ក្រុង​ការ៉ាកាសៈ​ ប្រធានាធិបតី​វ៉េណេស៊ុយអេឡា​សម្បូរ​ដោយ​បញ្ហា​លោក​ នីកូឡាស ​ម៉ាឌូរ៉ូ បាន​ជួបជុំ​ជាមួយ​អ្នក​តវ៉ា​រាប់​រយ​នាក់​នៅ​ក្នុង​ក្រុង​ការ៉ាកាស​កាល​ពី​ថ្ងៃ​ចន្ទ​ ដើម្បី​ប្រារព្ធ​ខួប ១ ឆ្នាំ នៃ​​​ការ​​ជាប់​ឆ្នោត​ជា​ថ្មី​កាល​ពី​ខែ ឧសភា ឆ្នាំ ​២០១៨ ​ដ៏​​​ចម្រូង​ចម្រាស​ ​បន្ទាប់​ពី​​លទ្ធផល​ឆ្នោត​ដែល​ត្រូវ​បាន​​គេ​ចាត់​ទុកថា​មាន​ការ​លួច​បន្លំ​។

ដោយ​កាន់​បដា​សរសេរ​ថា ​«​ហែ​ក្បួន​សម្រាប់​ជ័យជម្នះ»​ ក្រុម​អ្នក​គាំទ្រ​របស់​លោក ​ម៉ាឌូរ៉ូ ​បាន​ចេញ​តាម​ដង​ផ្លូវ​នៃ​ក្រុង​វ៉េណេស៊ុយអេឡា​ ដោយ​មាន​មនុស្ស​ជា​ច្រើន​គ្រវី​ទង់ជាតិ​របស់​គណបក្ស​សង្គម​និយម​ដែល​កំពុង​កាន់​អំណាច និង​បាន​ពាក់​អាវ​យឺត​ពណ៌​ក្រហម​ផង​។​

មាន​អ្នក​ខ្លះ​កាន់​បដា​ដោយ​និយាយ​ថា​៖ «​លោក​ ត្រាំ​ ត្រូវ​បញ្ចប់​ការ​រាំង​ខ្ទប់​ទៅ​លើ​វ៉េណេស៊ុយអេឡា​​»​ ជា​ការ​និយាយ​សំដៅ​ឲ្យ​បញ្ឈប់​ការ​ដាក់​ទណ្ឌកម្ម​របស់​អាមេរិក​ទៅ​លើ​របប​លោក ​ម៉ាឌូរ៉ូ​​។​

លោក ​ម៉ាឌូរ៉ូ​ បាន​សរសេរ​នៅ​លើ​គេហទំព័រ​ធ្វីធើរ​ថា​៖ «​យើង​ប្រារព្ធ​ខួប​លើក​ទី​១ ​នៃ​ជ័យ​ជម្នះ​របស់​ប្រជាជន​នៅ​ថ្ងៃទី ​២០ ​ខែ ​ឧសភា​ ជា​ថ្ងៃ​ដែល​វ៉េណេស៊ុយអេឡា​ បាន​សម្រេច​ចិត្ត​គាំទ្រ​​សន្តិភាព​ ប្រជាធិបតេយ្យ ​និង​សេរីភាព​»​។​

លោក ​ម៉ាឌូរ៉ូ​ បាន​​ថ្លែង​សុន្ទរកថា​ទៅ​កាន់​ហ្វូង​មនុស្ស​នៅ​ខាង​ក្រៅ​វិមាន​ប្រធានាធិបតី​ Miraflores ៕ AFP/SK​