ក្រុងតូក្យូៈ ព្យុះ​ទី​ហ្វុ​ង​មាន​កម្លាំង​ខ្លាំង ដែល​វាយប្រហារ​ជប៉ុន​ក្នុង​រយៈពេល ២៥ ឆ្នាំ បាន​បង្ក​ឲ្យ​បាក់​ដី​កាល​ពី​ថ្ងៃ​អង្គារ​ដោយ​មនុស្ស​ជាង ១ លាន​នាក់​ត្រូវ​ជំរុញ​ឲ្យ​ជម្លៀស ខណៈ​ព្យុះ​នេះ​បោក​បក់​នៅ​ភាគ​ខាង​លិច​របស់​ប្រទេស​នេះ ដោយ​មាន​កម្លាំង​ខ្យល់​ខ្លាំង និង​ភ្លៀង​ធ្លាក់​ច្រើន។

ព្យុះ​ទី​ហ្វុ​ង​ជេ​ប៊ី (Jebi) ដែល​ល្បឿន​ខ្យល់​បក់ ២១៦ គីឡូម៉ែត្រ​ក្នុង ១ ម៉ោង បាន​បក់​អូស​នាវា​មួយ​គ្រឿង​ដែល​ចត​នៅ​ក្នុង​ឈូង​សមុទ្រ​អូសាកា (Osaka) ចូល​ទៅក្នុង​ស្ពាន ១ និង​ព្រលាន​យន្តហោះ​អន្តរជាតិ Kansai នៅ​លើ​កោះ​នៅ​ក្នុង​ឆ្នេរ​នោះ​ត្រូវ​លិច​ទឹក។

ប៉ុន្តែ​ប៉ុន្មាន​ម៉ោង​ក្រោយមក ព្យុះ​បង្ក​ឲ្យ​បាក់​ដី​នោះ មិនមាន​របាយការណ៍​អំពី​ការខូចខាត​ធ្ងន់ធ្ងរ នៅ​កន្លែង​ណាមួយ​នោះ​ទេ និង​ក៏​គ្មាន​អ្នក​របួស​ដែរ។

រូបភាព​ជាច្រើន​នៅលើ​ទូរទស្សន៍​រដ្ឋ NHK បានបង្ហាញ​ឲ្យ​ឃើញថា កំពូល​នៃ​នាវា​នោះ​បាន​បុក​ចូល​ទៅ​ក្នុង​ផ្នែក​នៃ​ស្ពាន​ដែល​ភ្ជាប់​ក្រុង Izumisano ជាមួយ​ព្រលាន​យន្តហោះ​នោះ តែ​មិន​មាន​របាយ​ការណ៍​អំពី​អ្នក​រង​របួស​ទេ។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ជាច្រើន បាន​និយាយថា ផ្លូវយន្តហោះ​រត់ និង​ជាន់​ក្រោម​ដី​នៃ​ព្រលាន​យន្តហោះ​នោះ ត្រូវ​លិច​ទឹក​ភ្លៀង​ដោយ​សារ​ព្យុះ​នោះ។ ជើង​ហោះ​ហើរ​ទាំង​អស់​ត្រូវ​លុប​ចោល។

ព្យុះ​ទី​ហ្វុ​ង​ជី​ប៊ី​នេះ​កំពុងធ្វើដំណើរ​យ៉ាង​លឿន​នៅតាម​ផ្លូវ​ភាគ​ឦសាន និង​ត្រូវបាន​រំពឹង​ទុក​ថា នឹង​ចុះ​ខ្សោយ ខណៈ​វា​ឆ្លង​កាត់​ប្រទេស​ជប៉ុន។ បញ្ហា​អាកាស​ធាតុ​ធ្ងន់ធ្ងរ​នេះ បង្ក​ឲ្យ​មនុស្ស​រាប់​ម៉ឺន​នាក់ គ្មាន​អគ្គិសនី​ប្រើប្រាស់ និង​ជើង​ហោះ​ហើរ​ត្រូវ​លុប​ចោល៕