ក្រុងញូវដែលី៖ ប៉ូលិសបានប្រាប់ AFP ថា មនុស្សយ៉ាងតិច ៤៣ នាក់បានស្លាប់ នៅក្នុងភ្លើងឆេះរោងចក្រមួយនៅក្នុងរដ្ឋធានីញូវដែលីនៃប្រទេស ឥណ្ឌា ដោយចំនួនអ្នកស្លាប់ត្រូវបានគេគិតទុកថានឹងកើនឡើងថែមទៀត។
អគ្គិភ័យនោះ បានកើតឡើងក្នុងរយៈពេលប៉ុន្មានម៉ោងនាពេលព្រឹកនៅក្នុងសង្កាត់ចាស់មួយនៅក្នុងក្រុងនេះ ដែលមានផ្លូវតូចៗជាច្រើន និងកកស្ទះ ដោយមានកន្លែងស្តុកទំនិញ និងរោងចក្រតូចៗជាច្រើន។
លោក Sunil Choudhary អនុប្រធានផ្នែកពន្លត់អគ្គិភ័យក្រុងញូវដែលីបានប្រាប់ AFP ថា ចាប់តាំងពីភ្លើងឆេះមក យើងបានជួយសង្គ្រោះមនុស្សយ៉ាងតិច ៥០ នាក់។
លោកបានថ្លែងថា ពួកគេគឺជាពលករ និងកម្មកររោងចក្រ ដែលដេកនៅក្នុងអគារមាន ៤ ឬ ៥ ជាន់ ដោយបានបន្ថែមថា អគ្គិភ័យនោះ ត្រូវបានពន្លត់ ប៉ុន្តែកិច្ចប្រតិបត្តិការជួយសង្គ្រោះនៅកំពុងបន្ត។
មន្ត្រីប៉ូលិសជាន់ខ្ពស់ក្រុងញូវដែលីបានថ្លែងថា ក្រោយមកមនុស្ស ៨ ឬ ៩ នាក់ ត្រូវបានសែងចេញក្រៅ ដែលនាំឲ្យចំនួនមនុស្សដែលត្រូវបានជួយសង្គ្រោះមានយ៉ាងតិច ៥៨ នាក់។
ក្រុមមន្ត្រីពន្លត់អគ្គិភ័យបាននិយាយថា មានការពិបាកចូលទៅដល់អគារដែលភ្លើងឆេះ នៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្ម Sadar Bazar នោះ។
បណ្តាញសារព័ត៌មានក្នុងតំបន់បានចាក់ផ្សាយរូបភាពវីដេអូនៃក្រុមពន្លត់អគ្គិភ័យ ដែលសែងមនុស្សទៅកាន់រថយន្តសាមុយ៕ AFP/PSA