ក្រុង​ហាណូយៈ ​មេធាវី​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​ឲ្យ​ដឹង​ថា ​ពលរដ្ឋ​អាមេរិក​ម្នាក់​កាល​ពី​ថ្ងៃ​ចន្ទ ​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​វៀតណាម​រយៈពេល ​១២ ​ឆ្នាំ ​ពី​បទ​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋ​ ខណៈ​ប្រទេស​ឯកបក្ស​មួយ​នេះ​ ព្យាយាម​បំបិទ​សំឡេង​ប្រឆាំង​នោះ​។

ពលរដ្ឋ​អាមេរិក​ដើម​កំណើត​វៀតណាម​ឈ្មោះ​ Michael Nguyen ​ត្រូវ​បាន​គេ​ចាប់​ឃុំ​ខ្លួន​ កាល​ពី​ខែ​កក្កដា ​ឆ្នាំ​ទៅ​ ខណៈ​ធ្វើ​ដំណើរ​ចូល​ទៅ​ក្នុង​ប្រទេស​នេះ​ ជាមួយ​សកម្មជន ​២ ​នាក់​ ដែល​ត្រូវ​បាន​គេ​ចាប់​ខ្លួន​ដែរ​នោះ​។ ​

យោង​តាម​វេបសាយ VnExpress​គ្រប់គ្រង​ដោយ​រដ្ឋ​បាន​ឲ្យ​ដឹង​ថា ​ពួក​គេ​ទាំង ​៣ ​នាក់​ ត្រូវ​រង​ការ​ចោទ​ពី​បទ​បង្កើត​ក្រុម​មួយ​ ដើម្បី​រៀបចំ​ការ​តវ៉ា ​និង​កាន់​កាប់​ស្នាក់ការ​ផ្លូវ​ការ​នៅ​ក្នុង​ក្រុង​ហាណូយ​ និង​ក្រុង​ហូជីមិញ។ ​

មេធាវី​ម្នាក់​​នៅ​ក្នុង​ក្រុម​បាន​និយាយ​ថា ​ លោក​ ត្រូវ​បាន​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ ​១២ ​ឆ្នាំ ​នៅ​ក្នុង​ការ​កាត់​ទោស​កន្លះ​ថ្ងៃ​នៅ​ក្នុង​តុលាការ​ក្រុង​ហូជីមិញ​ និង​ត្រូវ​បញ្ជា​ឲ្យ​ចាកចេញ​ពី​ប្រទេស​នេះ​ ក្រោយ​ពី​អនុវត្ត​ទោស​របស់​គេ​ចប់។

សកម្មជន​ ២ ​នាក់​ទៀត ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ជា​មួយ​រូប​គេ​គឺ​មាន​ឈ្មោះ ​Tran Long ​Phi ​និង​ឈ្មោះ​ Duc Thanh Binh ​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​គុក ​៨ ​ឆ្នាំ ​និង ​១០ ​ឆ្នាំ ​ក្រោម​បទ​ចោទ​ប្រកាន់​ដូច​គ្នា​នោះ​។

លោក​មេធាវី Nguyen Van Mieng បាន​ថ្លែងថា ទោស​សម្រាប់​ជន​ជាប់​ចោទ​ ធ្ងន់ធ្ងរ​ពេក​ណាស់។

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ ​បាន​ឲ្យ​ដឹង​ថា​ប៉ូលិស​ កំពុង​តាម​ចាប់​ខ្លួន​បុរស​វៀតណាម​ម្នាក់​ទៀត​៕ AFP/PSA