ក្រុងប៉ារីសៈ នៅ​ចំពេល​មានការ​អំពាវនាវខ្លាំងៗឲ្យ​លោក​ម៉ាក្រុង​បញ្ចប់​វិបត្តិ​របស់ «ក្រុម​អ្នក​តវ៉ា​អាវកាក់​ពណ៌​លឿង» ដែល​កំពុង​រួតរឹត​ប្រទេស​បារាំង​នេះ លោក ប្រធានា​ធិបតី អេម៉ានុយ​អែល ម៉ាក្រុង បាន​ថ្លែង​សុន្ទរ​កថា​ទៅ​ប្រជាជាតិ​របស់ លោក​កាល​ពី​ថ្ងៃ​ចន្ទ ខណៈ​ក្រុម​អាជ្ញាធរ​បាន​វាយ​តម្លៃ​ការ​ខូច​ខាត ដែល​បណ្តាល​មក​ពី ការ​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​ប៉ុន្មាន សប្តាហ៍​កន្លង​ទៅ​នេះ។

ការិយាល័យ Elysee របស់លោក បានប្រកាសថា លោក​ប្រធានាធិបតី បាន​ថ្លែង​ទៅ​កាន់​ប្រជាជន​បារាំង​នៅ​ម៉ោង ៨ យប់ ជា​ការ​ថ្លែង​ជា​សាធា​រណៈ​លើក​ដំបូង​របស់​លោក​ម៉ាក្រុង​ក្រោយ​ពី​ការ​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​នៅ​ទូទាំង​ប្រទេស​រយៈពេល ៤ សប្តាហ៍ ដែល​បាន​ផ្ទុះ​ហិង្សា​ជាថ្មី​នៅ​ក្រុង​ប៉ារីស​និង​ក្រុង​ផ្សេងៗ​ទៀត កាល​ពី ថ្ងៃ​សៅរ៍។

រដ្ឋមន្ត្រីក្រសួង​ការងារ លោក Muriel Penicaud បាន​បន្ថែមថា លោក​ម៉ា​ក្រុង ដែលជា​គោល​ដៅ​នៃ​កំហឹង​របស់​អ្នក​តវ៉ា​ជុំវិញ​គោល​នយោបាយ​គាំទ្រ​អ្នក​មាន បាន «ប្រកាស​វិធានការ​ជាក់​ស្តែង និង​ភ្លាម» ដើម្បី​ឆ្លើយតប​វិបត្តិ​នោះ។

ប្រធានាធិបតី ដែលមាន​វ័យ ៤០ ឆ្នាំ​រូបនេះ​បាន​ជួប​ជាមួយ​សមាជិក​សហជីព​ពាណិជ្ជកម្ម​ក្រុម​មេដឹកនាំ​ជំនួញ​កាល​ពី​ថ្ងៃ​ចន្ទ​ផង​ដែរ។

ក្រុមមន្ត្រី​បាន​ថ្លែងថា អំពើ​កុបកម្ម​ប្រឆាំង​លោក​ម៉ា​ក្រុង​ដែល​បាន​កើតឡើង​នៅក្នុង​ក្រុង​ប៉ារីស​កាល​ពី​ថ្ងៃ​សៅរ៍ នោះ បាន​បង្ក​ឲ្យ​មាន​ហិង្សា ស្រាល​ជាង​កាល​ពី​សប្តាហ៍​មុន ដោយ​មាន​មនុស្ស​តិច​តួច​រង​របួស ប៉ុន្តែ​ការ​ខូច​ខាត​ទ្រព្យ​សម្បត្តិ​នៅ​ទូទាំង​ក្រុង​នេះ​អាក្រក់​បំផុត៕