ក្រុង​វ៉ាស៊ីនតោនៈ មន្ត្រី​មន្ទីរបញ្ច​កោណ​ម្នាក់ បាន​ថ្លែង​កាល​ពី​ថ្ងៃ​អង្គារ​ថា កូរ៉េខាងត្បូង និង​អាមេរិក បន្ត​ពិចារណា​ផែនការ​សម្រាប់​ការ​ធ្វើ​សម​យុទ្ធ​យោធា​រួម​គ្នា​នៅ​ឆ្នាំ​ក្រោយ ដើម្បី​ចៀស​វាង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិច្ច​ចរចា​ស្តីពី ការ​លុប​បំបាត់​នុយក្លេអ៊ែរ ជាមួយ​កូរ៉េខាងជើង។

សម្ព័ន្ធមិត្ត​ទាំង ២ បាន​ផ្អាក​ឬ កាត់បន្ថយ​សមយុទ្ធធំៗ​មួយ​ចំនួន ចាប់​តាំង​ពី​ប្រធានា​ធិបតី​អាមេរិក លោក ដូណាល់ ត្រាំ និង មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុងអ៊ុន បាន​ឯកភាព​គ្នា​កាល​ពី​ខែ​មិថុនា ដើម្បី​ឈាន​ទៅ​រក​ការ​លុប​បំបាត់ អាវុធ​នុយក្លេអ៊ែរ​ពី​ឧបទ្វីប​កូរ៉េ​ទាំង​ស្រុង។

វិធានការ​នោះ​ត្រូវបាន​គេ​មើលឃើញថា ជា​សម្បទាន​មួយ​ចំពោះ​កូរ៉េខាងជើង ដែល​បាន​ចាត់​ទុក​សម​យុទ្ធ​យោធា​នោះ​ថា ជា​ការ​ឈ្លាន​ពាន​ប្រឆាំង​នឹង​របប​នោះ។

សម្ព័ន្ធមិត្ត​នេះ​បាន​ព្រមព្រៀង​សម្រេចចិត្ត​ចុងក្រោយ​ទៅលើ​សមយុទ្ធ​យោធា​ទ្រង់​ទ្រាយ​ធំ​សម្រាប់​ឆ្នាំ​ក្រោយ​នៅ​មុន​ថ្ងៃ​ទី ១ ខែ​ធ្នូ ។

អ្នកនាំពាក្យ មន្ទីរ​បញ្ច​កោណ​លោក​វរសេនីយ៍ទោ Chris Logan បាន​ថ្លែង​ប្រាប់​សារ​ព័ត៌មាន Yonhap ថា គ្មាន ការ​សម្រេច​ចិត្ត​ជា​ចុង​ក្រោយ ត្រូវ​បាន​ធ្វើ​ឡើង​ឡើយ។ លោក​បាន​បន្ត​ថា៖ «យើង​នឹង​បន្ត​សហការ​ជាមួយ​សម្ព័ន្ធ​សាធា​រណ​រដ្ឋ​កូរ៉េ​របស់​យើង ដើម្បី​ធានា​ឲ្យ​មាន​ការ​ត្រៀម​ប្រយុទ្ធ ដែរ ខណៈ​មាន​ការ​គាំទ្រ​ដល់​ដំណើរការ​ការទូត​នោះ»។

កាលពី​ចុង​សប្តាហ៍​មុននេះ លោក ដូ​ណា​ល់ ត្រាំ បាន​ថ្លែងថា លោក រំពឹងទុក​ថា នឹង​មាន​ជំនួប​លើក​ទី ២ ជាមួយ​លោក​គីម ជុង​អ៊ុន នៅ​ក្នុង​ខែ​មករា ឬ​ខែ​កុម្ភៈ​ខាង​មុខ។

ទន្ទឹមគ្នា​នោះ កិច្ចចរចា​រវាង​ក្រុង​វ៉ាស៊ីនតោន និង​ក្រុង​ព្យុងយ៉ាង​មានការ​រីកចម្រើន​តិច​តួច​ចាប់​តាំង​ពី​ជំនួប​លើក​ទី ១ កាល​ពី​ខែ​មិថុនា។ អាមេរិក​ចង់​ឲ្យ​កូរ៉េខាងជើង​ចាត់​វិធានការ​បន្ថែម​ទៀត​ក្នុង​ការ​បំផ្លាញ​ចោល​កម្មវិធី​នុយក្លេអ៊ែរ និង​មីស៊ីល​បាលីស្ទិក ខណៈ​កូរ៉េខាងជើង​បាន​អំពាវនាវ​ឲ្យ​បន្ធូរ​បន្ថយ​ទណ្ឌកម្ម​នោះ៕