ក្រុង​បាងកក៖ ​សន្តិសុខ​ ​​និង​បទ​បញ្ជា​ចរាចរណ៍​ដ៏​តឹងរ៉ឹង​ ត្រូវ​បាន​ដាក់​នៅ​ក្នុង​កន្លែង​ដែល​សម្តេច ​ប៉ាប ​ហ្វ្រង់ស៊ីស​ បាន​មក​ដល់​កាល​ពី​ថ្ងៃ​ពុធ​ ខណៈ​ក្រុម​មេ​ដឹកនាំ​សាសនា​ផ្សេងៗ ​ត្រៀម​ជួប​សម្តេច ​ប៉ាប ​នៅ​ថ្ងៃ​សុក្រ​។​

លោក​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​អ៊ីតធីផុល ​គុណផ្លោម ​បាន​ថ្លែង​ថា​ សម្តេច ​ប៉ាប​ នឹង​មើល​ឃើញ​ប្រជាជន​ដែល​កាន់​សាសនា​ផ្សេងៗ​នៅ​​ប្រទេស ​ថៃ ​មក​ជួប​ជុំ​គ្នា​ប្រកប​ដោយ​សន្តិភាព ​និង​ចុះ​សម្រុង​គ្នា។ ​

លោក​ឪពុក​​ Joseph Anu-cha Chaiyadej ប្រធាន​ផ្នែក​ទំនាក់​ទំនង​សង្គម​នៃ​សាសនា​កាតូលិក​នៅ​ប្រទេស ​ថៃ ​បាន​ថ្លែង​ថា​ សម្តេច ​ប៉ាប ​ត្រូវ​បាន​គេ​រំពឹង​ទុក​ថា​នឹង​ផ្លាស់ប្តូរ​យោបល់​ទៅ​លើ​ប្រធានបទ​ស្តីពី​សន្តិភាព​​ពិភព​លោក​ជាមួយ​មេ​ដឹកនាំ​​សាសនា​ដទៃ​ទៀត។ សម្តេច ជឿ​ថា​ សាមគ្គីភាព​អន្តរ​សាសនា​ គឺ​ជា​គន្លឹះ​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​នៅ​ក្នុង​សង្គម​។

លោក​បាន​បន្ថែម​ថា ​មនុស្ស​រាប់​ម៊ឺន​នាក់​ ត្រូវ​បាន​រំពឹង​ទុក​ថា​នឹង​ជុំ​គ្នា​នៅ​ពហុកីឡដ្ឋាន​ជាតិ​ស្ថិត​នៅ​ផ្លូវ​ Rama I​ ជា​ទី​ដែល​សម្តេច ​ប៉ាប​ នឹង​ប្រារព្ធ​ការ​ជួប​ពិធី​សាសនា​ដ៏​ធំ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។

​សិស្សសាលា​​​ហា​ត់​​​សមនៅក្នុង​​​ពហុកីឡដ្ឋាន​ Nimibutr នៅមុនសម្តេចប៉ាប​មកដល់ថៃ។AFP

ដោយ​ឡែក ​ប្រមុខ​រង​ប៉ូលិស​ជាតិ លោក​ Suwat​ Chaengyodsuk បាន​ប្រកាស​បើក​មជ្ឈមណ្ឌល​សម្រប​សម្រួល​ចរាចរណ៍ ​និង​សន្តិសុខ​ ២៤ ​ម៉ោង ​កាល​ពី​ថ្ងៃ​អង្គារ ​និង​ថ្លែង​ថា​ មនុស្ស​ដែល​ចូល​ទៅ​កន្លែង​​នានា​ដើម្បី​ស្វាគមន៍​សម្តេច​ ប៉ាប​ នឹង​ត្រូវ​ឆ្លង​កាត់​ការ​ស្កេន​យ៉ាង​ហ្មត់ចត់​។​​

មន្ត្រី​ប៉ូលិស​មិន​លើស​ពី ​៦ ៥០០ ​នាក់ ​នឹង​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ក្នុង​ក្រុង​បាងកក ​និង​ខេត្ត​ណាក់ខុន​ ប៉ាធុម​ សម្រាប់​ដំណើរ​ទស្សនកិច្ច​រយៈពេល ​៤ ថ្ងៃ ​របស់​សម្តេច ​ប៉ាប។​

លោក​ស្នងការ​រង​ប៉ូលិស​ក្រុង Jirasan Kaewsaeng-ek បាន​បញ្ជាក់​ថា ​ផ្លូវ​ខ្លះ​នឹង​ត្រូវ​បិទ​ចាប់​ពី​ម៉ោង ​១២ ​និង ៣០ ​នាទី ​រហូត​ដល់​ម៉ោង​ ១ ​រសៀល​ថ្ងៃ​ពុធ​ និង​ចាប់​ពី​ម៉ោង ​៨ ​និង ​៣០ ​នាទី​ព្រឹក​ថ្ងៃ​អង្គារ​ នៅ​ពេល​សម្តេច​ ឡើង​យន្តហោះ​ទៅ​ប្រទេស ​ជប៉ុន​។ ​ការ​បិទ​នោះ​នឹង​ត្រូវ​អនុវត្ត​នៅ​ផ្លូវ​ Don Muang Tollway​ Din Daeng ​និង​ផ្លូវ​សម្រាប់​ល្បឿន​លឿន​ Rama IV និង​ផ្លូវ​ Rama IV ​និង ​Sathon។

សន្តិសុខ​ក៏​នឹង​ត្រូវ​រឹត​បន្តឹង ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ​និង​ថ្ងៃ​សុក្រ​នៅ​ពេល​សម្តេច​ប៉ាប​ទស្សនកិច្ច​ចំនួន ​៨ ​កន្លែង ​គឺ​មួយ​នៅ​ក្នុង​ខេត្ត​ណាក់ខន​ ផាធុម​ និង ​៧ ​ទៀត ​នៅ​ក្នុង​ក្រុង​បាងកក​ ពោល​គឺ​វិមាន​រដ្ឋាភិបាល ​មន្ទីរពេទ្យ St Louis ​វិមាន​ Ambara Villa at Dusit ​វត្ត​រ៉ាចា​បូហ្វីត​ ពហុ​កីឡដ្ឋាន​ជាតិ​ សាកលវិទ្យាល័យ​ជូឡាឡុងកន​ និង​មហា​វិហារ​ជំនឿ​សាសនា​នៅ​ស្រុក​បាងរ៉ាក់៕ BKP/PSA