ក្រុងទ្រីប៉ូលីៈ ជើងហោះហើរខ្លះបានបនុ្តហោះចេញពីព្រលានយន្តហោះទីតាំងតែមួយរបស់រដ្ឋធានីលីប៊ី ខណៈការប្រយុទ្ធគ្នាបានស្ងប់ស្ងាត់ឡើងវិញកាលពីថ្ងៃចន្ទនៅខាងក្រៅក្រុងទ្រីប៉ូលី ក្រោយពីបទឈប់បាញ់បណ្តោះអាសន្នមួយ ត្រូវបានរំលោភបំពានកាលពីប៉ុន្មានថ្ងៃមុន។
ថ្នាក់ដឹកនាំដែនអាកាសបានថ្លែងកាលពីរសៀលថ្ងៃអាទិត្យនៅក្នុងគេហទំព័រហ្វេសប៊ុកថា៖ «ការបើកដែនអាកាសឲ្យប្រើប្រាស់នៅព្រលានយន្តហោះអន្តរជាតិ Mitiga ឡើងវិញ ក្រោយពីមានការថែទាំ និងធ្វើការបោសសម្អាតឲ្យរួចរាល់រហូតដល់ជើងហោះហើរទាំងអស់ អាចបន្តការហោះហើររបស់ពួកគេឡើងវិញ»។
កងកម្លាំងរដ្ឋាភិបាលទទួលស្គាល់ដោយអង្គការសហប្រជាជាតិ និងកងកម្លាំងស្មោះត្រង់របស់បុរសខ្លាំងលោក Khalifa Haftar បានឯកភាពគ្នាឲ្យមានបទឈប់បាញ់មួយ សម្រាប់ថ្ងៃបុណ្យមូស្លីម Eid al-Adha រយៈពេល ៣ ថ្ងៃ ដែលបានចាប់ផ្តើមកាលពីថ្ងៃអាទិតុ្យ។
លោក Haftar បានបើកការវាយប្រហារទ្រង់ទ្រាយធំ ដើម្បីដណ្តើមយករដ្ឋធានីលីប៊ី កាលពីដើមខែមេសា ប៉ុន្តែការប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញ បានធ្វើឲ្យជាប់គាំងអស់រយៈពេលជាច្រើនខែ នៅខាងក្រៅក្រុងទ្រីប៉ូលីភាគខាងត្បូង។
ជើងហោះហើរចេញពីព្រលានយន្តហោះ Mitiga ត្រូវបានពន្យារអស់រយៈពេលជាច្រើនម៉ោងកាលពីថ្ងៃអាទិត្យ ក្រោយពីគ្រាប់រ៉ុក្កែត បានវាយប្រហារទៅលើព្រលាននោះ មានចម្ងាយត្រឹមតែ ២-៣ ម៉ែត្រ ចេញពីផ្លូវយន្តហោះដែលត្រូវចុះចត។
ទីតាំងភាគខាងកើតនៃទីក្រុងទ្រីប៉ូលី ជាព្រលានយន្តហោះ Mitiga គឺជាអតីតមូលដ្ឋានទ័ពអាកាសមួយកន្លែង ដែលត្រូវបានប្រើប្រាស់ដោយអាកាសចរណ៍ស៊ីវិល ចាប់តាំងពីព្រលានយន្តហោះអន្តរជាតិទ្រីប៉ូលីនោះ ត្រូវរងការខូចខាតយ៉ាងធ្ងន់ធ្ងរ នៅអំឡុងពេលប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាកាលពីឆ្នាំ ២០១៤។
ព្រលានយន្តហោះ Mitiga គឺនៅក្នុងតំបន់មួយ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងកម្លាំងស្មោះត្រង់ ជាមួយរដ្ឋាភិបាលបង្រួបបង្រួមជាតិ (GNA) មានមូលដ្ឋាននៅក្រុងទ្រីប៉ូលី ហើយជាញឹកញាប់បានរងការវាយប្រហារឥតឈប់ឈរ។
កងកម្លាំងលោក Haftar និង GNA បានឯកភាពឲ្យមានបទឈប់បាញ់មនុស្សធម៌មួយ៕ AFP/SK