ក្រុង​ហ្សា​ការតាៈ យន្តហោះ Boeing-737 MAX របស់​ក្រុមហ៊ុន​អាកាស​ចរណ៍​ឥណ្ឌូនេស៊ី Lion Air បាន​ធ្លាក់​ចូល​ក្នុង​សមុទ្រ​កាល​ពី​ថ្ងៃ​ចន្ទ​ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​ហោះ​ចេញ​ពី​ក្រុង​ហ្សាការតា ជា​គ្រោះ​ថ្នាក់​ថ្មី​បំផុត​នៅ​ក្នុង​ចំណោម​គ្រោះ​ថ្នាក់​ផ្លូវ​អាកាស​ដែល​ធ្វើ​ឲ្យ​កក្រើក​ប្រជុំ​កោះ​មួយ​នេះ។

ឥណ្ឌូនេស៊ី​ពឹងផ្អែក​ទៅលើ​ការដឹកជញ្ជូន​តាមផ្លូវ​អាកាស​ដើម្បី​ទាក់ទង​កោះ​រាប់ពាន់​របស់​ខ្លួន ប៉ុន្តែ​បាន​រង​គ្រោះ​ថ្នាក់​ធ្លាក់​យន្តហោះ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ច្រើន​បំផុត​នៅ​ក្នុង​រយៈពេលប៉ុន្មាន​ខែ​ថ្មីៗ​កន្លង​ទៅ​នេះ។

វិស័យ​អាកាសចរណ៍​របស់​ឥណ្ឌូនេស៊ី បាន​ពង្រីក​យ៉ាង​ឆាប់រហ័ស ខណៈ​សេដ្ឋកិច្ច​រីក​ចម្រើន​នោះ ប៉ុន្តែ​មាន​កង្វល់​ជាច្រើន​ដែល​ក្រុមហ៊ុន​អាកាស​ចរណ៍​ជាច្រើន កំពុង​ខិតខំ​ប្រឹង​ប្រែង​ស្វែងរក​បុគ្គលិក​មាន​ការ​បណ្តុះ​បណ្តាល​ត្រឹម​ត្រូវ ដើម្បី​តាម​ឲ្យ​ទាន់​ការ​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស​នេះ។

ដោយ​ធ្លាប់​ត្រូវ​ហាមប្រាម​ពី​លម្ហ​អាកាស​អឺរ៉ុប​ជុំវិញ​ការ​ភ័យខ្លាច​ចំពោះ​សុវត្ថិភាព សហភាព​អឺរ៉ុប ក៏បាន​ដក​អាកាស​ចរណ៍​ឥណ្ឌូនេស៊ី​ចេញ​ពី​បញ្ជី​ខ្មៅ​សុវត្ថិភាព​របស់​ខ្លួន​នៅ​ក្នុង​ឆ្នាំ ២០១៨ បន្ទាប់​ពី​ប្រទេស​នេះ បាន​ធ្វើ​ការ​កែ​លម្អ​យ៉ាង​ច្រើន​រួច​មក។

នេះ គឺជា​មហន្តរាយ​អាកាសចរណ៍​ដ៏​អាក្រក់​នៅក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​នេះ។ មហន្តរាយ​ដ៏​អាក្រក់​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​អាកាស​ចរណ៍​របស់​ឥណ្ឌូនេស៊ី បាន​បណ្តាល​ឲ្យ​មនុស្ស ២៣៤ នាក់​ស្លាប់​នៅ​ក្នុង​ឆ្នាំ ១៩៩៧។

យន្តហោះ Airbus A-300B4 ដែល​ប្រតិបត្តិការ​ដោយ​ក្រុមហ៊ុន​ដឹក​ជញ្ជូន Garuda Indonesia បាន​ធ្លាក់​ក្នុង​ជ្រលង​ភ្នំ​ពោរពេញ​ដោយ​ផ្សែង​អ័ព្ទ​ខ្លាំង​នៅ​កោះ​ស៊ូម៉ាត្រា ភាគ​ខាង​ជើង ក្រោយ​ហោះ​ចេញ​ពី​ព្រលាន​យន្តហោះ​ក្រុង​មេដាន​របស់​ឥណ្ឌូនេស៊ី។

​សមា​ជិកនៃ​ក្រុម​​ជួយ​សង្គ្រោះ​យក​សម្ភាររបស់​​​អ្នកដំណើរ​​​ និង​បំណែកយន្តហោះ​​ទៅ​ដាក់​នៅកំ​ពង់ផែ។ AFP

កាលពី​ឆ្នាំ ២០១៤ យន្តហោះ​របស់​ក្រុមហ៊ុន AirAsia បាន​ធ្លាក់​ចូលក្នុង​សមុទ្រ​ជ្វា​នៅ​ក្នុង​ពេល​ខ្យល់​ព្យុះ​ខ្លាំង​នោះ ដោយ​បាន​បណ្តាល​ឲ្យ​មនុស្ស ១៦២ នាក់​ស្លាប់។ ជើង​ហោះ​ហើរ នេះ ចេញ​ពី​ក្រុង​ស៊ូរ៉ាបាយ៉ា នៃ​ប្រទេស​ឥណ្ឌូនេស៊ី​ទៅ​កាន់ ប្រទេស​សិង្ហបុរី។

យន្តហោះ​ហោះហើរ​ក្នុងស្រុក​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Mandala Airlines បាន​ធ្លាក់​ភ្លាមៗ ក្រោយ​ពី ហោះ​ឡើង​នៅ​ក្នុង​ឆ្នាំ ២០១៥ ចូល​ទៅ​ក្នុង​តំបន់​ជាយ​ក្រុង​មាន​ប្រជាជន​ច្រើន​នៅក្នុង​ក្រុង​មេដាន ជា​ក្រុង​មួយ​មាន​ប្រជាជន​សរុប ២ លាន​នាក់​នៅ​លើ​កោះ​ស៊ូម៉ាត្រា ដោយ​បាន​បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​តិច ១៥០ នាក់​ស្លាប់ នៅ​ក្នុង​នោះ​មាន​អ្នក​ដំណើរ យានិក និង​ប្រជាជន​មួយ​ចំនួន​ទៀត។

នៅក្នុង​ខែមិថុនា ឆ្នាំ ២០១៥ យន្តហោះ​យោធា​ឥណ្ឌូនេស៊ី​មួយគ្រឿង បាន​ធ្លាក់ភ្លាមៗ​នៅ​ក្នុង​តំបន់​លំនៅ​ឋាន​នៅ​ក្នុង​ក្រុង​មេដាន ក្រោយ​ពី​យន្តហោះ​នោះ ហោះ​ចេញ​ពី​ព្រលាន ដោយ​បណ្តាល​ឲ្យ​មនុស្ស​ប្រហែល ១២២ នាក់ ស្លាប់ ភាគ​ច្រើន​ក្នុង​ចំណោម​ពួកគេ​គឺជា​ទាហាន ស្ត្រី និង​ក្រុម​គ្រួសារ​របស់​ពួកគេ៕

អ្នកស្រី Putri (កណ្តាល​) យំ​​​​​​ដោយ​សា​របាត់ប្តី និង​កូ​ន​​​ដែលជិះយន្តហោះ។ AFP

​​អាជ្ញាធរ​ព្រលានយន្តហោះ ធ្វើស​ន្និសីទ​កាសែតទាក់ទងការ​ធ្លាក់យន្តហោះ​។ AFP