ស្រុកមេសៃៈ ក្រុមមន្ត្រីថៃដែលដឹកនាំកិច្ចប្រឹងប្រែងដ៏ធំមួយ ដើម្បីជួយសង្គ្រោះក្មេងប្រុស ១២ នាក់ និងជំនួយការគ្រូបង្វឹកបាល់ទាត់របស់ពួកគេពីរូងភ្នំដែលលិចទឹក កាលពីថ្ងៃអាទិត្យ បានបង្កើតមូលដ្ឋានការងារចូលទៅក្នុងរូង និងសម្តែងសុទិដ្ឋិនិយមអំពីការរីកចម្រើនរបស់ពួកគេ ខណៈពេលដែលអាកាសធាតុល្អប្រសើរឡើងនោះ។
ភ្លៀងរដូវវស្សាបានបង្កការលំបាកដល់ការស្រាវជ្រាវរកក្មេងៗ ដែលមានអាយុពី ១១ ឆ្នាំ ដល់ ១៦ ឆ្នាំ និងគ្រូបង្វឹកដែលមិនបានឮដំណឹងទាល់តែសោះ ចាប់តាំងពីពួកគេបាន ធ្វើដំណើរផ្សងព្រេងចូលទៅក្នុងរូងភ្នំ Tham Luang កាលពីថ្ងៃសៅរ៍សប្តាហ៍មុននៅប្រទេសថៃភាគខាងជើង និងត្រូវជាប់នៅក្នុងរូងនោះ ដោយសារភ្លៀងខ្លាំង។
ប៉ុន្តែដោយសារអាកាសធាតុល្អប្រសើរឡើងវិញ និងការបង្កើតមូលដ្ឋានកិច្ចប្រតិបត្តិការមួយនៅក្នុងរូងភ្នំបានធ្វើឲ្យមានក្តីសង្ឃឹមថា មនុស្ស ១៣ នាក់នោះអាចត្រូវបានរកឃើញនៅពេលឆាប់ៗនេះ។
មេបញ្ជាការកងទ័ពជើងទឹកថៃលោកឧត្តមនាវីឯក Apakorn Yookongkaew ថ្លែងប្រាប់ក្រុមអ្នកកាសែតនៅកន្លែងនោះថា៖ «ថ្ងៃនេះ អ្វីដែលយើងត្រូវធ្វើ គឺត្រូវប្រញាប់ប្រញាល់រកពួកគេឲ្យឃើញ។យើងនឹងមិនឈប់ទេ បើសិនជារកពួកគេមិនឃើញនោះ។ ក្រុមជួយសង្គ្រោះដាក់បំពង់អុកស៊ីហ្ស៊ែនបន្ថែមនៅតាមជញ្ជាំងថ្ម និងភ្លើង ដើម្បីធ្វើឲ្យមាន ខ្យល់ចេញចូល៕