ្រឿង​ ខណៈ​ដែល​យន្តហោះ​ទាំង​​នោះ ​កំពុង​តែ​ហោះ​ចេញ​ពី​ព្រលាន​យន្តហោះ Mitiga​៕ AFP/SK