ក្រុង​សេ​អ៊ូ​លៈ ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក​មូ​ន ជេ​អ៊ីន​កាលពី​ថ្ងៃ​អង្គារ បាន​អំពាវនាវ​ឲ្យ​ប្រធានា​ធិបតី​ដូណាល់ ត្រាំ​និង​មេដឹកនាំ​កូរ៉េខាងជើង​គីម ជុងអ៊ុន​ធ្វើ «ការ​សម្រេ​ចចិត្ត​យ៉ាង​មុតមាំ​មួយ» ក្នុង​ការ​លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ ខណៈ​ដែល​សេតវិមាន បាន​ឲ្យ​ដឹង​ថា​ខ្លួន​បាន​កំពុង​តែ​គ្រោង​រៀបចំ​កិច្ច​ប្រជុំ​មួយ​ទៀត​ជាមួយ​ក្រុង​ព្យុងយ៉ាង។

លោក​មូ​ន​បាន​ថ្លែងថា៖ «ការលុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​ទាំងស្រុង​ចេញពី​ឧបទ្វីប​កូរ៉េ​គឺជា​សំណុំ​រឿង​មួយ​ដែល​គួរ​តែ​ត្រូវ​បាន​ដោះ​ស្រាយ ដោយ​អាមេរិក និង​កូរ៉េខាងជើង​តាមរយៈ​ការ​ចរចា»។

លោក​បាន​ថ្លែងថា៖ «ប៉ុន្តែ​ទាល់តែ​កិច្ចពិភាក្សា និង​ទំនាក់ទំនង​រវាង​កូរ៉េខាងជើង និង​អាមេរិក​មាន​ភាព​សកម្ម​ជាង​មុន យើង​មិន​អាច​ធ្វើ​អ្វី​បាន​ក្រៅ​ពី​ជួយ​សម្រប​សម្រួល​ពួកគេ​នោះ​ទេ»។

លោក​បាន​បន្ថែមថា៖ «លោក​ប្រធានាធិបតី​ត្រាំ​និង​មេដឹកនាំ គីម ជុង​អ៊ុន បានស្នើ​ឲ្យ​ខ្ញុំ​ដើរតួ​ជា​អ្នក​សម្រប​សម្រួល​នេះ»។

សម្តី​របស់លោក​បានកើត​ឡើង បន្ទាប់ពី​សេត​វិមាន​ថ្លែងថា ខ្លួន​កំពុងតែ​ស្ថិតនៅ​ដំណើរ​ការ​រៀបចំ​កិច្ច​ប្រជុំ​រវាង​លោក​ត្រាំ និង​លោក​គីម ជុងអ៊ុន ក្រោយ​ពេល​ក្រុង​ព្យុងយ៉ាង​បាន​ស្នើ​ឲ្យ​មាន​កិច្ច​ប្រជុំ​ជា​លើក​ទី ២ នៅ​ក្នុង​សំបុត្រ​មួយ​ផ្ញើ​ទៅ​កាន់​លោក​ត្រាំ។

លោក​មូ​ន ជេ​អ៊ី​ន ដែលជា​អ្នកសម្របសម្រួល​កិច្ចប្រជុំ​កាលពី​ខែមិថុនា​ក្នុងប្រទេស​សិង្ហ​បុរី​រវាង​លោក​ត្រាំ និង​លោក​គីម ជុងអ៊ុន នឹង​ហោះ​ហើរ​ទៅ​កាន់​ក្រុង​ព្យុងយ៉ាង​នៅ​សប្ដាហ៍​ក្រោយ​ដើម្បី​ចូលរួម​កិច្ច​ប្រជុំ​លើក​ទី ៣ ជាមួយ​លោក​គីម ជុងអ៊ុន នៅ​ក្នុង​ឆ្នាំ​នេះ។

លោក​បាន​ថ្លែង​ថា៖ «ទស្សន​វិស័យ​ធំ​ទូលាយ និង​ការ​សម្រេច​ចិត្ត​យ៉ាង​មុតមាំ​រវាង​ថ្នាក់​ដឹកនាំ​កូរ៉េខាងជើង និង​US»៕