ក្រុងប៉ារីសៈ លោក​ប្រធានាធិបតី​បារាំង អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង កាល​ពី​ថ្ងៃ​អង្គារ បាន​អំពាវនាវ​ឲ្យ​មាន​កងទ័ព​អឺរ៉ុប​មួយ​ពិត​ប្រាកដ ដើម្បី​ការពារ​ខ្លួន​ប្រឆាំង​នឹង ​រុស្ស៊ី និង​អាមេរិក។

លោក​ម៉ា​ក្រុង ដែល​បាន​ជំរុញ​ឲ្យ​មាន​កម្លាំងយោធា​អឺរ៉ុប​រួមគ្នា​មួយ​ចាប់​តាំង​ពី​លោក​ឡើង​កាន់​តំណែង​មក​នោះ បាន​ថ្លែង​ថា អឺរ៉ុប​ចាំបាច់​កាត់​បន្ថយ​ឯករាជ​ភាព​រប​ស់ខ្លួន​ទៅ​កម្លាំង​អាមេរិក ក្រោយ​ពី​លោក​ប្រធានា​ធិបតី​អាមេរិក ដូណាល់ ត្រាំ​បាន​ប្រកាស​ថា លោក​ដក​ខ្លួន​ចេញ ពី​សន្ធិ​សញ្ញា នុយក្លេអ៊ែរ​សម័យ​សង្គ្រាម​ត្រជាក់។

លោក ម៉ា​ក្រុង បាន​ថ្លែងប្រាប់​អឺរ៉ុប​នៅក្នុង​បទ​សម្ភាស​តាម​វិទ្យុ​លើកដំបូង ចាប់តាំង​ពី​លោក​ក្លាយជា​ប្រធានា​ធិបតី​កាល​ពី​ខែ​ឧសភា ឆ្នាំ ២០១៧ ថា៖ «យើង​ត្រូវតែ​ការពារ​ខ្លួន​យើង​ទប់ទល់​ប្រទេស​ចិន រុស្ស៊ី និង​សហរដ្ឋ​អាមេរិក»។

លោក បាន​ថ្លែង​ទៀតថា៖ «នៅពេល​ខ្ញុំ​ឃើញ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ប្រកាស​ថា លោក​ដក​ខ្លួន​ចេញ​ពី​សន្និសញ្ញា​ដក​អាវុធ​ដ៏​សំខាន់ មួយ​ដែល​ត្រូវ​បាន​បង្កើត​ឡើង ក្រោយ​ពី​វិបត្តិ​មីស៊ីល​អឺរ៉ុប​កាល​ពី​ទសវត្សរ៍​ឆ្នាំ ១៩៨០ ដែល​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អឺរ៉ុប​ថា តើ​ជន​រង​គ្រោះ​ដ៏​សំខាន់​ជា​នរណា? អឺរ៉ុប និង​សន្តិសុខ​របស់​ខ្លួន»។

វិបត្តិ​មី​ស៊ី​ល​អឺរ៉ុប គឺជា​ការប្រកួត​ប្រជែង​អាវុធ​ខ្នាតតូច​នៅ​ក្នុងសម័យ​សង្គ្រាម​ត្រជាក់ ដែល​មើល​ឃើញ​ថា មីស៊ីល​បាលីស្ទិក​របស់​អាមេរិក ចូល​អឺរ៉ុប ជា​កត្តា​ដ៏​សំខាន់​មួយ​ដែល​ធ្វើ​ឲ្យ​រង្គោះ​រង្គើ​ដល់​សន្ធិសញ្ញា​នុយក្លេអ៊ែរ​ចម្ងាយ​មធ្យម​ឆ្នាំ ១៩៨៧។

លោកម៉ាក្រុង​ ថ្លែង​សុន្ទរ​កថា​ក្នុង​ពិធីរំឭកខួប​​សម្រាប់អ្នកនិពន្ធនិងអតីតទាហានបារាំង។ AFP

នៅក្នុង​បទ​សម្ភាស​មួយ ដែល​ត្រូវ​កត់ត្រា​កាលពី​រាត្រី​ថ្ងៃ​ចន្ទ​នៅ​តំបន់ Verdun នៃ​ប្រទេស​បារាំង​ភាគ​ឦសាន ខណៈ​លោក ធ្វើ​ទស្សនកិច្ច​អតីត​រណសិរ្ស​លោក​ខាង​លិច​នៅ​ក្នុង​ពិធី​រំឭក​ដល់​សតវត្សរ៍​នៃ​សង្គ្រាម​លោក​លើក​ទី ១ នោះ លោក​ម៉ាក្រុង បាន​ថ្លែង​ថា៖ «យើង​នឹង​មិន​ការពារ​ពលរដ្ឋ​អឺរ៉ុប​បាន​ទេ ប្រសិន​បើ​យើង​មិន​បាន​សម្រេច​ចិត្ត​ធ្វើ​ឲ្យ​មាន​កងទ័ព​អឺរ៉ុប​មួយ​ពិតប្រាកដ​ទេ​នោះ»។

លោក​ប្រធានាធិបតី​អេ​ម៉ា​នុយអែល ម៉ា​ក្រុង បាន​ជំរុញ​ឲ្យ​បង្កើត កងកម្លាំង​អឺរ៉ុប​មាន​ចំនួន ៩ ប្រទេស ចូលរួម ដែល​កងទ័ព​នោះ​នឹង​មាន​សមត្ថភាព​ធ្វើ​កិច្ច​ប្រតិបត្តិការ​យោធា​រួម​យ៉ាង​ឆាប់​រហ័ស ដើម្បី​ជម្លៀស​ចេញ​ពី​តំបន់​សង្គ្រាម ឬ​ផ្តល់​ជំនួយ​ក្រោយ​ពី​មាន​គ្រោះ​ធម្មជាតិ​នានា ជា​ដើម​នោះ។

រដ្ឋមន្ត្រីការបរទេស​នៃ​ប្រទេស​ចំនួន ៩ បាន​ជួបប្រជុំគ្នា​នៅ​ក្រុងប៉ារីស​ជា​លើកដំបូង​កាល​ពី​ថ្ងៃ​ពុធ ដើម្បី​ចាប់​ផ្តើម​ពិភាក្សា​អំពី​លក្ខខណ្ឌ​លម្អិត​នៃ​របៀប ដែល​កងកម្លាំង​នោះ នឹង​ធ្វើ​កិច្ច​ប្រតិបត្តិការ​របស់​ខ្លួន៕