ក្រុង​ម្យី​ក្យី​ណាៈ អ្នក​តវ៉ា​រាប់ពាន់នាក់​កាលពី​ថ្ងៃ​អង្គារ បាន​ដង្ហែ​ក្បួន​នៅ​តាម ដង​ផ្លូវ​នានា​នៅ​មីយ៉ាន់ម៉ា​ភាគ​ខាង​ជើង​ប្រឆាំង​ការ​ចាប់​សកម្ម​ជន​ប្រឆាំង​សង្គ្រាម ៣ នាក់​ដាក់​ពន្ធនាគារ ជា​ការ​បង្ហាញ​កំហឹង​ជា​សាធារណៈ​ដ៏​កម្រ​មួយ។

កាលពី​ថ្ងៃ​សុក្រ លោក Lum Zawng លោក Nang Pu និង​លោក Zau Jet ត្រូវ​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ ៦ ខែ ហើយ​ពិន័យ​ជា​ទឹក​ប្រាក់​ប្រហែល ៣២០ ដុល្លារ ពីប​ទ​ជេរ​ប្រមាថ​យោធា ក្រោយ​ពី​ការ​ជួយ​រៀបចំ​ធ្វើ​ការ​តវ៉ា​មួយ​នៅ​ក្នុង​ក្រុង​ម្យីក្យីណា​នៃ​រដ្ឋ​កាឈីន​កាល​ពី​ខែ​មេសា កន្លង​ទៅ។

ពួកគេ​កំពុង​បង្ហាញខ្លួន​នៅក្នុង​ស្ថានភាព​ដ៏​អាក្រក់​របស់​ជន​ស៊ីវិល​រាប់ពាន់​នាក់​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ការ​វាយ​ប្រហារ​គ្នា​រវាង​យោធា និង​ក្រុម​អ្នក​បះបោរ​ជន​ជាតិ​ភាគ​តិច​នៅ​រដ្ឋកា​ឈីន នៅ​ក្នុង​សង្គ្រាម​មួយ​ក្នុង​ចំណោម​សង្គ្រាម​ស៊ីវិល ដែល​មាន​រយៈពេល​ដ៏​យូរ​ជាង​គេ​បំផុត​នៅ​ក្នុង​ពិភពលោក​នោះ។

កាលពី​ថ្ងៃ​អង្គារ ក្រុមបាតុករ​ភាគច្រើន​ដែល​មុខ​របស់​ពួកគេ​ត្រូវ​លាប​ពណ៌​ក្រហម និង​បៃតង​នៅ​ក្នុង​រដ្ឋកា​ឈីន បាន​កាន់​បដា និង​ស្រែក​បន្ទរ​ពាក្យ​ស្លោក​ប្រឆាំង​ការ​ដាក់​ក្រុម​សកម្មជន និង​ប្រព័ន្ធ​តុលាការ។

មេដឹកនាំ​បាតុកម្ម លោក Naw Aung បាន​ប្រាប់ AFP ក្រោយពី​ក្បួន​ដង្ហែ​នោះបាន​ឆ្ពោះ​ទៅ​កាន់​ពហុ​កីឡដ្ឋាន​ដ៏​ធំ​របស់​ក្រុង​ថា ៖«ពួក​យើង បាន​ទាមទារ​ឲ្យ​ក្រុម​អាជ្ញាធរ​ដោះ​លែង​មនុស្ស​របស់​ពួក​យើង​ជា​បន្ទាន់»។

អ្នករៀបចំ បាន​និយាយថា មនុស្ស​ប្រហែល ៤ ពាន់​នាក់ ចូលរួម​ការ​តវ៉ា​នោះ៕