ក្រុង​សាល​ប៊ឺ​កៈ ក្រុម​មេ​ដឹកនាំ​សហភាព​អឺរ៉ុប (EU) កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ បាន​ត្រៀម​ចរចា​អំពី​ការ​ចាក​ចេញ​របស់​អង់គ្លេស ក្រោយ​ពី​ប៉ះទង្គិច​ជាមួយ​អង់គ្លេស​ជុំវិញ​របៀប​ធ្វើ​ឲ្យ​មាន​ការ​ឯកភាព​គ្នា​ដើម្បី​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​ចាក​ចេញ​មួយ។

ក្រុម​មេដឹកនាំ​នៃ​ប្រទេស​សហភាព​អឺរ៉ុប​ចំនួន ២៧ នឹង​ជួបគ្នា​ដោយ​គ្មាន​វត្តមាន​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​លោកស្រី​ថេរ៉េសា ម៉េ នៅ​ក្នុង​ក្រុង​សាលប៊ឺក​នៅ​ក្នុង​អំឡុង​ជំនួប ៣ ដំបូង​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ជាប់​គ្នា​ដែល​ក្រុង​ប្រ៊ុចសែល សង្ឃឹម​ថា នឹង​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​មួយ។

ប៉ុន្តែ​ខណៈ​ពួកគេ​បានមក​ដល់ ដើម្បី​ចូលរួម​ញ៉ាំ​អាហារ​ពេល​ល្ងាច នៅមុន​ជំនួប​នៅ​ល្ងាច​ថ្ងៃ​ពុធ ភាគី​ទាំង ២ បាន​អំពាវនាវ​ឲ្យ​អ្នក​ដទៃ​ផ្តល់​សម្បទាន​ថែម​ទៀត។

ប្រធាន​ក្រុមប្រឹក្សា EU លោក Donald Tusk បាន​ថ្លែងថា ថ្វីបើ​មានការ​រីកចម្រើន​នៅ​ក្នុង​វិស័យ​ខ្លះ​ចំពោះ​បញ្ហា​សំខាន់​បំផុត ២ គឺ​ព្រំដែន​អៀរឡង់ និង​ចំណង​ទំនាក់​ទំនង​ពាណិជ្ជ​កម្ម ក្រោយ​អង់គេ្លស​ចាក​ចេញ​ពី EU សំណើ​របស់​អង់គ្លេស​នឹង​ចាំបាច់​ត្រូវ​ធ្វើ​ជាថ្មី។

លោកស្រី​ម៉េ ដែល​កំពុង​រង​សម្ពាធ​យ៉ាងខ្លាំង​ពី​ក្រុម​អ្នកគាំទ្រ​ឲ្យ​ចាក​ចេញពី​សហភាព​អឺរ៉ុប​នៅ​ក្នុង​ប្រទេស បាន​រាយការណ៍​ថា លោកស្រី បាន​សម្រប​សម្រួល​រួច​ហើយ និង​ឥឡូវ​នេះ​វា គឺជា​វេន​របស់​ក្រុង​ប្រ៊ុចសែល​ហើយ។

លោកស្រី បាន​ថ្លែងថា៖ «ប្រសិនបើ​យើង​បាន​ឈានដល់​ការសន្និដ្ឋាន​ប្រកបដោយ​ជោគ​ជ័យ​នោះ អង់គ្លេស​បាន​ផ្លាស់ប្តូរ​គោល​ជំហរ​របស់​ខ្លួន ហើយ EU ចាំបាច់​ត្រូវ​ផ្លាស់ប្តូរ​គោល​ជំហរ​របស់​ខ្លួន​ដែរ»។

នាយក​រដ្ឋមន្ត្រីអង់គ្លេស​​​លោកស្រី​ថេរ៉េសា ម៉េ មកដល់មុន​ពេល​អាហារ​ពេលល្ងាច​​ ជា​ផ្នែក​នៃ​ជំ​នួ​​ប​ក្រៅផ្លូវ​ការ​​​​របស់សហភាព​អឺរ៉ុប​។ AFP

ភាគី​ទាំង ២ មានបំណង​ឲ្យ​ជំនួប EU នៅ​ខែតុលា​ក្លាយជា​ពេលវេលា​កំណត់​ដើម្បី​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​មួយ​ក្នុង គោល​បំណង​ផ្តល់​ពេល​ឲ្យ​កិច្ច​ព្រម​ព្រៀង​នោះ​ត្រូវ​បាន​អនុម័ត​ដោយ​សភា​អង់គ្លេស និង​អឺរ៉ុប មុន​ចាក​ចេញ​ពី EU នៅ​ក្នុង​ខែ​មីនា។

ប៉ុន្តែ​ដោយសារ​ការ​ចរចា​ជាប់​គាំង លោក Tusk កំពុង​ស្វះ​ស្វែង​រក​ការ​ព្រម​ព្រៀង​ឲ្យ​មាន​ជំនួប​មួយ​ទៀត​នៅ​ខែ​វិច្ឆិកា​ដើម្បី​បង្វែរ​គ្រោះ​មហន្តរាយ​របស់​អង់គ្លេស​ចេញ​ពី​ប្លុក​នេះ៕