ក្រុង​ប៉ារីសៈ ​មេ​ដឹកនាំ​មហា​អំណាច​អឺរ៉ុប​សំខាន់ ​៣ ​ប្រទេស​កាល​ពី​ថ្ងៃ​អាទិត្យ​ បាន​អំពាវនាវ​ឲ្យ​មាន​កិច្ច​ចរចា​​បញ្ចប់​ភាព​ចម្រូង​ចម្រាស​ជុំវិញ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​ ខណៈ​ភាព​តានតឹង​កាន់​តែ​ខ្លាំង​ឡើង​រវាង​ក្រុង​តេអេរ៉ង់​ និង​អាមេរិក។​

សេចក្តី​ថ្លែងការណ៍​ បាន​ធ្វើ​ឡើង​ដោយ​ក្រុម​មេ​ដឹកនាំ​អង់គ្លេស​ បារាំង ​និង​អាល្លឺម៉ង់​ បាន​បង្ហាញ​ក្តី​បារម្ភ​ថា កិច្ច​ព្រមព្រៀង​ឆ្នាំ ​២០១៥ ​អំពី​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​ បាន​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​ ដែល​ត្រូវ​ដោះស្រាយ​បន្ថែម​ទៀត​ ប៉ុន្តែ​សេចក្តី​ថ្លែងការណ៍​នោះ ​បាន​ឲ្យ​ដឹង​ទៀត​ថា​ វា​អាស្រ័យ​ទៅ​លើ​ក្រុង​តេអេរ៉ង់ ​ដែល​ត្រូវ​ធានា​ឲ្យ​កិច្ច​ព្រមព្រៀង​នោះ​រស់​ឡើង​វិញ​។​

សេចក្តី​​ថ្លែងការណ៍​ជា​ភាសា​អង់គ្លេស​ដែល​ចេញ​ផ្សាយ​​ដោយ​វិមាន Elysee បាន​​​​ថ្លែង​ថា៖ «​យើង​ជឿជាក់​​ថា​​ ពេលវេលា​បាន​​មក​ដល់​ហើយ​​​​ ដែល​ត្រូវ​ទទួល​ខុស​ត្រូវ​​ និង​​​ស្វែងរក​​​ផ្លូវ​មួយ​​​ដើម្បី​បញ្ចប់​​ភាព​​តានតឹង​នោះ ​​​និង​​​បន្ត​​កិច្ច​ពិភាក្សា​​ជាមួយ​​គ្នា​ត​ទៅ​ទៀត​​​»។

នាវា​ដឹក​ប្រេង​​អ៊ីរ៉ង់​បើក​ឆ្លង​កាត់​ឆ្នេរ​សមុទ្រ Gibraltar ហើយ​ប៉ូលិស Gibraltar ​ចាប់​ខ្លួន​មន្ត្រី ​២ នាក់ ​នៅ​លើ​នាវា​នេះ។ AFP

សេចក្តី​ថ្លែងការណ៍​នោះ ​ត្រូវ​បាន​ផ្សព្វផ្សាយ​ ក្រោយ​ពី​ប្រធានាធិបតី​បារាំង​លោក អេម៉ានុយអែល​ ម៉ាក្រុង​ បាន​រៀបចំ​ទទួល​អធិការបតី​អាល្លឺម៉ង់ ​លោកស្រី​ អេនជេឡា មឺរកែល ​និង​គណៈ​រដ្ឋមន្ត្រី​ជាន់​ខ្ពស់​អង់គ្លេស​លោក ​David-Lidington ​នៅ​ឯ​កន្លែង​ប្រារព្ធ​ពិធី​ព្យុហយាត្រា​ប្រចាំ​ឆ្នាំ​នៅ​ទីក្រុង​ប៉ារីស​។​

សេចក្តី​ថ្លែងការណ៍​នោះ​ បាន​បន្ថែម​ថា៖ ​«​​វា​ចាំបាច់​ណាស់​សម្រាប់​ក្រុម​អ្នក​ចូលរួម​ចំណែក​​ក្នុង​​​​ការ​បង្អាក់ និង​ដោះស្រាយ​ហានិភ័យ ​និង​ពិចារណា​អំពី​លទ្ធភាព​ផលវិបាក​នានា និង​ស្វះស្វែង​រក​វិធី ​ដើម្បី​ទប់ស្កាត់​។

មេ​ដឹកនាំ​ប្រទេស​មហា​អំណាច​អឺរ៉ុប​ទាំង ​៣ ​នោះ​ គឺ​នៅ​ក្នុង​ចំណោម​អ្នក​ដើរ​តួសំខាន់ៗ​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​នៅ​ឆ្នាំ ​២០១៥ ​(​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​ផែនការ​សកម្មភាព​ទូលំទូលាយ​រួម ​ឬ​ JCPOA) ​ស្តី​អំពី​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​អ៊ីរ៉ង់​។​

លោក​ប្រធានាធិបតី ​អេម៉ានុយអែល ម៉ាក្រុង (ស្តាំ) ស្វាគមន៍​​លោកស្រី​អធិការបតី​​ ​អេនជេឡា មឺរកែល​។ AFP

ប៉ុន្តែ​ប្រធានាធិបតី​អាមេរិក ​លោក​ ដូ​ណាល់ ​ត្រាំ​ កាល​ពី​ឆ្នាំ ​២០១៨​ បាន​ប្រកាស​ថា​ ក្រុង​វ៉ាស៊ីនតោន​ កំពុង​ដក​ខ្លួន​ចេញ​ពី​កិច្ច​ព្រមព្រៀង​នោះ​ ដែល​បាន​ធ្វើ​ឲ្យ​ក្រុម​សម្ព័ន្ធមិត្ត​អឺរ៉ុប​របស់​ខ្លួន​ខក​ចិត្ត​យ៉ាង​ខ្លាំង​។​

ដោយ​បាន​ខឹង​សម្បា​ថា​ ការ​ឡោមព័ទ្ធ​សេដ្ឋកិច្ច​របស់​ខ្លួន ​មិន​បាន​ទទួល​ការ​ដក​ទណ្ឌកម្ម​នានា​ដែល​អ៊ីរ៉ង់​ជឿជាក់​ ត្រូវ​បាន​គេ​សន្យា​ស្ថិត​នៅ​ក្រោម​កិច្ច​ព្រមព្រៀង​នោះ​ អ៊ីរ៉ង់​បាន​បង្កើន​ការ​ចម្រាញ់​អ៊ុយរ៉ានីញ៉ូម​របស់​ខ្លួន​បន្ថែម​ទៀត​ ដោយ​បាន​បង្ក​ឲ្យ​មាន​ការ​ព្រមាន​យ៉ាង​ខ្លាំងក្លា​​​ពី​សំណាក់​ទីក្រុង​វ៉ាស៊ីនតោន​។​

ប្រធានាធិបតី​អ៊ីរ៉ង់​ លោក ​ហាស្សាន​ រូហានី​ បាន​ថ្លែង​កាល​ពី​ថ្ងៃ​អាទិត្យ​នៅ​អំឡុង​ពេល​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ខេត្ត​កូរ៉ាសាន់​ភាគ​ខាង​ជើង​នៃ​ប្រទេស ​អ៊ីរ៉ង់ ​ភាគ​ឦសាន​ថា៖ ​«​ចាប់​ពី​ថ្ងៃ​ទី ​៨​ ខែ ​ឧសភា​ តទៅ​ យើង​បាន​ផ្លាស់ប្តូរ​យុទ្ធសាស្ត្រ​ពី​ការ​អត់ធ្មត់​របស់​យើង​ទៅ​ជា​ការ​សងសឹក​ទៅ​នឹង​សកម្មភាព​របស់​ភាគី​ផ្សេង​ទៀត​ដែល​បាន​ធ្វើ​ចំពោះ​យើង​នោះ​»៕ AFP/SK