ក្រុងការ៉ាកាសៈ ​លោក​ប្រធានាធិបតី នីកូឡាស ​ម៉ាឌូរ៉ូ​កាល​ពី​ថ្ងៃ​សុក្រ ​បាន​ស្វាគមន៍​ «​​ការ​ចាប់​ផ្តើម​កិច្ច​ពិភាក្សា​»​ ជាមួយ​គណបក្ស​ប្រឆាំង​វ៉េណេស៊ុយអេឡា​ នៅ​ប្រទេស ​ន័រវែស​ ក្រោយ​ពី​មាន​ការ​ប៉ះ​ទង្គិច​ដោយ​បង្ហូរ​ឈាម​អស់​រយៈ​ពេល​ជា​ច្រើន​ខែ​រវាង​ភាគី​ទាំង ​២​ នេះ​។​

លោក ​ម៉ាឌូ​រ៉ូ​ បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​ប្រកាស​មួយ​ នៅ​ឯ​ពិធី​ប្រារព្ធ​នៅ​ពី​មុខ​កង​កម្លាំង ​៦ ៥០០​ នាក់​នៅ​រដ្ឋ​ Aragua ​ភាគ​ខាង​ជើង​ថា ​៖«​កិច្ច​ពិភាក្សា​នោះ បាន​ចាប់​ផ្តើម​ឈាន​​ទៅ​រក​កិច្ច​ព្រមព្រៀង​សន្តិភាព​ និង​ភាព​ចុះ​សម្រុង​គ្នា​ ហើយ​ខ្ញុំ​ស្នើសុំ​ឲ្យ​មាន​ការ​គាំទ្រ​ចេញ​ពី​ប្រជាជន​វ៉េណេស៊ុយអេឡា​ទាំង​អស់​ ដោយ​ជំរុញ​​ឲ្យ​​មាន​សន្តិភាព​»​។​

ដោយ​មាន​ការ​ប្រឈម​មុខ​ជា​មួយ​វិបត្តិ​សេដ្ឋកិច្ច​សង្គម​យ៉ាង​ធ្ងន់ធ្ងរ នៅ​ក្នុង​ប្រវត្តិសាស្ត្រ​បច្ចុប្បន្ន​របស់​ប្រទេស​ដែល​ផលិត​ប្រេង​មួយ​មេ​ដឹកនាំ​​សង្គម​និយម​រូប​នេះ ​បាន​បន្ថែម​ថា ​«​ប្រទេស ​វ៉េណេស៊ុយអេឡា ​ត្រូវ​តែ​ដោះ​ស្រាយ​ជម្លោះ​របស់​ខ្លួន​»​ និង​ស្វែង​រក​ដំណោះ​ស្រាយ​ «ដោយ​​​សន្តិវិធី​​» ​នៅ​ក្នុង​​ប្រទេស។​

លោក ​ម៉ាឌូរ៉ូ​ បាន​ប្រកាស​ថា ​«នឹង​​មាន​​ការ​ចាប់​ផ្តើម​​សន្ទនា​ និង​កិច្ច​ពិភាក្សា​» ​ជាមួយ​គណបក្ស​ប្រឆាំង​​។​

ការ​ពិពណ៌នា​នៃ​ការ​ចរចា​របស់ លោក ​ម៉ាឌូរ៉ូ ​គឺ​នៅ​មិន​ទាន់​ចុះ​សម្រុង​ជា​មួយ​មេ​ដឹកនាំ​បក្ស​ប្រឆាំង​លោក​ Juan Guaido ​ដែល​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ បាន​បដិសេធ​ថា ​ពួក​គេ​នៅ​មិន​ទាន់​រៀបចំ​ធ្វើ​ការ​ចរចា​នៅ​ឡើយ​។​

លោក​ Guaido ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​នៅ​ក្នុង​ការ​ធ្វើ​អត្ថាធិប្បាយ​ទៅ​កាន់​ក្រុម​អ្នក​កាសែត​ថា​៖ «​មិន​មាន​ការ​ចរចា​អ្វី​នោះ​ទេ​»។​ ជំនួស​មក​វិញ​ក្រុម​មន្ត្រី​ន័រវែស​កំពុង ​«​ព្យាយាម​សម្រុះ​សម្រួល​» ​ជាមួយ​ភាគី​ទាំង ​២ ​ដើម្បី​នាំ​ពួក​គេ​ទៅ​កាន់​តុ​ចរចា​។​

មេ​ដឹកនាំ​គណបក្ស​ប្រឆាំង Juan Guaido លើក​មេ​ដៃ​ ​ខណៈ​ថ្លែង​នៅ​ក្នុង​អំឡុង​ការ​ជួបជុំ។​ AFP

ពិធី​ប្រារព្ធ​កាល​ពី​ថ្ងៃ​សុក្រ​នៅ​រដ្ឋ​ Aragua ​ត្រូវ​បាន​ចូលរួម​ដោយ​រដ្ឋមន្ត្រី​ទំនាក់​ទំនង​លោក ​Jorge Rodriguez ​និង​​លោក​ Hector Rodriguez ​​អភិបាល​រដ្ឋ​ Miranda ​ជា​​តំណាង​របស់​រដ្ឋាភិបាល​នៅ​ក្នុង​កិច្ច​ពិភាក្សា​ក្រុង​ Oslo។

លោក​ ម៉ាឌូ​រ៉ូ​ បាន​ផ្តល់ ​«ព័ត៌មាន​ថ្មីៗ​» អស់​ជា​ច្រើន​ម៉ោង​ ក្រោយ​ពី​ប្រទេស ​ន័រវែស ​បាន​រាយ​ការណ៍​ឲ្យ​ដឹង​អំពី​ទំនាក់​ទំនង​ដំបូង​រវាង​ភាគី​រដ្ឋាភិបាល​ និង​គណបក្ស​ប្រឆាំង​​។​

កាល​ពី​ពេល​ថ្មី​ៗ​នេះ​ រដ្ឋ​មន្ត្រី​ការ​បរទេស​លោក ​Jorge ​Arreaza ​បាន​​អះអាង​ជា​ផ្លូវការ​ដំបូង​​ពី​ក្រុង​ការ៉ាកាស​អំពី​​ការ​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​អ្វី​ដែល​ប្រទេស ​ន័រវែស និយាយ​សំដៅ​ទៅ​លើ​កិច្ច​ពិភាក្សា​នៅ​ក្នុង​ក្រុង​ Oslo ​នោះ​៕ AFP/SK