ក្រុង​បាងកកៈ ​ព្រះ​មហាក្សត្រ​ថៃ​កាល​ពី​ថ្ងៃ​អង្គារ​ បាន​មាន​ព្រះ​រាជ​បន្ទូល​គាំទ្រ​​គណៈ​រដ្ឋមន្ត្រី​ថ្មី​ និង​ណែនាំ​​​ពួក​គេថា​ ត្រូវ​ប្តេជ្ញា​ចិត្ត​ដើម្បី​បម្រើ​ប្រទេស​ និង​ប្រជាជន​។​

ព្រះ​អង្គ​បាន​ថ្លែង​សុន្ទរក​ថា​​ទៅ​កាន់​ក្រុម​រដ្ឋ​មន្ត្រី​ថ្មី ​ដែល​ដឹក​នាំ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ​ប្រាយុធ ចាន-អូចា​ ក្រោយ​ពី​ពួក​គេ​បាន​សច្ចា​ប្រណិធាន​ចូល​កាន់​តំណែង​ នៅ​អំឡុង​ពេល​ពិធី​សម្បថ​នៅ​ឯ​ភូមិ​គ្រឹះ​អាំបារ៉ា​ វី​ឡា​នៅ​ក្នុង​ព្រះ​បរម​រាជ​វាំង​ឌូស៊ីត​ ផា ឡេស​ នៅ​ម៉ោង ​៦ ​ល្ងាច​ កាល​ពី​ថ្ងៃ​អង្គារ​។​

ព្រះ​អង្គ​ត្រូវ​បាន​អម​ដំណើរ​ដោយ​អគ្គ​មហេសី​របស់​ព្រះអង្គ​ផ្ទាល់​។​

ព្រះ​អង្គ​បាន​មាន​ព្រះរាជ​បន្ទូល​ថា៖ «យើង​សូម​ជូន​ពរ​ និង​គាំទ្រ​អស់​ពី​ចិត្ត​ចំពោះ​អ្នក​ទាំង​អស់​គ្នា​។ ​សូម​អ្នក​ទាំង​អស់​គ្នា​ត្រូវ​ជឿជាក់​ និង​ធ្វើ​ការ​ប្តេជ្ញា​ចិត្ត​ដើម្បី​អនុវត្ត​តួនាទី​របស់​អ្នក​ និង​គោរព​តាម​ពាក្យ​សម្បថ​ទាំង​អស់ ដែល​អ្នក​ទាំង​អស់​គ្នា​បាន​ធ្វើ​ ដើម្បី​ផ្តល់​សុភមង្គល ​និង​សន្តិសុខ​ជូន​ប្រទេស​ និង​ប្រជាជន​​»​។​

ព្រះ​អង្គ​បាន​មាន​ព្រះ​រាជ​បន្ទូល​ថា​៖ «​ការងារ​នីមួយ​ៗ​មាន​ឧបសគ្គ​ និង​ផល​វិបាក​ជា​ច្រើន​របស់​ខ្លួន​។ ​ដូច្នេះ​ការ​ដោះ​ស្រាយ​បញ្ហា ​គឺ​ជា​រឿង​ធម្មតា​ ដូច្នេះ​រដ្ឋាភិបាល​របស់​ប្រទេស​មួយ​នេះ​អាច​ដំណើរការ​ទៅ​ដោយ​រលូន»​។

រដ្ឋាភិបាល​ចាំបាច់​ត្រូវ​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ និង​ត្រូវ​រឹងមាំ​ និង​មាន​ភាព​អត់​ធ្មត់​ឲ្យ​បាន​ច្រើន​។ យើង​​សូម​ជូន​ពរ​ឲ្យ​ក្រុម​គណៈរដ្ឋមន្ត្រី​ទាំង​អស់ ​អនុវត្ត​តួនាទី​របស់​អ្នក​ឲ្យ​បាន​ត្រឹមត្រូវ​ និង​ប្រកប​ដោយ​គុណធម៌​»​។​

នៅ​ក្នុង​ពិធី​សម្បថ​របស់​ក្រុម​គណៈរដ្ឋមន្ត្រី ​ដែល​មាន​វត្តមាន​នៅ​ពី​មុខ​ព្រះ​ភក្ត្រ​របស់​ព្រះអង្គ​ ត្រូវ​រៀបចំ​ធ្វើ​ឡើង​ទៅ​តាម​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​។​ នៅ​ពេល​ចុង​បញ្ចប់​ រដ្ឋាភិបាល​ត្រូវ​ធ្វើ​សេចក្តី​ថ្លែងការណ៍​បង្ហាញ​អំពី​គោល​នយោបាយ​ទៅ​កាន់​​រដ្ឋសភា​នៅ​ក្នុង​រយៈពេល ​១៥ ​ថ្ងៃ៕ BKP/SK