ក្រុង​សេ​អ៊ូ​លៈ ក្រសួង​បង្រួបបង្រួម បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ចន្ទ​ថា មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន នៅ​តែ​មាន​លទ្ធភាព​ទៅ​បំពេញ​ទស្សនកិច្ច​កូរ៉េខាងត្បូង នៅ​មុន​ដំណាច់​ឆ្នាំ​នេះ ដោយ​បាន​បន្ថែម​ថា រដ្ឋាភិបាល​នេះ​បន្ត​ត្រៀម​រៀបចំ​អ្វី​ដែល​ពាក់​ព័ន្ធ។

លោក Baik Taehyun អ្នកនាំពាក្យ​ក្រសួង​នេះ​បាន​ថ្លែងប្រាប់​សន្និសីទកាសែត​មួយ​ថា៖ «យើង​នៅ​តែ​មិន​ផ្លាស់ប្តូរ​គោល​ជំហរ​របស់​យើង ដែល​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក គីម ជុង​អ៊ុន នឹង​អាច​កើត​ឡើង​ជា​ចាំបាច់​នៅ មុន​ដំណាច់​ឆ្នាំ​នេះ»។

យើង​នឹង​ត្រៀម​រៀបចំអ្វីៗ ដែល​ពាក់ព័ន្ធ​នឹង​កិច្ចប្រឹងប្រែង ដើម្បី​សម្រេចបាន​កិច្ច​ព្រម​ព្រៀង​នានា​រវាង​កូរ៉េ​ទាំង ២ ដោយ​គ្មាន​បញ្ហា​អ្វី​កើត​ឡើង។

នៅក្នុង​ជំនួប​លើក​ទី ៣ នៅក្នុង​ក្រុង​ព្យុងយ៉ាង​កាលពី​ខែកញ្ញា លោក គីម ជុង​អ៊ុន បាន​សន្យា​ថា​នឹង​ទៅ​ទស្សនកិច្ច​នៅ​កូរ៉េខាងត្បូង នៅ​ពេល​ណាមួយ​សម​ស្រប ដែល​ជា​ថ្នូរ​នឹង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធានា​ធីបតី​មូន​ទៅ​កាន់​រដ្ឋធានី​របស់​កូរ៉េខាងជើង។

​មីស៊ីល​បា​លី​ស្ទិក​​ដែលកូរ៉េ​ខាង​ជើង​បាញ់សាកល្បង​នា​ពេលកន្លងទៅ។ AFP

ដំណើរ​ទស្សនកិច្ច​រប​ស់លោក គីម ជុង​អ៊ុន ទៅកាន់ កូរ៉េខាងត្បូង​ត្រូវបាន​រំពឹងទុក​ថា​នឹង​កើត​ឡើង​នៅ​ចុង​ឆ្នាំ​នេះ ប៉ុន្តែ​មាន​ក្តី​មន្ទិល​សង្ស័យ​ថា ទស្សនកិច្ច​នោះ កើត​ឡើង​តាម​ការ​ស្នើ ស្រប​ពេល​ជាមួយ​កិច្ច​ពិភាក្សា​ពី​ការ​លុប​បំបាត់​នុយក្លេអ៊ែរ​រវាង​កូរ៉េខាងជើង និង​អាមេរិក​បាន​ជាប់​គាំង​នោះ។

នៅក្នុង​អំឡុង​ជំនួប​មួយ​ជាមួយ​លោក​មូ​ន​នៅ​អា​ហ្ស​ង់​ទីន​កាលពី​សប្តាហ៍​មុន លោក​ប្រធានា​ធិបតី ដូណាល់ ត្រាំ​បាន​ផ្តល់​ភ្លើង​ខៀវ​ដល់​ដំណើរ​ទស្សនកិច្ច ដែល​នឹង​កើត​ឡើង​នៅ​មុន​ជំនួប​លើក​ទី ២ រវាង​លោក និង​មេដឹកនាំ​កូរ៉េខាងជើង​នោះ ដោយ​បាន​ថ្លែង​ថា​ដំណើរ​ទស្សនកិច្ច​របស់ គីម​ជុង​អ៊ុន ទៅ​កូរ៉េខាងត្បូង នឹង​ជួយ​បង្កើន​កម្លាំង​ជំរុញ​សម្រាប់​កិច្ច​ប្រឹង​ប្រែង ដើម្បី​លុប​បំបាត់​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ។

ទន្ទឹមនឹងនេះ ដោយមាន​ការចាប់ផ្តើម​ធ្វើការ​ត្រួតពិនិត្យ​ផ្លូវ​រថភ្លើង​រួមគ្នា​ជាមួយ​កូរ៉េខាងជើង​នោះ លោក Baik ថ្លែង​ថា កិច្ចការ​នានា នឹង​ដំណើរការ​ទៅ​មុខ ដោយ​មិន​មាន​បញ្ហា​អ្វី​មករា​រាំង​ទេ៕

Yonhap/PSA