ក្រុង​ម៉ិកស៊ីកូៈ ​ប្រមុខ​កងទ័ព​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ចន្ទ​ថា ​ប្រទេស ​ម៉ិកស៊ិក ​បាន​ដាក់​ពង្រាយ​ទាហាន​ និង​កង​ការពារ​ជាតិ​ជិត ​១៥ ​ពាន់​នាក់ ​នៅ​ព្រំដែន​របស់​ខ្លួន​ជាមួយ​អាមេរិក​ ដោយ​ទទួល​ស្គាល់​ថា​ពួក​គេ​កំពុង​ចាប់​ឃុំ​ខ្លួន​ក្រុម​ជន​ចំណាក​ស្រុក​ដែល​បាន​ព្យាយាម​ឆ្លង​ព្រំដែន​ ក្រោយ​ពី​​គោល​នយោបាយ​បាន​បង្ក​ឲ្យ​មាន​ប្រតិកម្ម​​យ៉ាង​ខ្លាំង​ក្លា។​

ស្ថិត​នៅ​ក្រោម​សម្ពាធ​ពី​ប្រធានាធិបតី​អាមេរិក​លោក ​ដូណាល់​ ត្រាំ​ ដែល​បាន​បង្ហាញ​ពី​ការ​កើន​ឡើង​នៃ​ក្រុម​ជន​ចំណាក​ស្រុក​អាមេរិក​កណ្តាល​ ដែល​បាន​ឆ្លង​កាត់​ព្រំដែន​នោះ ប្រទេស ​ម៉ិកស៊ិក​ បាន​សន្យា​កាល​ពី​ដើម​ខែ​នេះ​ថា​នឹង​​ដាក់ បន្ថែម​កម្លាំង​នៅ​តាម​ព្រំដែន​ភាគ​ខាង​ត្បូង​របស់​ខ្លួន​ ដោយ​មាន​កង​កម្លាំង​ការពារ​ជាតិ​ ៦ ​ពាន់​នាក់​ ប៉ុន្តែ​កាល​ពី​ពេល​កន្លង​ទៅ​បាន​ប្រកាស​វិសាលភាព​នៃ​ការ​បង្ក្រាប​ទៅ​លើ​ក្រុម​ជន​ចំណាក​ស្រុក​នៅ​តាម​ព្រំដែន​ភាគ​ខាង​ជើង​របស់​ខ្លួន​។​

គ្រួសារ​ជន​ចំណាក​ស្រុក​ដើរ​ទៅ​កាន់​កំពង់ផែ​​ ​El Chaparral ចូល​ទៅ​ក្រុង ​Tijuanan ​នៃ​រដ្ឋ​កាលីហ្វ័រនី​ញ៉ា។ AFP

រដ្ឋមន្ត្រី​ការពារ​ជាតិ​លោក​ Luis Cresencio Sandoval​បាន​ថ្លែង​នៅ​ឯ​សន្និសីទ​សារព័ត៌មាន​មួយ​ជាមួយ​លោក ប្រធានាធិបតី​ Andres ​Manuel ​Lopez Obrador​ ថា៖ ​«យើង​បាន​ដាក់​ពង្រាយ​ទាហាន និង​​កង​កម្លាំង​ការពារ​ជាតិ ​និង​មន្ត្រី​​យោធា​ចំនួន ​១៤ ​ពាន់​នាក់​ ដែល​មាន​ចំនួន​សរុប​ជិត​ ​១៥ ​ពាន់​នាក់ ​នៅ​ក្នុង​ប្រទេស​​នេះ​ភាគ​ខាង​ជើង​​»​។​

ដោយ​ត្រូវ​បាន​គេ​សួរ​ថា​ តើ​កង​កម្លាំង​ទាំង​អស់​នោះ​ កំពុង​ឃុំ​ខ្លួន​ជន​ចំណាក​ស្រុក​ ដើម្បី​ទប់ស្កាត់​ពួក​គេ​មិន​ឲ្យ​ឆ្លង​កាត់​ព្រំដែន​ឬ?​ លោក​ Sandoval ​បាន​ថ្លែង​ឲ្យ​ដឹង​ថា​៖ «​ជា​​ការ​ពិត​ណាស់​ ​​កង​កម្លាំង​​បាន​ចាប់​ឃុំ​ខ្លួន​ពួក​គេ​មែន​»​។​

លោក​ Sandoval ​បាន​ថ្លែង​ថា​៖ «​ការ​ផ្តល់​ជូន​ឯកសារ​ទេសន្តរប្រវេសន៍​មិន​គ្រប់គ្រាន់​នោះ​ គឺ​មិនមែន​ជា​អំពើ​ឧក្រិដ្ឋកម្ម​ទេ​ ប៉ុន្តែ​ប្រសើរ​ជាង​ការ​រំលោភ​ច្បាប់​រដ្ឋបាល​ យើង​គ្រាន់​តែ​ចាប់​​ឃុំ​ខ្លួន​ពួក​គេ​​ជា​បណ្តោះ​អាសន្ន​ទេ​ ហើយ​បន្ទាប់​មក​ប្រគល់​ពួក​គេ​ទៅ​ឲ្យ» ​ក្រុម​អាជ្ញាធរ​ទទួល​បន្ទុក​ជន​អន្តោប្រវេសន៍​វិញ​។​

ក្រុម​ជន​ចំណាក​ស្រុក​​ដែល​កំពុង​ស្វែងរក​សិទ្ធិ​ជ្រក​កោន​នៅ​អាមេរិក​រស់នៅ​ក្នុង​ជំរំ​នៅ​ក្រុង​Tijuanan។ AFP

រដ្ឋាភិបាល​ បាន​ប្រឈម​មុខ​ការ​រិះគន់​ ជុំវិញ​ការ​បញ្ឈប់​ជន​ចំណាក​ស្រុក​ មិន​ឲ្យ​ឆ្លង​កាត់​ព្រំដែន​អាមេរិក-ម៉ិកស៊ិក​។ ​កងទ័ព​ការពារ​ជាតិ​ និង​ប៉ូលិស​ បាន​កំពុង​យាម​ល្បាត​នៅ​តាម​ព្រំដែន​ជា​ក្រុមៗ​។​

ប៉ូលិស ​ត្រូវ​បាន​ផ្លាស់​ប្តូរ​ចេញ​ពី​កន្លែង​អនុវត្ត​ការងារ​យ៉ាង​ប្រញាប់​ប្រញាល់​។ ​កងកម្លាំង​សន្តិសុខ​ម៉ិកស៊ិក​ បាន​ឃុំ​ខ្លួន​ក្រុម​ជន​ចំណាក​ស្រុក ​ដែល​មិនមាន​ឯកសារ​គ្រប់គ្រាន់​រយៈពេល​យ៉ាង​យូរ​ ខណៈ​ដែល​ពួក​គេ​បាន​ធ្វើ​ដំណើរ​នៅ​ក្នុង​ប្រទេស​មួយ​នេះ​ ប៉ុន្តែ​តាម​ធម្មតា​មិន​អាច​បញ្ឈប់​ពួក​គេ​មិន​ឲ្យ​ឆ្លង​កាត់​ព្រំដែន​អាមេរិក​ដូច​ពី​មុន​បាន​នោះ​ទេ​។​

ការ​អនុវត្តច្បាប់​ បាន​បង្ក​ឲ្យ​មាន​ការ​ប្រឆាំង​យ៉ាង​ខ្លាំងក្លា​ ក្រោយ​ពី​អ្នក​ថត​រូប​ឲ្យ​កាសែត​ AFP ម្នាក់​ បាន​រៀបចំ​ឯកសារ​កាល​ពី​សប្តាហ៍​មុន​អំពី​​របៀប​ដែល​ទាហាន​ និង​កងកម្លាំង​ការពារ​ជាតិ​ប្រដាប់​អាវុធ​ធុនធ្ងន់ ​ដែល​ឈរ​ជើង​នៅ​​ក្រុង​ Ciudad Juarez​ បាន​ធ្វើ​ការ​ឃាត់​ខ្លួន​ស្ត្រី ​២ ​នាក់ ​និង​ក្មេង​ស្រី​ម្នាក់​មិន​ឲ្យ​ឆ្លង​កាត់​ទន្លេ​ Rio Grande៕ AFP/SK