ក្រុងម៉ាណូក្វារីៈ អំពើកុបកម្មបានផ្ទុះឡើង និងអគារសភាតំបន់មួយ ត្រូវបានដុតឆេះនៅក្នុងខេត្តប៉ាពួ នៃប្រទេស ឥណ្ឌូនេស៊ី ខណៈមនុស្សរាប់ពាន់នាក់ ធ្វើការតវ៉ាប្រឆាំងនឹងការចាប់ឃុំខ្លួនក្រុមសកម្មជននិស្សិតគាំទ្រឯករាជ្យកាលពីចុងសប្តាហ៍មុន។
អ្នកកាសែត AFP ម្នាក់នៅកន្លែងកើតហេតុ បានប៉ាន់ប្រមាណថា អ្នកតវ៉ារាប់ពាន់នាក់ បានឡើងទៅតាមដងផ្លូវនានានៃក្រុងម៉ាណូក្វារីជារដ្ឋនៃខេត្តប៉ាពួខាងលិច ដោយបាននាំឲ្យក្រុងដែលមានប្រជាជន ១៣ ម៊ឺននាក់នេះ ជាប់គាំង។
អ្នកតវ៉ាខ្លះបានដុតហាង និងរថយន្ត វាយកម្ទេចស្លាកសញ្ញានៅតាមដងផ្លូវ និងគប់ដុំថ្មទៅលើអគាររដ្ឋាភិបាល។
អភិបាលរងខេត្តប៉ាពួខាងលិច លោក Mohamad Lakotani បានថ្លែងប្រាប់ទូរទស្សន៍ Kompas TVថា៖ «អគារសភា ត្រូវភ្លើងឆេះ»។
លោកបានបន្ថែមថា៖ «ទីប្រជុំជនផ្សារ កំពង់ផែ និងហាងលក់ទំនិញជាច្រើនត្រូវរងផលប៉ះពាល់។ សកម្មភាពទាំងអស់ត្រូវជាប់គាំងទាំងស្រុង»។
ប៉ូលិសបាននិយាយថា មន្ត្រីប៉ូលិស ៣ នាក់ បានរងរបួសដោយសារក្រុមអ្នកតវ៉ាគប់ដុំថ្មហើយភ្លាមៗនោះ មិនមានការបញ្ជាក់ថា មានបាតុករណាត្រូវរងរបួសនោះទេ។
ក្រុមអាជ្ញាធរបានបិទសាលារៀននៅថ្ងៃតវ៉ានេះដែរ។
ខេត្តប៉ាពួ ដែលជាកន្លែងនៃការបះបោរជាច្រើនទសវត្សរ៍ប្រឆាំងនឹងការគ្រប់គ្រងរបស់ឥណ្ឌូនេស៊ី មានព្រំដែនជាមួយនឹងប្រទេស ប៉ាពួញូវហ្គីណេ (PNG) នៅភាគខាងជើងនៃប្រទេស អូស្ត្រាលី។
អតីតអាណានិគមរបស់ ប្រទេស ហូឡូង់ ខេត្តប៉ាពួ បានប្រកាសឯករាជ្យដោយខ្លួនឯងនៅក្នុងឆ្នាំ ១៩៦១ ប៉ុន្តែឥណ្ឌូនេស៊ីនៅជិតខាង បានគ្រប់គ្រងតំបន់សម្បូរដោយធនធានបន្ទាប់ពីប្រជាមតិឯករាជ្យគាំទ្រដោយអង្គការសហប្រជាជាតិដែលត្រូវបានគេមើលឃើញថា ជាការក្លែងបន្លំ។
អំពើកុបកម្មកាលពីថ្ងៃចន្ទត្រូវបានបង្កឡើង ដោយរបាយការណ៍ដែលថា ក្រុមអាជ្ញាធរប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក និងចាប់ខ្លួននិស្សិតសាកលវិទ្យាល័យប៉ាពួ ៤៣ នាក់ នៅក្រុង Surabaya ជាក្រុងធំបំផុតទី២ របស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ កាលពីថ្ងៃសៅរ៍ ជាថ្ងៃឯករាជ្យរបស់ប្រទេស ឥណ្ឌូនេស៊ី។
ប្រព័ន្ធផ្សព្វផ្សាយតំបន់ និងក្រុមសកម្មជនប៉ាពួបាននិយាយថា ប៉ូលិសប្រដាប់ដោយឧបករណ៍ប្រឆាំងកុបកម្ម បានសម្រុកចូលទៅក្នុងកន្លែងស្នាក់នៅរបស់និស្សិត និងប្រើឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីចាប់ខ្លួននិស្សិតដែលបានបំផ្លាញទង់ជាតិឥណ្ឌូនេស៊ី៕ AFP/PSA