ក្រុង​យ៉ាំងហ្គោន៖​ រដ្ឋាភិបាល​ប្រទេស ​មីយ៉ាន់ម៉ា​ បាន​ប្រតិកម្ម​កាល​ពី​ថ្ងៃ​សុក្រ​ ក្រោយ​ពី​​សម្ពាធ​តាម​ផ្លូវ​ច្បាប់​ជា​សកល​កាន់​តែ​កើន​ឡើង​ ជុំវិញ​ការ​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​របស់​ខ្លួន​ប្រឆាំង​ជន​រ៉ូហ៊ីងយ៉ា​ ដោយ​បាន​ចាត់​ទុក​​ការ​ស៊ើប​អង្កត​មួយ​របស់​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ​(ICC) នោះ​ «​មិន​ស្រប​ទៅ​តាម​ច្បាប់​អន្តរជាតិ​ទេ​»​។​

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ICC បាន​អនុម័ត​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ពេញ​លេញ​មួយ​ ទៅ​លើ​ការ​បង្ក្រាប​ដោយ​យោធា​យ៉ាង​បង្ហូរ​ឈាម​ កាល​ពី​ឆ្នាំ ​២០១៧​​ ប្រឆាំង​ក្រុម​មូស្លីម​ភាគ​តិច​នៅ​ប្រទេស ​មីយ៉ាន់ម៉ា។​

ការ​សម្រេច​ចិត្ត​នោះ​បាន​ធ្វើ​ឡើង​ក្រោយ​ពី​ក្រុម​អង្គការ​​សិទ្ធិ​មនុស្ស​ បាន​ដាក់​ពាក្យ​បណ្តឹង​ដាច់​ដោយ​ឡែក​មួយ​នៅ​ក្នុង​ប្រទេស ​អាហ្សង់ទីន​ ដែល​អតីត​និមិត្ត​រូប​ប្រជាធិបតេយ្យ​លោកស្រី​ អ៊ុងសាន ​ស៊ូជី​ ត្រូវ​បាន​គេ​តែងតាំង​ដោយ​ផ្ទាល់​នោះ​ ហើយ​ជា​សំណើ​មួយ​បន្ថែម​ទៀត​អំពី​ករណី​អំពើ​ប្រល័យ​ពូជសាសន៍​មួយ​ នៅ​តុលាការ​កំពូល​របស់​អង្គការ​សហប្រជាជាតិ​។​

អស់​រយៈពេល ​២ ​ឆ្នាំ​មក​ហើយ​ ជន​រ៉ូហ៊ីងយ៉ា​ប្រហែល ​៧៤ ​ម៉ឺន​នាក់​ បាន​រត់​ភៀស​ខ្លួន​នៅ​តាម​ព្រំដែន​ចូល​ទៅ​ក្នុង​ជំរំ​មាន​ហ្វូង​មនុស្ស​រស់នៅ​យ៉ាង​ច្រើន​ណែន​ណាន់​តាន់​តាប់​ នៅ​ក្នុង​ប្រទេស ​បង់ក្លាដែស​ នៅ​ក្នុង​អំពើ​ហិង្សា​ដែល​ក្រុម​អ្នក​ស៊ើប​អង្កត​របស់​អង្គការ​សហ​ប្រជាជាតិ ​បាន​ហៅ​ថា​ជា​អំពើ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍​នៅ​មីយ៉ាន់ម៉ា​​។​

ប្រទេស ​មីយ៉ាន់ម៉ា ​បាន​និយាយ​ការពារ​ខ្លួន​ម្តង​ហើយ​ម្តង​ទៀត ​អំពី​ការ​បង្ក្រាប​នោះ​ថា​ វា​ជា​រឿង​ចាំបាច់​ដែល​រដ្ឋាភិបាល​ត្រូវ​កម្ទេច​ក្រុម​យុទ្ធជន​សកម្ម​ប្រយុទ្ធ​ ហើយ​បាន​បដិសេធ​មិន​ទទួល​ស្គាល់​អាជ្ញាធរ​របស់​តុលាការ ​ICC ​ជា​យូរ​​មក​ហើយ ​ដែល​ខ្លួន​បាន​ប្រឆាំង​ម្តង​ហើយ​ម្តង​ទៀត​កាល​ពី​ថ្ងៃ​សុក្រ​៕ AFP/SK