ក្រុង​បេរូត​: ​ស្ត្រី​អ្នក​នាំ​ពាក្យ​ឲ្យ​កង​ទ័ព​បាន​ឲ្យ​ដឹង ​កាល​ពី​ថ្ងៃ​ចន្ទ​ ថា​ ស្ត្រី​អង់​គ្លេស​ម្នាក់​ដែល​រួម​ប្រយុទ្ធ​ជា​មួយ​ក្រុម​កង​ទ័ព​ឃើដ​ នៅ​ក្នុង​តំបន់​អាហ្រ្វីន ​នៅ​ស៊ីរី ​ត្រូវ​បាន​សម្លាប់ ​អំឡុង​ប្រតិបត្តិ​ការ​វាយ​ប្រហារ​ដឹក​នាំ​ដោយ​តួកគី​ទៅ​លើ​តំបន់​នេះ​។​

នាង​ Nisrin​ Abdallah​ អ្នក​នាំ​ពាក្យ ​ក្រុម​អង្គ​ភាព​ប្រជា​ការ​ពារ​នារី​ឃើដ​ (YPJ)​ បាន​ឲ្យ​ដឹង​ថា នាង​ Anna​ Campbell​ ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ដែន​ដី​ អាហ្រ្វីន ​(Afrin​ enclave)​។​

នាង​ Abdallah​ បាន​ថ្លែង​ប្រាប់​ AFP ​ថា​៖ ​«​នាង​ស្លាប់​កាល​ពី​ថ្ងៃ​ទី ​១៥ ​ខែ​មីនា​ ឆ្នាំ​ ២០​១៨​ អំឡុង​ការ​វាយ​ប្រ​ហារ​ដោយ​គ្រាប់​បែក​ផ្លោង​ពី​កង​ទ័ព​តួកគី​ទៅ​លើ​ខ្សែ​ត្រៀម​សមរ​ភូមិ​ជា​ច្រើន​ ​ជុំ​វិញ​ទី​ក្រុង​អាហ្រ្វីន​ (Afrin city)​ ដោយ​បាន​បន្ថែម​ទៀត​ថា​ នាង ​Campbell​ មាន​ អាយុ ​២៧​ ឆ្នាំ​នៅ​ពេល​នាង​បាន​ស្លាប់​។​

នាង​បាន​ថ្លែង​ថា​ «​យើង​បាន​ដឹង​ពី​ការ​ស្លាប់​របស់​នាង​កាល​ពី​ម្សិល​មិញ ​និង ​បាន​ទាក់​ទង​ជា​មួយ​ឪពុក​ម្តាយ​របស់​នាង​ដោយ​បាន​បញ្ជាក់​ថា​ នាង ​Campbell​ មាន​លំនៅ​ស្ថាន​ក្នុង​ទី​ប្រជុំ​ជន ​Lewes​ ក្នុង​តំបន់ ​East​ Sussex​។​

ក្រុង​អង់​ការ៉ា​ និង​ ក្រុម​ចម្រុះ​ឧទ្ទាម​នៅ​ស៊ីរី​ បាន​ចាប់​ផ្តើម​បើ​ក​ការ​វាយ​ប្រហារ​របស់​ខ្លួន​ទៅ​លើ​តំបន់​ អាហ្រ្វីន​ កាល​ពី​ថ្ងៃ​ទី​ ២០​ ខែ​មករា​ ដោយ​បាន​ច្បាំង​ដណ្តើម​ផ្នែក​ជា​ច្រើន​ នៃ​ដែន​ដី​ក្នុង​តំបន់​នោះ​មុន​ពេល​ច្បាំង​ដណ្តើម​បាន​ចំណុច​កណ្តាល​ទី​ក្រុង​នោះ ​កាល​ពី​ថ្ងៃ​អាទិត្យ​។​

ពួកគេ​សម្រុក​ចូល​ទៅ​ក្នុង​ទី​ក្រុង​នោះ​បន្ទាប់​ពី​ក្រុម​យុទ្ធ​នារី​មក​ពី​អង្គ​ភាព​ YPJ​ និង​ក្រុម​សម​ភាគី​ជា​បុរស​របស់​ក្រុម​អង្គ​ភាព​នេះ​ គឺ​អង្គ​ភាព​ប្រ​ជា​ការ​ពារ ​(YPG)​ ហាក់​បាន​ដក​ទ័ព​ចេញ​។​

ក្រុម​យុទ្ធជន​ស៊ីរីមកពី​​​អង្គភាព​ប្រជាការ​ពារនារី ឃើដ (YPJ) និង អង្គភាព​ប្រជាការ​ពារ (YPG) ចូល​រួមក្នុង​ពិធី​បុណ្យ​សពក្នុងទី​ក្រុង Qamishli របស់យុទ្ធមិត្ត ដែល​បាន​ពលីក្នុង​សមរភូមិ​ប្រយុទ្ធ​​ អំឡុង​ប៉ះ​ទង្គិចជា​មួយ​​ក្រុម​​​​រដ្ឋ​អ៊ិស្លាម (IS)នៅក្នុង​ខេត្ត ឌែរ អេសស័រ (Deir Ezzor) កាលពី​​​​​​​​ថ្ងៃទី៣ ខែមីនា ឆ្នាំ ២០១៨។ AFP

នាង​ Abdallah​ បាន​ថ្លែង​ថា ​Campbell​ បាន​ចូល​រួម​បម្រើ​ក្នុង​ជួរ​កង​ទ័ព​ YPJ​ នៅ​ក្នុង​ខែ​ ឧសភា ឆ្នាំ ​២០​១៧​ ប៉ុន្តែ​ មិន​ទាន់​បាន​ដាក់​ពង្រាយ​កង​កម្លាំង​នៅ​សមរ​ភូមិ​មុខ​នៅ​ឡើយ​រហូត​ដល់​ខែ​នេះ​។​

នាង​ Abdallah​ បាន​ថ្លែង​ថា​៖​«​បន្ទាប់​ពី​មាន​ការ​ប្រហារ​លើ​ទី​ក្រុង​អាហ្រ្វីន​មក​ នាង​បាន​ស្នើ​សុំ​ឲ្យ​គេ​បញ្ជូន​នាង​ទៅ​ទី​នោះ​»​។​

នាង​បាន​បន្ថែម​ថា៖​«​យើង​បាន​ពិភាក្សា​ជា​មួយ​នាង​ជា​​ច្រើន​ដង​​ ប៉ុន្តែ ​នាង​បាន​បោះ​សម្តី​ជា​ចុង​ក្រោយ​ថា៖«​ឲ្យ​ខ្ញុំ​ដក​ខ្លួន​ចេញ​ពី​បដិវត្តន៍​ ឬ​ បញ្ជូន​ខ្ញុំ​ទៅ​កាន់​តំបន់​អាហ្រ្វីន​»​។​

ក្រុម​យុទ្ធ​ជន​​ និង​យុទ្ធ​នារី​បរ​ទេស​ជា​ច្រើន​នាក់​បាន​ចូល​រួម​ក្នុង​ជួរ​កង​ទ័ព​អង្គ​ភាព​YPG​និង​អង្គ​ភាព​កង​ទ័ព​YPJ​នៅ​ស៊ីរី​ ដោយ​មនុស្ស​ជា​ច្រើន​នាក់​បាន​និយាយ​ថា ​ពួក​គេ​ចង់​គាំទ្រ​«​បដិវត្តន៍​»​ដើម្បី​បុព្វ​ហេតុ​លទ្ធិ​ប្រ​ជា​ធិបតេយ្យ​មាន​ការ​ចូល​រួម​ពី​ពល​រដ្ឋ​និង​សិទ្ធិ​នារី​៕​AFP​/​ SN