ក្រុងតូក្យូ៖ខ្យល់ព្យុះទីហ្វុងបានបក់បោកយ៉ាងខ្លាំងនៅក្បែរក្រុងតូក្យូកាលពីព្រឹកថ្ងៃចន្ទ ដោយបានបង្កឲ្យមនុស្សជាង ៣០ នាក់រងរបួស ហើយបានជំរុញឲ្យក្រុមអ្នកប្រតិបត្តិការផ្អាកសេវារថភ្លើងធំៗនៅក្នុងតំបន់ទីក្រុង ដោយមនុស្សបម្រើការងារតាមស្ថាប័នផ្សេងៗរាប់សែននាក់ បានរងផលប៉ះពាល់នៅដើមសប្តាហ៍នេះ។
ក្រុមហ៊ុនផ្តល់សេវារថភ្លើងជប៉ុនភាគខាងកើត បានផ្អាកខ្សែរថភ្លើងទាំងអស់នៅក្នុងតំបន់ក្រុងតូក្យូកាន់តែច្រើនឡើង ខណៈខ្យល់ទីហ្វុង Faxai បានបង្កឲ្យបាក់ដីនៅជិតទីក្រុង Chiba ភ្លាមៗនៅមុនម៉ោង ៥ ព្រឹក។ ក្រុមហ៊ុនរថភ្លើងនោះ ត្រូវបានគេស្គាល់គ្រប់គ្នាថាជាក្រុមហ៊ុន JR East ត្រូវបានគេរំពឹងថា នឹងបន្តផ្តល់សេវាធ្វើដំណើរនៅប្រហែលម៉ោង ១០ ព្រឹក ក្រោយពីត្រួតពិនិត្យយ៉ាងល្អិតល្អន់ បន្ទាប់ពីខ្យល់ព្យុះនោះបានស្ងប់ស្ងាត់ទៅវិញ។
នៅមុនពេលខ្យល់ព្យុះទីហ្វុងនោះធ្វើដំណើរមកដល់នោះ អ្នកប្រតិបត្តិការរថភ្លើង បានប្រកាសកាលពីរសៀលថ្ងៃអាទិត្យថា ការផ្តល់សេវាធ្វើដំណើរសម្រាប់នៅថ្ងៃបន្ទាប់ អាចនឹងត្រូវលុបចោលវិញ ដោយសាររងផលប៉ះពាល់យ៉ាងខ្លាំងនៃខ្យល់ព្យុះនោះ ហើយពេលវេលាតម្រូវឲ្យត្រួតពិនិត្យសុវត្ថិភាព នៅមុនចាប់ផ្តើមធ្វើប្រតិបត្តិការឡើងវិញ។
វាជាលើកទី ២ ហើយ ដែលខ្លួនបានប្រកាសភាពមិនច្បាស់លាស់អំពីការ ផ្តល់សេវាធ្វើដំណើរ ដែលបានពន្យារនៅមុនខ្យល់ទីហ្វុងបានវាយប្រហារ ក្រោយពីធ្វើការប្រកាសលើកដំបូង កាលពីថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០១៨ មកនោះ។
ក្រុមអាជ្ញាធរក្នុងតំបន់ បាននិយាយថា មនុស្សជាង ១០ នាក់ បានរងរបួសនៅក្នុងក្រុង Tateyama និង ១០ នាក់នៅក្នុងខេត្តជីបា ខណៈ ៥ នាក់ នៅ ខេត្ត Kanagawa និង ៥ នាក់ទៀត នៅខេត្ត Shizuoka៕ Kyodo/SK