ក្រុង​ការ៉ាកាស៖ លោក​​ប្រធានាធិបតី​ នីកូឡាស​ ម៉ាឌូរ៉ូ ​កាល​ពី​ថ្ងៃ​ចន្ទ​បាន​ថ្លែង​ថា​ លោក​មិន​ខ្លាច​ញញើត​​​នឹង​ការ​តស៊ូ​ប្រយុទ្ធ​របស់​យោធា​ទេ ​ដោយ​បាន​ចោទ​សមភាគី​អាមេរិក​លោក ​ដូណាល់ ​ត្រាំ ​ពី​បទ​ប៉ុនប៉ង​ឈ្លាន​ពាន​ប្រទេស ​វ៉េណេស៊ុយអេឡា​ដោយ​គាំទ្រ​ក្រុម​សម្ព័ន្ធមិត្ត​ក្នុង​តំបន់​។

លោក ​ម៉ាឌូ​រ៉ូ​ ដែល​អម​ដោយ​កងកម្លាំង​ប្រដាប់​អាវុធ​នៃ​មេ​បញ្ជាការ​ជាន់​ខ្ពស់​បាន​ថ្លែង​សុន្ទរកថា​ដែល​ត្រូវ​បាន​ចាក់​ផ្សព្វផ្សាយ​តាម​ទូរទស្សន៍​ថា៖ ​«យើង​​មិន​ចង់​មាន​សង្គ្រាម​យើង​មិន​ចង់​មាន​អំពើ​ហិង្សា​ទេ ​ហើយ​យើង​ក៏​មិន​ចង់​មាន​អំពើ​ភេរវកម្ម​ដែរ ប៉ុន្តែ​យើង​ក៏​មិន​ខ្លាច​ការ​តស៊ូ​ប្រយុទ្ធ​របស់​យោធា​ដែរ ​ហើយ​យើង​នឹង​ធានា​ឲ្យ​មាន​សន្តិភាព​។

មេ​ដឹកនាំ​សង្គម​និយម​រូប​នេះ​បាន​ថ្លែង​ថា៖​ «លោក​ ដូណាល់ ​ត្រាំ​ មាន​ការ​ជឿ​ជាក់​ថា​ មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ចូល​លុក​លុយ​ប្រទេស ​វ៉េណេស៊ុយអេឡា ​ដោយ​លោក​បាន​ចោទ​ប្រកាន់​អាមេរិក​ថា ​បាន​រៀបចំ​កងកម្លាំង​​ស៊ី​ឈ្នួល​ ដើម្បី​ឲ្យ​ចូល​ឈ្លាន​ពាន​ប្រទេស វ៉េណេស៊ុយអេឡា​ នោះ​​»។

អ្នកគាំទ្រ​លោក ​ម៉ាឌូរ៉ូ ចូលរួមទិវាយុវ​ជនអន្តរជាតិ​​នៅក្នុង​ក្រុងការ៉ាកា​ស។ AFP

អាមេរិក​ គឺ​ជា​ប្រទេស​មួយ​នៅ​ក្នុង​ចំណោម​ប្រទេស​ចំនួន​ជាង ​៥០​ ដែល​បាន​ទទួល​ស្គាល់​មេ​ដឹកនាំ​ប្រឆាំង​ លោក​ ចួន​ ហ្គៃដូ​ ថា​ ជា​ប្រធានាធិបតី​បណ្តោះ​អាសន្ន ​ក្រោយ​ពី​​ការ​បោះ​ឆ្នោត​ជា​ថ្មី​របស់​លោក ​នីកូឡាស ម៉ាឌូរ៉ូ​ នៅ​ក្នុង​ឆ្នាំ ​២០១៨ ​ត្រូវ​បាន​គេ​​រិះគន់​ជា​ទូទៅ​ថា​ មាន​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត​។

ទោះបី​ជា​យ៉ាង​ក៏​ដោយ​ក៏​លោក ម៉ាឌូរ៉ូ​ ​​មាន​ការ​គាំទ្រ​ពី​ប្រទេស ​តួកគី ​រុស្ស៊ី ​ចិន ​និង​គុយបា​ ដែរ​។

លោក​ប្រធានាធិបតី​​ នីកូឡាស ​ម៉ាឌូរ៉ ក៏​បាន​ថ្លែង​ដែរ​ថា ​មាន​ទាហាន​រត់​ចោល​ជួរ​ជា​ច្រើន​ក្រុម​ ដែល​កំពុង​ហ្វឹកហាត់​នៅ​ក្នុង​ប្រទេស ​កូឡុំប៊ី ​ដែល​នៅ​ជិត​ខាង​ ដើម្បី​លួច​ចូល​វាយ​​ប្រហារ​លើ​អង្គភាព​យោធា​នានា​នៅ​ក្នុង​ប្រទេស ​វ៉េណេស៊ុយអេឡា៕ AFP/PSA