ក្រុង​ហុងកុងៈ​ មេ​ដឹកនាំ​ក្រុង​ហុងកុង​លោកស្រី​ Carrie Lam​ កាល​ពី​ថ្ងៃ​អង្គារ​ បាន​សុំទោស​ចំពោះ​ចលាចល​នយោបាយ​ ដែល​បាន​ធ្វើ​​ឲ្យ​ក្រុង​ហុងកុង​រង្គោះរង្គើ​ ប៉ុន្តែ​ប្រមុខ​ប្រតិបត្តិ​គាំទ្រ​ក្រុង​ប៉េកាំង​ បាន​បដិសេធ​មិន​ព្រម​ចុះ​ចាញ់​តាម​ការ​ទាមទារ​ឲ្យ​លោកស្រី​ចុះចេញ​ពី​តំណែង​នោះ​ទេ​។​

ទឹក​ដី​ពាក់​កណ្តាល​ស្វយ័ត​មួយ​នេះ​ ត្រូវ​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​វិបត្តិ​ដ៏​ធំ​បំផុត​របស់​ខ្លួន​ក្នុង​ប៉ុន្មាន​ទសវត្សរ៍​មក​នេះ​ ដោយ​មាន​ប្រជាជន​រាប់​លាន​នាក់​បាន​ចេញ​តាម​ដង​ផ្លូវ​ ដើម្បី​ទាមទារ​ឲ្យ​ដក​ច្បាប់​ដែល​នឹង​អនុញ្ញាត​ឲ្យ​ធ្វើ​បត្យាប័ន​ជាមួយ​ចិន​ដី​គោក។​

លោកស្រី​ Carrie Lam​ បាន​ពន្យារ​ច្បាប់​នោះ​កាល​ពី​ថ្ងៃ​សៅរ៍​ ក្រោយ​ពី​មាន​ការ​ប្រមូល​ផ្តុំ​ទ្រង់ទ្រាយ​ធំ ​២​ ដែល​បាន​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​រវាង​ប៉ូលិស​ និង​ក្រុម​អ្នក​តវ៉ា។​

ក្រុម​អ្នក​រៀបចំ​បាន​ថ្លែង​ថា ​ប៉ុន្តែ​​ការ​ពន្យារ​នោះ​មិន​បាន​ធ្វើ​ឲ្យ​សាធារណជន​ថយ​កំហឹង​ទេ​ ហើយ​ការ​ជួបជុំ​​​​ធំ​ជាង​មុន​កាល​ពី​ថ្ងៃ​អាទិត្យ​ បាន​ទាក់ទាញ​មនុស្ស​ជាង ​២ ​លាន​នាក់ ​ឲ្យ​ចូល​រួម​ គឺ​ចំនួន​លើស ​១ ​ភាគ ៤ ​នៃ​ចំនួន​ប្រជាជន​​ក្រុង​ហុងកុង​។​

លោកស្រី​ Carrie Lam​ បាន​ថ្លែង​ប្រាប់​សន្និសីទ​សារព័ត៌មាន​ថា​៖ «​ខ្លួន​ខ្ញុំ​ផ្ទាល់​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​បញ្ហា​នេះ​។ ​ច្បាប់​នេះ បាន​បង្ក​ឲ្យ​មាន​ភាព​ចម្រូង​ចម្រាស ជម្លោះ​នានា ​និង​ក្តី​កង្វល់​នៅ​ក្នុង​សង្គម​»​។​

«​ចំពោះ​បញ្ហា​នេះ ​ខ្ញុំ​សូម​អភ័យទោស​យ៉ាង​ស្មោះ​អស់​ពី​ចិត្ត​របស់​ខ្ញុំ​ ចំពោះ​ប្រជាជន​នៅ​ក្រុង​ហុងកុង​ទាំង​អស់​​»​។​

ក្រុម​អ្នក​តវ៉ា​បាន​ទាមទារ​ថា​ ​ច្បាប់​នោះ​គួរ​តែ​ត្រូវ​បាន​ដក​ចេញ​ទាំង​ស្រុង​ ​ចំណែក​​លោកស្រី​ Carrie Lam​ ​ត្រូវ​ចុះ​ចេញ​ពី​តំណែង និង​​ស៊ើប​អង្កេត​​លើ​ប៉ូលិស​​​​ដែល​ប្រើប្រាស់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក ​និង​​គ្រាប់​កាំភ្លើង​កៅស៊ូ​បំបែក​ការ​តវ៉ា៕ AFP