ក្រុង​យុំាង​ហ្គោនៈ ​អ្នក​កាសែត​ Reuters ២រូប ​ដែល​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ពី​បទ​រាយការណ៍​អំពី​វិបត្តិ​​​រ៉ូហ៊ីងយ៉ា​ នៅ​ក្នុង​ប្រទេស ​មីយ៉ាន់ម៉ា​ បាន​ដើរ​ចេញ​ពី​គុក​កាល​ពី​ថ្ងៃ​អង្គារ ​បន្ទាប់​ពី​ត្រូវ​បាន​​ដោះលែង​ឲ្យ​មាន​សេរីភាព​ ដោយ​មាន​ការ​លើកលែង​ទោស​​​ពី​ប្រធានាធិបតី​ក្រោយ​ពី​យុទ្ធនាការ​របស់​ពិភព​លោក​ទាមទារ​ឲ្យ​ដោះ​លែង​ពួក​គេ​។

លោក​ Wa Lone​ និង​លោក​ Kyaw Soe Oo ​ត្រូវ​បាន​ឡោមព័ទ្ធ​ដោយ​​ប្រព័ន្ធ​ផ្សព្វផ្សាយ ​ខណៈ​ពួក​គេ​បាន​ដើរ​ចេញ​​​ពី​ពន្ធនាគារ ​Insein​ នៅ​ក្នុង​ក្រុង​យុំាងហ្គោន ​ក្រោយ​ពី​ពួក​គេ​ ត្រូវ​បាន​ឃុំ​ខ្លួន​អស់រយៈ​ពេល​យ៉ាង​យូរ​នោះ​។

ការ​ចាប់​ខ្លួន​ពួក​គេ​កាល​ពី​ខែ​ធ្នូ​ ឆ្នាំ ២០១៧ ​បាន​ធ្វើ​ឲ្យ​ពួក​គេ​ក្លាយ​ជា​បុព្វហេតុ​អន្តរជាតិ និង​ជា​សញ្ញា​នៃ​សេរីភាព​សារព័ត៌មាន​នៅ​ប្រទេស ​មីយ៉ាន់ម៉ា ​ធ្លាក់​ចុះ​ខ្លាំង ​នៅ​ក្រោម​ការ​ដឹកនាំ​របស់​មេ​ដឹកនាំ​ស៊ីវិល​ លោកស្រី ​អ៊ុងសាន​ ស៊ូជី​។

លោក​ Wa Lone​ បាន​អរគុណ​មនុស្ស​មក​ពី​ជុំវិញ​ពិភព​លោក​ ចំពោះ​ការ​គាំទ្រ​ឲ្យ​មាន​ការ​ដោះលែង​ពួក​គេ ​និង​បាន​​ប្តេជ្ញា​ថា ​នឹង​វិល​ត្រឡប់​ទៅ​ធ្វើ​ការ​វិញ​។

លោក Kyaw Soe Oo (ស្តាំ) សម្តែង​ក្តីស​ប្បាយ​រីករាយ​ជាមួយ​ប្រពន្ធ​ និង​កូនស្រី ក្រោយពី​​​ត្រូវ​បាន​ដោះលែង​ឲ្យមាន​សេរី​ភាព​​។ AFP

លោក ​បាន​និយាយ​ថា៖ ​«​ខ្ញុំ​មិន​អាច​រង់ចាំ​ធ្វើ​ដំណើរ​ទៅ​បន្ទប់​កាសែត​របស់​ខ្ញុំ​ទេ​។ ខ្ញុំ​គឺ​ជា​អ្នក​កាសែត​ម្នាក់ ហើយ​ខ្ញុំ​នឹង​បន្ត​ការងារ​របស់​ខ្ញុំ»។ ​

និពន្ធ​នាយក​កាសែត​ Reuters លោក​ Stephen Adler បាន​ថ្លែង​ថា៖ ​«យើង​ពិត​ជា​មាន​ក្តី​រីករាយ​​ខ្លាំង​ណាស់​​ដែល​ប្រទេស ​មីយ៉ាន់ម៉ា ​បាន​ដោះលែង​អ្នក​កាសែត​ដ៏​អង់​អាច​របស់​យើង​​»។

ពួក​គេ​​ត្រូវ​បាន​ដោះលែង​ក្នុង​ការ​លើកលែង​ទោស​មួយ​ដែល​នៅ​ក្នុង​នោះ​មាន​អ្នក​ទោស​ជាង​ ៦ ​ពាន់​នាក់​។

អ្នក​នាំពាក្យ​រដ្ឋាភិបាល ​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា​ សមាជិក​គ្រួសារ​បាន​ផ្ញើ​លិខិត​ជា​ច្រើន​ច្បាប់​ជូន​លោកស្រី ​ស៊ូជី​ និង​ លោក​ប្រធានាធិបតី ​Win Myint។

អ្នក​នាំពាក្យ​លោក Zaw Htay ​បាន​ថ្លែង​ថា ​ក្រោយ​ពី​ក្រុម​មេ​ដឹកនាំ​បាន​យក​ផល​ប្រយោជន៍​យូរ​រយៈពេល​វែង​​របស់​ប្រទេស​មក​ពិចារណា​រួច​មក​អ្នក​កាសែត Reuters ​ទាំង ​២ ​រូប​ ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​។

បុរស​ទាំង​ ​២ រូប បាន​គ្រវី​ដៃ​របស់​ពួក​គេ​ជា​មួយ​នឹង​ការ​ញញឹម​ពព្រាយ ​ខណៈ​ពួក​គេ​ដើរ​ចេញ​ពី​ពន្ធនាគារ​នោះ​។

ពួក​គេ​ត្រូវ​បាន​ផ្តន្ទាទោស​​ពី​បទ​​រំលោភ​ច្បាប់​សម្ងាត់​ផ្លូវ​ការ​របស់​មីយ៉ាន់ម៉ា​៕ AFP/PSA