ក្រុង​កាប៊ុលៈ ​អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​បាន​ថ្លែង​ថា​ មនុស្ស​យ៉ាង​តិច​ ៧ ​នាក់​បាន​ស្លាប់ ​និង​ ១០ ​នាក់​ផ្សេង​ទៀត​រង​របួស​ នៅ​ក្នុង​នោះ​មាន​ជន​បរ​ទេស​ ៤ ​នាក់​ នៅ​ពេល​រថយន្ត​​ធុន​តូច​មួយ​គ្រឿងដែលត្រូវ​​បាន​បង្កប់​ជា​មួយ​គ្រឿង​ផ្ទុះ​ បាន​ផ្ទុះ​ឡើង​នៅ​ក្រុង​កាប៊ុល​កាល​ពីព្រឹក​​ថ្ងៃ​ពុធ​។​

​អ្នក​នាំ​ពាក្យ​លោក ​Nasrat​ Rahimi ​បាន​ថ្លែង​ថា ​គ្រឿង​ផ្ទុះ​នោះ ​បាន​កំណត់​គោល​ទៅ​លើ​រថ​យន្ត​ SUV ​មួយ​គ្រឿង​របស់​ក្រុម​ហ៊ុន​សន្តិ​សុខ​កា​ណា​ដា​ឯក​ជន​មួយ​ រថយន្ត​ក្រុម​ហ៊ុន​ Garda​World​ បាន​ផ្ទុះ​ឡើង​នៅ​ក្នុង​សង្កាត់​មួយ​កន្លែង​ដែល​នៅ​ជិត​ក្រសួង​មហា​ផ្ទៃ​និង​ព្រលាន​យន្ត​ហោះ​ក្រុង​កា​ប៊ុល​ភាគ​ខាង​ជើង​។​

​លោកបាន​ថ្លែង​ថា​៖ «​ជា​លទ្ធ​ផល​មួយ​មនុស្ស​ ៧ ​នាក់​បាន​ស្លាប់​ និង ​១០ ​នាក់​ផ្សេង​ទៀត​ នៅ​ក្នុង​នោះ​មាន​សមា​ជិក​ក្រុម​ហ៊ុន​សន្តិ​សុខ​បរទេស​ ៤​ នាក់​រង​របួស​» ​ដោយ​បាន​ពិពណ៌​នា​អំពី​អ្នក​ស្លាប់​នោះ​ថា​ ជា​ជន​ស៊ី​វិល​អាហ្វ​ហ្គា​នី​ស្ថាន​។​

​លោក​មិន​បាន​បញ្ជាក់​អះ​អាង​ អំពី​ជន​បរទេស​ទាំង​នោះ​ថា​ជា​សញ្ជាតិ​អ្វី​នោះ​ទេ​។​

រដ្ឋ​មន្ត្រី​មហា​ផ្ទៃ​លោក​ Massoud ​Andarabi ​បាន​ថ្លែង​ថា​ ម្នាក់​ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំង​នោះ​ គឺ​ជា​ក្មេង​ម្នាក់​មាន​អាយុ​ ១៣​ ឆ្នាំ​ កំពុង​ធ្វើ​ដំណើរ​ទៅ​សា​លា​រៀន​៕ SK