ស្រុកមែសៃៈ មិត្ត​រួម​ថ្នាក់​របស់​ក្មេងប្រុស១២នាក់​ដែល​បាន​ជាប់​នៅក្នុង​រូង​មាន​ទឹក​ជំនន់ បាន​និយាយ​ដល់​ក្តី​សង្ឃឹម​ចំពោះ​ការ​ជួយ​រុករក​កាល​ពី​ថ្ងៃ​ចន្ទ ខណៈ​ក្រុម​អ្នក​មុជ​ទឹក បាន​ប្រឹង​ប្រែង​ចុះ​ទៅ​ក្នុង​ភក់ និង​ទឹក​សំដៅ​ទៅ​ទី​ដែល​គេ​ជឿ​ថា ក្រុម​នោះ​នៅ។

ទោះបីយ៉ាងណា មិនទាន់​ទំនាក់ទំនង​អ្វី​ជាមួយ​ក្មេងៗ​ប្រុស​ដែលមាន​អាយុ​ចន្លោះ​ពី ១១ ឆ្នាំ និង ១៦ ឆ្នាំ ចាប់​តាំង​ពី​ពួក​គេ បាន​បាត់​ខ្លួន​ជាមួយ​គ្រូបង្វឹក​បាល់​ទាត់​របស់​ពួកគេ​រយៈពេល ៩ ថ្ងៃ​ហើយ​នោះ​ទេ។

កិច្ចប្រឹងប្រែង​ជួយ​រុករក​ទ្រង់ទ្រាយ​ធំ ត្រូវបាន​រារាំង​ដោយ​ភ្លៀង​ខ្លាំង នាំ​ឲ្យ​ជន់​លិច​ដល់​រូងភ្នំ Tham Luang នៅ​ថៃ​ភាគ​ខាងជើង ដោយ​បាន​បិទ​ផ្លូវ​ទៅ​កាន់​កន្លែង ដែល​គេ​គិត​ថា ក្រុម​នោះ​នឹង​ត្រូវ​រក​ឃើញ​នៅ​រស់​នោះ។

ក្រុម​អ្នក​មុជទឹក អាច​យក​ផលប្រយោជន៍​ពី​អាកាសធាតុ​ល្អ​កាលពី​ថ្ងៃ​ចន្ទ ដើម្បី​ចូល​ទៅ​ក្នុង​រូង​នោះ ដោយ​ក្រុម​អ្នក​ព្យាករ បាន​ព្យាករ​ថា ភ្លៀង​ធ្លាក់​ខ្លាំង ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ។

មិត្តភក្តិ និង​គ្រូបង្ហាត់​របស់​ក្រុម​បាល់ទាត់ Wild Boar មាន​ក្តី​សង្ឃឹមថា អាច​រក​ឃើញ​ពួកគេ។ Tilek Jana មាន​អាយុ ១៤ ឆ្នាំ​ដែល​មិត្តភក្តិ​របស់​គេ​នៅ​ក្នុង​ចំណោម​អ្នក​បាត់​ខ្លួន​ដែរ បាន​សម្តែង​ក្តី​សង្ឃឹម​ថា មិត្តភក្ដិ​របស់​ខ្លួន​នឹង​វិល​ត្រឡប់​មក​វិញ​នា​ពេល​ឆាប់ៗ​នេះ។

Tilek Jana បាន​ប្រាប់ AFP ថា៖ «សុំ​ឲ្យ​គេ​បាន​វិលត្រឡប់​មកវិញ និង​លេង​បាល់​ជាមួយគ្នា​ទៀត ខ្ញុំ​នឹក​ពួកគេ​ណាស់»។

នាយក​សាលា Mae Sai Prasitsart ដែលមាន​ក្មេង​ប្រុស ៦ នាក់​បាត់​ខ្លួន​ដែរនោះ​បាន​និយាយ​ថា សប្តាហ៍​នេះ គឺជា​សប្តាហ៍​មួយ​គួរ​ឲ្យ​ឈឺ​ចាប់​ណាស់៕