ក្រុងសេអ៊ូល៖ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​រាយការណ៍​កាល​ពី​ថ្ងៃ​ពុធ​ថា ​មេ​ដឹកនាំ​កូរ៉េ​ខាង​ជើង ​លោក​ គីម​ ជុងអ៊ុន ​បាន​ជិះ​សេះ​ស​ទៅ​ទស្សនកិច្ច​ភ្នំ​ Paekdu ​ជា​ភ្នំ​ដែល​មាន​កំពូល​ខ្ពស់​ជាង​គេ​នៅ​ឧបទ្វីបកូរ៉េ​ ដែល​ត្រូវ​បាន​ចាត់​ទុក​ជា​កន្លែង​កំណើត​ឪពុក​របស់​លោក ​ដោយ​បាន​រិះគន់​អាមេរិក ​និង​អំពាវនាវ​ឲ្យ​មាន​កិច្ច​ប្រឹងប្រែង​ជឿ​ទុក​ចិត្ត​ខ្លួន​ឯង​ថែម​ទៀត​ ដើម្បី​ធ្វើ​ឲ្យ​ទណ្ឌកម្ម​ទាំង​នោះ​បរាជ័យ​។​

លោក ​គីម ​ជុង​អ៊ុន​ បាន​ទៅ​ទស្សនកិច្ច​ភ្នំ​នេះ​ ដែល​ត្រូវ​បាន​ចាត់​ទុក​ជា​កន្លែង​មួយ​ក្នុង​ចំណោម​កន្លែង​ស័ក្តិសិទ្ធិ​បំផុត​នៅ​ឧបទ្វីប​នេះ ​​មុន​នឹង​មាន​ការ​សម្រេច​ចិត្ត​លើ​ផ្នែក​នយោបាយ​ ឬ​ការ​ទូត​ និង​ព្រឹត្តិការណ៍​ផ្សេងៗ​​​ ហើយ​ទស្សនកិច្ច​ថ្មី​បំផុត​នេះ​បាន​នាំ​ឲ្យ​មាន​ការ​រំពឹង​ទុក​ថា​នឹង​មាន​ការ​សម្រេច​ចិត្ត​ធំ​មួយ​ទៀត​ អាច​នឹង​កើត​ឡើង ​នៅ​ពេល​ខាង​មុខ​នេះ​។ ​​

ទីភ្នាក់ងារ​សារព័ត៌មាន​មជ្ឈិម​កូរ៉េ​ (KCNA) ​បាន​រាយការណ៍​ថា ​មេ​ដឹកនាំ​កូរ៉េ​ខាង​ជើង​រូប​នេះ ​«បាន​ឡើង​ភ្នំ ​Paekdu ដោយ​ជិះ​សេះ​ស ​១ ​ក្បាល ​ដើរ​កាត់​ព្រិល​ជា​លើក​ដំបូង​» ដោយ​បាន​បញ្ចេញ​រូបថត​ជា​ច្រើន​សន្លឹក​របស់​លោក​ដែល​ជិះ​សេះ​ឡើង​ភ្នំ​គ្រប​ដណ្តប់​ដោយ​ព្រិល​នោះ។​

លោក​ក៏​បាន​ទៅ​ទស្សនកិច្ច​តំបន់​ទេសចរណ៍​ពិសេស​មួយ​ ដែល​កំពុង​ត្រូវ​បាន​សាងសង់​នៅ​ក្នុង​តំបន់​ Samjiyon​ នៅ​ជាប់​នឹង​ជើង​ភ្នំ​នេះ​និង​បាន​រិះគន់​អាមេរិក​ចំពោះ​ការ​ដាក់​ទណ្ឌកម្ម ​និង​សម្ពាធ​ប្រឆាំង​នឹង​ប្រទេស​កុម្មុយនីស្ត​មួយ​នេះ​។

លោក​គីម ​ជុង​​អ៊ុន​ បាន​ថ្លែង​​ថា៖ ​«ស្ថានការណ៍​នៃ​ប្រទេស​នេះ ​កំពុង​ជួប​ការ​លំបាក ​ដោយសារ​ទណ្ឌកម្ម ​និង​សម្ពាធ​ឥត​ឈប់ឈ​របស់​កម្លាំង​អារិភាព​ និង​មាន​ការ​លំបាក​ និង​បញ្ហា​ជា​ច្រើន​ទៀត​ដែល​យើង​កំពុង​ប្រឈម»។ ​នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន ​KCNA បាន​ឲ្យ​ដឹង​ដូច្នេះ​។ ​ ​

«ការ​ឈឺ​ចាប់​ដែល​កម្លាំង​អារិភាព​ដឹកនាំ​ដោយ​អាមេរិក​ប្រឆាំង ​DPRK ​បង្ក​មក​លើ​ប្រជាជន​កូរ៉េ​នោះ​លែង​ឈឺ​ចាប់​ទៀត​ហើយ​ ប៉ុន្តែ​វា​បាន​ក្លាយ​ទៅ​ជា​កំហឹង​របស់​ពួក​គេ​ទៅ​វិញ​»។

DPRK ​តំណាង​ឲ្យ​ឈ្មោះ​ផ្លូវ​ការ​របស់​ប្រទេស ​កូរ៉េ​ខាង​ជើង​ គឺ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​កូរ៉េ។

លោក​បាន​ថ្លែង​ថា​៖ «នៅ​ពេល​ណា​​ក៏​ដោយ​ឲ្យ​តែ​សត្រូវ​ទាំង​នោះ ​ព្យាយាម​ធ្វើ​ឲ្យ​យើង​ថប់​ដង្ហើម​ដោយសារ​សម្ពាធ​ជា​បន្ត​បន្ទាប់​នោះ ​ប្រទេស​នេះ​ ត្រូវ​​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​ថែម​ទៀត ​ដើម្បី​រស់នៅ​ឲ្យ​បាន​ល្អ ​នៅ​ក្រោម​បដា​មួយ​ថា ​ស្មារតី​នៃ​ការ​ជឿ​ទុក​ចិត្ត​ខ្លួន​ឯង​ដ៏​អស្ចារ្យ​ ដើម្បី​ធ្វើ​ឲ្យ​សត្រូវ​ទាំង​នោះ ​ទទួល​រង​ការ​ឈឺ​ចាប់​ឥត​ស្រាកស្រាន្ត»។​

លោក​ក៏​បាន​អបអរ​សាទរ ​និង​សម្តែង​ការ​ដឹង​គុណ​ដល់​កម្មករ​សំណង់​ចំពោះ​ការ​សាងសង់​ក្រុង​នៅ​តំបន់​ភ្នំ​ជា​គំរូ​ដោយ​គ្មាន​អ្វី​ប្រៀប​ផ្ទឹម​នៅ​ក្នុង​ពិភព​លោក​ នៅ​ពេល​ដែល​ប្រទេស ​កូរ៉េ​ខាង​ជើង​ បាន​ប្រឈម​នឹង​ការ​លំបាក ​និង​បទពិសោធ​គ្រប់​ប្រភេទ ​នៅ​ពេល​វេលា​ដ៏​សំខាន់​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​។

មេ​ដឹកនាំ​កូរ៉េខាង​ជើង​ លោក គីម ជុងអ៊ុន បាន​បញ្ជា​ឲ្យ​កម្មករ​ទាំង​អស់​បញ្ចប់​ការ​សាងសង់​នៅ​ក្នុង​ប្រទេស​នៅ​ត្រឹម​ថ្ងៃ​ខួប​ទី ​៧៥ ​នៃ​ការ​បង្កើត​គណបក្ស​ ដែល​កំពុង​គ្រប់គ្រង​ប្រទេស​នេះ៕ Yonhap/PSA