ក្រុង​ប៉ារីសៈ​ ប្រភព​ពី​ប្រធានាធិបតី​បាន​ឲ្យ​ដឹង​ថា ​ប្រធានាធិបតី​បារាំង លោក ​អេម៉ានុយអែល ម៉ាក្រុង​ កាល​ពី​ថ្ងៃ​ពុធ ​បាន​ជួប​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ប្រទេស លីប៊ី ​លោក​ Fayez al-Sarraj ​ដែល​បាន​ចោទ​ប្រកាន់​ក្រុង​ប៉ារីស​ ពី​បទ​គាំទ្រ​គូបដិបក្ខ​របស់​លោក ​និង​គាំទ្រ​ឲ្យ​មាន​ការ​វាយ​ប្រហារ​​ដោយ​ស្ងៀមស្ងាត់​ទៅ​លើ​ក្រុង​ទ្រីប៉ូលី​។​

ការ​ទំនាក់ទំនង​រវាង​មេដឹកនាំ​ទាំង ២​ បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ ចាប់​តាំង​ពី​បុរស​ខ្លាំង​ លោក​ Khalifa Haftar ​បាន​បើក​ការ​វាយ​ប្រហារ​កាល​ពី​ខែ​មុន​ប្រឆាំង​លោក ​Sarraj ​និង​រដ្ឋា ភិបាល​បង្រួប​បង្រួម​ជាតិ​របស់​លោក​ទទួល​ស្គាល់​ដោយ​អន្តរជាតិ​។​

ដោយ​ប្រភព​ប្រធានាធិបតី​កាល​ពី​ថ្ងៃ​អង្គារ​ បាន​ឲ្យ​ដឹង​ថា ​លោក ​Sarraj ​បាន​អះអាង​ថា ​ប្រទេស ​បារាំង ​បាន​ប្តូរ​ទៅ​គាំទ្រ​ខាង​ភាគី ​«​ជន​ផ្តាច់ការ​»​ នៅ​ក្នុង​ការ​អត្ថាធិប្បាយ​ ដែល​បាន​ចាត់​ទុក​ថា​ «​វា​ជា​រឿង​មិន​អាច​ទទួល​យក​បាន​ និង​គ្មាន​ហេតុផល​» ​នោះ​ទេ​ សម្រាប់​ប្រធានាធិបតី​បារាំង​ដែល​ងាក​ទៅ​គាំទ្រ​ពួក​គេ​នោះ​។​

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​​ទៀត​​ថា​៖ «បារាំង​ បាន​គាំទ្រ​លោក​នាយក​រដ្ឋមន្ត្រី​ Sarraj ​ហើយ​បាន​ប្រឆាំង​នឹង​យុទ្ធនាការ​វាយ​ប្រហារ​ទ្រង់ទ្រាយ​ធំ​ដោយ​យោធា​របស់​លោក​ Haftar ​ប្រឆាំង​ក្រុង​ទ្រីប៉ូលី​»​ ដោយ​បញ្ជាក់​ម្តង​ហើយ​ម្តង​ទៀត​ថា ​ប្រទេស ​បារាំង ​បាន​រក្សា​ទំនាក់ទំនង​ជាមួយ​ក្រុម​តួអង្គ​ភាគី​ជម្លោះ​ទាំង ​២ ​​ដដែល​។​

កាល​ពី​ថ្ងៃទី ​៤​ ខែ ​មេសា​ លោក​ Haftar​ បាន​បើក​ការ​វាយ​ប្រហារ​សម្រុក​ទៅ​កាន់​ក្រុង​ទ្រីប៉ូលី​ ជា​ទី​ដែល​រដ្ឋាភិបាល​ទទួល​ស្គាល់​ដោយ​អង្គការ​សហប្រជាជាតិ ​របស់​លោក​ Sarraj ​មាន​មូលដ្ឋាន​នៅ​ក្រុង​ទ្រីប៉ូលី​ ដោយ​បង្ក​ឲ្យ​មាន​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំង​ក្លា ​ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​ជិត ​៤០០ ​នាក់​ស្លាប់​​។​

លោក ​ម៉ាក្រុង ​មាន​បំណង​សួរ​លោក​ Sarraj ​អំពី​ស្ថានការណ៍​មនុស្ស​ធម៌ ​និង​ត្រួត​ពិនិត្យ​មើល​ថា ​តើ​លោក ​ម៉ាក្រុង​ បាន​ស្នើ​សុំ​ឲ្យ​បញ្ចប់​ជម្លោះ ដែល​ឈាន​ទៅ​រក​ការ​ទម្លុះទម្លាយ​ភាព​ជាប់​គាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​ដែរ ឬ​យ៉ាង​ណា?។​

ប្រភព​ដដែល​បាន​ថ្លែង​ថា​៖ «​លោក​ Sarraj ​ជា​អ្នក​នយោបាយ​ប្រាកដ​និយម​ម្នាក់​ ដែល​យើង​អាច​ធ្វើ​ការ​ជាមួយ​លោក​បាន​»​។​

«​ប៉ុន្តែ​បុគ្គល​​ក្នុង​ចំណោម​អ្នក​គាំទ្រ​​លោក​មាន​ក្រុម​ជ្រុល​និយម​ខ្លះ​ជា​បក្ស​សម្ព័ន្ធ​ និង​ជា​ក្រុម​ប្រឆាំង​ ដែល​គិត​ថា​ វា​ងាយ​ស្រួល​ក្នុង​ការ​ចោទ​ប្រកាន់​ក្រុម​ជន​បរទេស​»​៕​ AFP/SK