ក្រុង​សេ​អ៊ូ​លៈ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េខាងជើង បាន​រាយការណ៍​កាល​ពី​ថ្ងៃ​ចន្ទ​ថា មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន បាន​ជួប​ជាមួយ​ប្រធានា​ធិបតី​គុយបា ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ក្រុង​ព្យុងយ៉ាង​នេះ និង​បាន​ពិភាក្សា​អំពី​បញ្ហា​សំខាន់ៗ​នៃ​កង្វល់​រួម​ស្តីពី​ស្ថានការណ៍​អន្តរជាតិ​នៅ​ពេល​បច្ចុប្បន្ន​នេះ។

ដំណើរ​ទស្សនកិច្ច​រប​ស់លោក MiguelDiaz-Canel បានកើត​ឡើង នៅ​ចំ​ពេល​ដែល​កិច្ចចរចា​រវាង​កូរ៉េខាងជើង និង​អាមេរិក​ជាប់​គាំង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពី​ក្រុង​វ៉ាស៊ីនតោន បាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ទៅ​លើ​គុយបា​ថ្មីៗ​នេះ។

ចំណងទាក់ទង​រវាង​ក្រុង​វ៉ាស៊ីនតោន ជាមួយ​ក្រុង​ឡា​ហាវ៉ាន ត្រូវបាន​ស្តារឡើង​វិញ​នៅ​ក្នុង​ឆ្នាំ ២០១៥ បន្ទាប់​ពី​មាន​អរិភាព​ជាមួយ​គ្នា​អស់​រយៈពេល​ជាង​កន្លះ​សតវត្សរ៍​មក​នោះ ប៉ុន្តែ​បាន​ធ្វើ​ឲ្យ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ចាប់​តាំង​ពី​ប្រធានា​ធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ ឡើង​កាន់​អំណាច​មក។

ប្រទេស​គុយបា គឺជា​សម្ព័ន្ធមិត្ត​មួយ​ក្នុងចំណោម​សម្ព័ន្ធមិត្ត​របស់​កូរ៉េខាងជើង។ ភ្នាក់ងារ​ព័ត៌មាន KCNA ជា​ផ្លូវការ​របស់​កូរ៉េខាងជើង បាន​ឲ្យ​ដឹង​ថា៖ «ក្នុង​អំឡុង​ជំនួប​នោះ មេដឹកនាំ​ទាំង ២ បាន​ផ្លាស់ប្តូរ​ទស្សនៈ​ស៊ី​ជម្រៅ​អំពី​បញ្ហា​នៃ​កង្វល់​រួមគ្នា​ទៅលើ​ស្ថានការណ៍​អន្តរជាតិ និង​ការ​ឯក​ភាព​គ្នា​ទៅ​លើ​បញ្ហា​ជាច្រើន​រវាង​ប្រទេស​របស់​ពួកគេ»។

ទូរទស្សន៍ KCNA បាន​រាយការណ៍​ទៀតថា លោក Diaz-Canel ត្រូវ​បានទទួល​ស្វាគមន៍ ដោយ​លោក​គីម ជុងអ៊ុន និង​ភរិយា​របស់​លោក គឺ​លោកស្រី Ri Sol Ju នៅ​ឯ​ព្រលាន​យន្តហោះ​អន្តរជាតិ​ក្រុង​ព្យុងយ៉ាង​កាល​ពី​ថ្ងៃ​អាទិត្យ ជាទី​ដែល​លោក​ទទួល​បាន​ការ​គោរព​ពី​ឆ្មាំ​កាន់​កាំភ្លើង ២១ នាក់ ហើយ​ក្រោយ​មក​ទៀត​បាន​ចូលរួម​ពិធី​ជប់​លៀង​ទទួល​ទាន​អាហារ​ពេល​ល្ងាច និង​មាន​ការ​ទស្សនា​កម្សាន្ត​ការ​ប្រគំ​តន្ត្រី ជា​ការ​ស្វាគមន៍​យ៉ាង​ពិសេស​នៅ​ក្នុង​ទឹកដី​កូរ៉េខាងជើង៕