ក្រុង​ញូវដែលីៈ​ ក្រុម​មន្ត្រី​បាន​និយាយ​​កាល​ពី​ថ្ងៃ​​អង្គារ​ថា ភ្លៀង​រដូវ​វស្សា​​ធ្លាក់​ខ្លាំង​​​ បង្ក​ឲ្យ​មាន​ទឹក​ជំនន់ ​និង​​បាក់​ដី​នៅ​​ទូទាំង​អាស៊ី​​ខាង​ត្បូង ​ដោយ​​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​មនុស្ស​រាប់​លាន​នាក់​​ និង​បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​​តិច ​១៨០ នាក់​ស្លាប់​។

ភ្លៀង​រដូវ​វស្សា​មាន​សារៈសំខាន់​សម្រាប់​ការ​ស្រោច​ស្រព​ ​និង​ផ្គត់ផ្គង់​ទឹក​​​នៅ​ក្នុង​តំបន់​ក្រីក្រ ​​ជា​ទីកន្លែង​ដែល​​មាន​​ប្រជាជន​ច្រើន​ទី ​៥ ​នៅ​ក្នុង​ពិភព​លោក​​នេះ។

ប៉ុន្តែ​​​​​​ភ្លៀង​ធ្លាក់​ខ្លាំង​​ដែល​ចាប់​ផ្តើម​ពី​ខែ​មិថុនា ​រហូត​ដល់​ខែ​កញ្ញា​ អាច​​​បង្ក​ឲ្យ​មនុស្ស​ស្លាប់​ និង​​​បណ្តាល​ឲ្យ​មាន​មហន្តរាយ​ធ្ងន់ធ្ងរ​​ជា​​ថ្មី​ម្តង​ទៀត​ក្នុង​ឆ្នាំ​នេះ​នៅ​ប្រទេស ​ឥណ្ឌា​ នេប៉ាល់ បង់ក្លាដែស​​ ​និង​​តំបន់​កាស្មៀរ​គ្រប់គ្រង​ដោយ​​ប៉ាគីស្ថាន​ ដោយ​ប្រជាជន ផ្ទះ​សំបែង ​និង​ទូក​ជា​ច្រើន​​គ្រឿង​នៅ​ក្នុង​តំបន់​វាល​ទំនាប​ត្រូវ​ទឹក​ជំនន់​ហូរ​អូស​​ទៅ​បាត់​គ្មាន​សល់។

នៅ​ក្នុង​ប្រទេស ​បង់ក្លាដែស​ មនុស្ស​យ៉ាង​តិច ​៣៤ ​នាក់ ​បាន​ស្លាប់​កាល​ពី​សប្តាហ៍​មុន​ នៅ​ក្នុង​នោះ​មាន ​១៨ ​នាក់ ​បាន​ស្លាប់​ដោយសារ​រន្ទះ​បាញ់​ និង ​៧ ​នាក់​ផ្សេង​ទៀត ​ដែល​បាន​លង់​ទឹក​ស្លាប់​បន្ទាប់​ពី​ទូក​របស់​ពួក​គេ​បាន​ក្រឡាប់​ដោយសារ​ទឹក​រលក​នៅ​ឈូង​សមុទ្រ​ប៊ែងហ្គាល់​។​

នៅ​ប្រទេស ​នេប៉ាល់​​​ មនុស្ស​យ៉ាង​តិច ​៦៧ នាក់​ ​បាន​ស្លាប់​ដោយសារ​ទឹក​ជំនន់៕ AFP/SK