ក្រុង​វ៉ាស៊ីន​តោន៖ ​ក្រសួង​ការពារ​ជាតិ​អាមេរិក​ បាន​ថ្លែង​កាល​ពី​ថ្ងៃ​អង្គារ​ថា​ ខ្លួន​នឹង​​ដាក់​ពង្រាយ​ទាហាន​ ៥ ៥០០ ​នាក់ ​​នៅ​តាម​ព្រំដែន​ប្រទេស ​ម៉ិកស៊ិក ​នៅ​ឆ្នាំ ​២០២០ ​ខាង​មុខ​នេះ​ ដើម្បី​ជួយ​​ទប់​ស្កាត់​អន្តោប្រវេសន៍​ខុស​ច្បាប់​។​

អស់​រយៈពេល​មួយ​សប្តាហ៍​ ក្រោយ​ពី​បាន​ប្រកាស​ថា​ ខ្លួន​នឹង​បង្វែរ​​ប្រាក់​ចំនួន ​៣,៦ ​ពាន់​លាន​ដុល្លារ ​ជា​ជំនួយ​សម្រាប់​ការ​សាងសង់​ជញ្ជាំង​ប្រឆាំង​ជន​អន្តោប្រវេសន៍​នៅ​តាម​ព្រំដែន​នោះ មន្ទីរ​បញ្ចកោណ​បាន​ថ្លែង​ថា​ ខ្លួន​បាន​អនុម័ត​សំណើ​មួយ​ចេញ​ពី​ក្រសួង​សន្តិសុខ​ជាតិ​ ដើម្បី​រក្សា​វត្តមាន​កងកម្លាំង​ឲ្យ​នៅ​ទីនោះ​។​

អ្នក​នាំពាក្យ​មន្ទីរ​បញ្ចកោណ​លោក​វរសេនីយ៍​ទោ​ Chris ​Mitchell ​បាន​ថ្លែង​ថា​ ក្រសួង​ការពារ​ជាតិ ​«​នឹង​ផ្តល់​ទាហាន ​៥ ៥០០ ​នាក់​ ដើម្បី​ផ្តល់​ការ​គាំទ្រ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ គាំទ្រ​ប្រតិបត្តិការ​ការ​ស៊ើប​អង្កេត​ត្រួត​ពិនិត្យ​ និង​​គាំទ្រ​ផ្លូវ​អាកាស​»​។​

ការ​បង្កើន​វត្តមាន​យោធា​នៅ​ខាង​ព្រំដែន​អាមេរិក​នោះ​ កើត​ឡើង​ក្រោយ​ពី​ម៊ិកស៊ិក​​បង្កើន​​ការ​ដាក់​ពង្រាយ​ទាហាន​របស់​ខ្លួន​យ៉ាង​​ច្រើន ​​​បន្ទាប់​ពី​​មាន​សម្ពាធ​ពី​ប្រធានាធិបតី​ ដូណាល់​ ត្រាំ ​​នៅ​ក្នុង​នោះ​មាន​ការ​គំរាម​ដាក់​ទណ្ឌកម្ម​ពាណិជ្ជកម្ម​ទៅ​លើ​​ប្រទេស ​ម៉ិកស៊ិក ​ទៀត​ផង​។​

សេតវិមាន​បាន​ថ្លែង​ថា​ លោក​អនុប្រធានាធិបតី​លោក​ ម៉ៃក៍​ ផែនស៍​ កាល​ពី​ថ្ងៃ​អង្គារ ​បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​ម៉ិកស៊ិក ​គឺ​លោក ​Marcelo ​Ebrard ​នៅ​ក្រុង​វ៉ាស៊ីនតោន​ហើយ ​«​បាន​ទទួល​ស្គាល់​រដ្ឋាភិបាល​អំពី​វិធានការ ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​ និង​​មាន​​​​សារៈសំខាន់​របស់​​ម៉ិកស៊ិក​ក្នុង​ការ​ជួយ​ទប់​ស្កាត់​លំហូរ​ចូល​នៃ​អន្តោប្រវេសន៍​ខុស​ច្បាប់»។

សេចក្តី​ថ្លែងការណ៍​នោះ បាន​លើក​ឡើង​​ពី​ការ​ទាមទារ​របស់​ក្រុម​មន្ត្រី ​US ឲ្យ​ម៉ិកស៊ិក​ បង្កើន​ការ​បង្ក្រាប​ការ​ឆ្លង​ព្រំដែន​៕ AFP/SK