ក្រុង​ប៊ីឡូ ​ហូរីហ្សូនទី៖ ​អាជ្ញាធរ​បាន​ថ្លែង​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ ចំនួន​អ្នក​ស្លាប់​ដោយសារ​ព្យុះ​ និង​ទឹក​ជំនន់​យ៉ាង​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ​ នៅ​ក្នុង​ប្រទេស ​ប្រេស៊ីល​ភាគ​អាគ្នេយ៍​ បាន​កើន​ឡើង​ដល់ ​៤៤ នាក់​ហើយ​។​

ក្រុម​មន្ត្រី​ការពារ​ជន​ស៊ីវិល​ក្នុង​តំបន់​បាន​ថ្លែង​ថា​ បន្ថែម​ពី​លើ​អ្នក​ស្លាប់​នោះ​ ចំនួន​អ្នក​រង​របួស​មាន ​១២ ​នាក់​ ហើយ​ដែល​ចំនួន​អ្នក​កំពុង​បាត់​ខ្លួន​ ​ថយ​ចុះ​​ពី ​២៥ ​នាក់​មក ​១៩ នាក់​។​

អ្នក​ស្លាប់​​នៅ​មិន​ទាន់​បាន​កំណត់​អត្តសញ្ញាណ​នៅ​ឡើយ​ ហើយ​សាកសព​ជា​ច្រើន​ត្រូវ​បាន​កប់​ដោយ​ការ​បាក់​ដី ​ឬ​នៅ​ក្នុង​គំនរ​បាក់​បែក​នៃ​ផ្ទះ​បាក់​រលំ​ ដែល​ក្រុម​អ្នក​ក្រ​ប្រេស៊ីល​ជា​ច្រើន ​បាន​សាងសង់​ខ្វះ​គុណភាព​នៅ​ទីនោះ​។​

ក្រុម​មន្ត្រី​បាន​ថ្លែង​ថា​ មនុស្ស​ប្រហែល ​១៧ ០០០ ​នាក់​ ត្រូវ​បាន​បង្ខំ​ចិត្ត​ចាកចេញ​ពី​ផ្ទះ​របស់​ពួក​គេ ​នៅ​ក្នុង​សង្កាត់ ​៥៨​ និង​ទីក្រុង​មួយ​ចំនួន​នៅ​ទូទាំង​រដ្ឋ​មីណាស់ ​ហ្គារ៉ៃស៍​ នៅ​ក្នុង​នោះ​មាន​នៅ​ក្នុង​រដ្ឋ​ធានី​ប៊ីឡូ ហូរីហ្សូនទី​ និង​នៅ​ជិត​តំបន់​មួយ​ចំនួន​ទៀត​ មនុស្ស​ជាង ​១០ ០០០ នាក់​ បាន​រត់​ភៀស​ខ្លួន​ទៅ​កាន់​រដ្ឋ​ក្បែរ​ខាង ​២ ​ផ្សេង​ទៀត​។​

រូបភាព​បាន​​ថត​​ពី​ដី ​និង​អាកាស​ ​ខ្លះ​បាន​បង្ហោះ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​បាន​បង្ហាញ​អំពី​គ្រោះ​មហន្តរាយ​បាន​បោស​សម្អាត​ផ្ទៃ​ដី​យ៉ាង​ធំ​ល្វឹងល្វើយ​ ដោយ​បាន​ធ្វើ​ឲ្យ​ខូចខាត​ផ្ទះ​អស់​ជា​ច្រើន​ខ្នង​ ដើម​ឈើ ​និង​បង្គោល​ភ្លើង​ជា​ច្រើន​បាន​បាក់​រលំ​រាប​ដល់​ដី​ ទឹក​ទន្លេ​ហូរ​​យ៉ាង​ខ្លាំង​ ស្ពាន​ជា​ច្រើន​កន្លែង​ បាន​បាក់​ចូល​ក្នុង​ទឹក​ទន្លេ​ ហើយ​បាន​ជន់​លិច​នៅ​តាម​តំបន់​ក្បែរ​ខាង​មួយ​ចំនួន​។​

ភ្លៀង​បាន​ធ្លាក់​យ៉ាង​ខ្លាំង​ ដែល​ជា​ស្ថានការណ៍​ដ៏​អាក្រក់​បំផុត​​ចាប់​តាំង​ពី​បាន​ចុះ​ក្នុង​កំណត់ត្រា​ដំបូង​ក្នុង​រយៈពេល ​១១០ ​ឆ្នាំ​៕ AFP/SK