ក្រុង​សា​ណាៈ មន្ត្រី​ជាន់ខ្ពស់​ម្នាក់​នៃ​ក្រុម​ឧទ្ទាម​ហ៊ូ​ធី​បាន​អំពាវនាវ​ឲ្យ​ក្រុម​ឧទ្ទាម​បញ្ឈប់​ការ​បាញ់​គ្រាប់​រ៉ុក្កែត និង​ការ​ប្រើ​ប្រាស់​យន្តហោះ​ដ្រូន​នៅ​ក្នុង​ជម្លោះ​នៅ​យេម៉ែន ខណៈ​ប្រេសិត​របស់​អង្គការ​សហ​ប្រជា​ជាតិ ត្រៀម​ធ្វើ​ដំណើរ​ទៅ​ប្រទេស​នេះ ដើម្បី​រៀបចំ​កិច្ច​ចរចា​សន្តិភាព។

លោក MohammedAli al-Huthi ប្រធាន​គណៈកម្មាធិការ​បដិវត្តន៍​ជាន់ខ្ពស់ និង​ជា​មន្ត្រី​នយោបាយ ដែល​មាន​ឥទ្ធិពល​ម្នាក់ បាន​ថ្លែង​នៅ​លើ​គេហទំព័រ​ធ្វីធើរ​ថា ក្រុម​របស់​លោក​ចង់​ឲ្យ «មន្ត្រី​គ្រប់​ភាគី​យេម៉ែន​ទាំង​អស់» ទាមទារ​ឲ្យ​មាន​បទ​ឈប់​បាញ់​មួយ។

លោក​បាន​សរសេរ​លើ​គេហ​ទំព័រ​ធ្វី​ធើ​រថា៖ «ពួកយើង​បានចាប់ផ្តើម​ប្រកាស​ទៅ​ក្រុម​មន្ត្រី​គ្រប់​ភាគី​យេម៉ែន​ទាំង​អស់​ឲ្យ​បញ្ឈប់​ការ​បាញ់​គ្រាប់​រ៉ុក្កែត និង​ប្រើ​យន្តហោះ​ដ្រូន​វាយ​ប្រហារ​ប្រឆាំង​ប្រទេស​ទាំង​នេះ ដើម្បី​បន្ត​ការ​ឈ្លាន​ពាន និង​ការ​ឡោម​ព័ទ្ធ​របស់​ពួកគេ​រួម​ជាមួយ​នឹង​ការ​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​បញ្ឈប់​កិច្ច​ប្រតិបត្តិការ​យោធា​ទាំង​អស់​ទៅ​លើ​គ្រប់​ខ្សែ​ត្រៀម​ទាំង​អស់ ដើម្បី​ទទួល​បាន​សន្តិភាព»។

សម្តី​របស់លោក​បានកើតឡើង ក្រោយពី​ប្រេសិត​ពិសេស​អង្គការសហប្រជាជាតិ​លោក Martin Griffiths បាន​ថ្លែង​កាល​ពី​ថ្ងៃ​សុក្រ​ថា លោក​គ្រោង​ធ្វើ​ដំណើរ​ទៅ​ក្រុង​សាណា ដែល​កាន់​កាប់​ដោយ​ក្រុម​ឧទ្ទាម​នៅ​ក្នុង​សប្តាហ៍​ក្រោយ​ដើម្បី​បញ្ចប់​ការ​រៀបចំ​សម្រាប់​ធ្វើ​កិច្ច​ចរចា​សន្តិភាព​ដែល​នឹង​កើត​ឡើង​នៅ​ប្រទេស​ស៊ុយអែត​នៅ​ពេល​ឆាប់ៗ​នេះ។

លោក Griffiths ដែល​កិច្ចខិតខំ​ប្រឹងប្រែង​របស់​លោក ដើម្បី​ចាប់ផ្តើម​ចរចា​សន្តិភាព​បាន​បរា​ជ័យ​កាល​ពី​ខែ​កញ្ញា​កន្លង​ទៅ​នោះ​បាន​ថ្លែង​ថា ភាគី​រដ្ឋាភិបាល ដែល​គាំទ្រ​ដោយ​អារ៉ាប៊ី សាអ៊ូឌីត និង​ក្រុម​ឧទ្ទាម​ហ៊ូធី បាន​បង្ហាញ​ការ «ប្តេជ្ញា​ចិត្ត​សាជា​ថ្មី» មួយ​ដើម្បី​ធ្វើការ​ដោះ​ស្រាយ​នយោបាយ​មួយ ហើយ​អះអាង​យ៉ាង​ម៉ឺង​ម៉ាត់​ថា​ពួកគេ​នឹង​ចូលរួម​កិច្ច​ចរចា​នោះ៕