ក្រុឃុល​ណាៈ ​ព្យុះ​ស៊ីក្លូនហ្វានី ​បាន​ថយ​ចុះ​សម្ពាធ​ ខណៈ​ព្យុះ​នេះ ​បាន​បោកបក់​ចូល​ប្រទេស ​បង់ក្លាដែស ​កាល​ពី​ថ្ងៃ​សៅរ៍ ក្រោយ​ពី​បាន​ធ្វើ​ឲ្យ​មនុស្ស​បាត់បង់​ជីវិត​ និង​ខូចខាត​ទ្រព្យ​សម្បត្តិ​យ៉ាង​ច្រើន​នៅ​ក្នុង​​ប្រទេស ​​ឥណ្ឌា។​ ​​

របាយការណ៍​សារព័ត៌មាន​ បាន​ឲ្យ​ដឹង​ថា​ មនុស្ស ​១២ ​នាក់ ​បាន​ស្លាប់​ នៅ​ក្នុង​ប្រទេស ​ឥណ្ឌា ​ហើយ​ប៉ូលិស​នៅ​បង់ក្លាដែស​ បាន​ដាក់​ចំនួន​អ្នក​ស្លាប់​ដូច​គ្នា​ជា​ចំណែក​នៃ​ចំនួន​ស្លាប់​ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​នៅ​ក្នុង​ព្យុះ​ស៊ីក្លូន ​​កាល​ពី​អតីត​កាល​ ដោយ​បាន​ធ្វើ​​ក្រុម​អាជ្ញាធរ​ទទួល​បាន​ការ​សរសើរ​ពី​អង្គការ​សហ​ប្រជាជាតិ​។

ក្រុម​មន្ត្រី ​បាន​និយាយ​ប្រាប់​ AFP ​ថា​ ​ដោយ​មនុស្ស ​១,​២ ​លាន​នាក់​ ត្រូវ​បាន​ជម្លៀស​នៅ​ក្នុង​រដ្ឋ​អូឌីហ្សា​នៃ​ប្រទេស ​ឥណ្ឌា និង​​មនុស្ស​ជាង ​១,​៦ ​លាន​នាក់​ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ជម្រក​នានា​ ហើយ​យ៉ាង​តិច ​៣៦​ ភូមិ​ ត្រូវ​លិច​ទឹក​ជំនន់​​ ដោយ​មាន​ព្យុះ​ភ្លៀង​ខ្លាំង​ និង​ផ្ទះ​សំបែង​ជាង ​២ ​ពាន់​ខ្នង​ ត្រូវ​បាន​បំផ្លាញ​។ ​

លោក​ Benazir Ahmed មន្ត្រី​គ្រប់គ្រង​គ្រោះ​ហន្តរាយ​បង់ក្លាដែស ​បាន​ថ្លែង​ប្រាប់ ​AFP ថា​៖ ​«មនុស្ស ​៦​ នាក់​ បាន​ស្លាប់​ ក្រោយ​ពី​ពួក​គេ​ត្រូវ​ដើម​ឈើ​រលំ​សង្កត់ ​ឬ ​ជញ្ជាំង​ថ្ម​ស្រុត​បាក់ ​និង ​៦ ​នាក់​ស្លាប់​ដោយសារ​រន្ទះ​បាញ់​»។

នៅ​ក្នុង​ទី​ប្រជុំ​ជន​ឆ្នេរ​សមុទ្រ​ Banishanta ​ជា​ទី​ដែល​ទំនប់​មាត់​ច្រាំង​បាន​បាក់ និង​ប្រជាជន​ប្រហែល​ ២៥០ គ្រួសារ​ ត្រូវ​បាន​ជម្លៀស​ទាំង​យប់ ​ផ្ទះ​ជា​ច្រើន​ខ្នង​លិច​ទឹក ​ខណៈ​ផ្ទះ​ស្បូវ​មួយ​ចំនួន​ ត្រូវ​ទឹក​ហូរ​ផាត់​ទៅ​បាត់​អស់៕ AFP/PSA