ក្រុង​ម៉ានីល៖​ ក្រុម​មន្ត្រី​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ចន្ទ​ថា ​មនុស្ស​ជិត ​៥ ​ម៉ឺន​នាក់ ​ដែល​កំពុង​រស់នៅ​​ក្បែរ​​​ភ្នំ​ភ្លើង​មួយ​ នៅ​លើ​កោះ​មួយ​ដែល​នៅ​ជិត​រដ្ឋធានី​ប្រទេស ​ហ្វីលីពីន ​បាន​យក​ចិត្ត​ទុក​ដាក់​​ចំពោះ​ការ​ព្រមាន​ជា​ផ្លូវ​ការ ដើម្បី​​ជម្លៀស​​ចេញ​​ពី​ទីនោះ ខណៈ​ការ​ព្រួយ​បារម្ភ​អំពី​ការ​ផ្ទុះ​ភ្នំ​ភ្លើង​បាន​កើន​​ឡើង​យ៉ាង​ខ្លាំង​នោះ​។​

វិទ្យាស្ថាន​ភ្នំ​ភ្លើង​វិទ្យា ​និង​ធរណីវិទ្យា​ហ្វីលីពីន​បាន​បង្កើន​កម្រិត​ប្រកាស​អាសន្ន​អំពី​ភ្នំ​ភ្លើង​តាអាល់ ​នៅ​ក្នុង​ទីក្រុង​តាលីសៃ​ ក្នុង​ខេត្ត​បាតតាងហ្គាស់​ដែល​មាន​ចម្ងាយ​ប្រហែល ​៦៦ ​គីឡូ​ម៉ែត្រ ​នៅ​ភាគ​ខាង​ត្បូង​ពី​ទីក្រុង​ម៉ានីល​ កាល​ពី​ថ្ងៃ​អាទិត្យ​បាន​កើន​ចាប់​ពី ​៤ ​ដល់​កម្រិត ​៥​ ដោយ​បាន​បង្ហាញ​អំពី​ទិដ្ឋភាព​កើន​ឡើង នៃ​ការ​ផ្ទុះ​ប្រកប​ដោយ​គ្រោះ​ថ្នាក់​ ​«​អស់​រយៈពេល​ ប៉ុន្មាន​ម៉ោង​កាល​ពី​ថ្ងៃ​អាទិត្យ​»​។​

កម្រិត ​៤ ​មាន​ន័យ​ថា​ ជា​ការ​ផ្ទុះ​ប្រកប​ដោយ​គ្រោះ​ថ្នាក់​បំផុត​​​កំពុង​​ដំណើរការ​។ វិទ្យាស្ថាន​ភ្នំ​ភ្លើង​វិទ្យា​បាន​ប្រកាស​អំពី​តំបន់​គ្រោះ​ថ្នាក់​ជា​អចិន្រ្តៃយ៍​​នៅ​ក្នុង​ទំហំ ​១៤ ​គីឡូម៉ែត្រ ​របស់​ភ្នំ​ភ្លើង​នៅ​ក្នុង​ទីក្រុង​តាអាល់​ ខណៈ​ភ្នំ​ភ្លើង​បាន​ព្រួស​កម្អែ និង​ផេះ​ឡើង​ទៅ​លើ​អាកាស​។​

ប្រធាន​វិទ្យាស្ថាន​ភ្នំ​ភ្លើង​លោក​ ​រីណាតូ​ សូលីដាំ​ បាន​ថ្លែង​ថា ​ភ្នំ​ភ្លើង​រក​កល​នឹង​ព្រួស​កម្អែ​អណ្តាត​ភ្លើង​យ៉ាង​ក្តៅ​ និង​ផេះ​យ៉ាង​ច្រើន​សន្ធឹក​បន្ធាប់​ហូរ​ចេញ​មក​​ក្រៅ​ នៅ​មុន​វា​ចាប់​ផ្តើម​ផ្ទុះ​កាល​ពី​ថ្ងៃ​ចន្ទ​។​

លោក​បាន​ថ្លែង​ថា​ វិទ្យាស្ថាន​ភ្នំ​ភ្លើង​បាន​កត់​កំណត់ត្រា​សរុប​នៃ​កម្រិត​រញ្ជួយ​ផែន​ដី​ភ្នំ​ភ្លើង​ចំនួន ​៥២​ នៅ​ក្នុង​តំបន់​ទីក្រុង​តាអាល់​ នៅ​ម៉ោង ​១២ ​និង ​៤៩ ​នាទី​កាល​ពី​ថ្ងៃ​ចន្ទ​។​

លោក ​សូលីដាំ ​បាន​ថ្លែង​ថា​៖ «​សកម្មភាព​កម្រិត​ញ័រ​រញ្ជួយ​យ៉ាង​ខ្លាំង​ក្លា​ជា​បន្ត​ប្រាប់​ឲ្យ​ដឹង​អំពី​សិលា​ម៉ាក់​ម៉ាញ័រ​កក្រើក ​នៅ​ខាង​ក្រោម​អគារ​នៅ​ក្នុង​ទីក្រុង​តាអាល់​ ដែល​អាច​នឹង​ឈាន​ទៅ​រក​ឲ្យ​មាន​សកម្មភាព​ផ្ទុះ​ភ្នំ​ភ្លើង​បន្ថែម​ទៀត​»​។​

ចៅហ្វាយ​ក្រុង​លោក​ ហ្គឺររី​ ណាតានួន ​នៃ​ទីក្រុង​តាលីសៃ ​នៅ​ក្នុង​ខេត្ត​បាតតាងហ្គាស់​ បាន​ថ្លែង​ថា​ មនុស្ស ​៤៥ ​០០០ ​នាក់ ​ដែល​កំពុង​រស់នៅ​ជិត​ភ្នំ​ភ្លើង​តាអាល់​ជា​កន្លែង​មួយ​ដ៏​មាន​ប្រជាប្រិយភាព​សម្រាប់​ភ្ញៀវ​ទេសចរ​ដើរ​កម្សាន្ត​​ ត្រូវ​បាន​គេ​ជម្លៀស​កាល​ពី​យប់​ថ្ងៃ​អាទិត្យ​។ លោក​បាន​ថ្លែង​ទៀត​ថា​ ​អ្នក​ភូមិ ​២ ​ឬ ៣​នាក់ ​ដែល​បាន​ស្នាក់នៅ​ទីនោះ​ ដើម្បី​យាម​ផ្ទះ​របស់​ពួក​គេ​នៅ​ទី​បញ្ចប់​​ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​ជម្លៀស​ខ្លួន​ចេញ​ពី​ទីនោះ ​ដើម្បី​គេច​ពី​គ្រោះថ្នាក់​​៕ Xinhua/SK