ក្រុងស្រ៊ីណាហ្គារៈ ក្រុមយុវជន​បាន​អង្គុយ​នៅ​ជិត​គំនរ​ថ្ម និង​ភ្នក់ភ្លើង​មួយកន្លែង​ដែល​ការពារ​ច្រកចូល​ទៅ​កាន់​សង្កាត់​ក្បែរ​មួយ​ដែល​ត្រូវបាន​ឡោមព័ទ្ធ​ជុំវិញ ដែល​ពួកគេ​បាន​ហៅថា​ជា «​តំបន់​ហ្គាហ្សា​របស់​កាស្មៀរ​» ខណៈ​ព្រះវិហារ​អ៊ិស្លាម​មួយកន្លែង​បាន​ផ្សព្វផ្សាយ​ពាក្យស្លោក​អំពី​សេរីភាព​នៃ​តំបន់​នេះ​តាម​ឧបករណ៍​បំពង​សំឡេង​។

នៅក្នុង​សកម្មភាព​នៃ​ការផ្គើន​ប្រឆាំង​ទៅ​នឹង​ការសម្រេចចិត្ត​ដ៏ចម្រូងចម្រាស​ចំពោះ​ការដក​ស្វយ័តភាព​ចេញ​ពី​តំបន់​ដែល​ភាគច្រើន​កាន់​សាសនា​មូស្លីម ហើយ​សង្កាត់​សូរ៉ា​នៅ​ជាយក្រុង​ស្រ៊ីណាហ្គារ​ដ៏ធំ​របស់​តំបន់​កាស្មៀរ​នោះ ត្រូវបាន​ដាក់ពង្រាយ​កងកម្លាំង​សន្តិសុខ​ឲ្យ​ការពារ​យ៉ាង​តឹងរ៉ឹង​។

ចាប់តាំងពី​ដើម​ខែ​សីហា​ពលរដ្ឋ​មួយចំនួន​បាន​ដាក់​របាំង​ការពារ​មួយ​ចំនួន ដូចជា គល់ឈើ ធុងសាំង និង​សសរថ្ម​បេតុង ហើយ​បាន​ជីក​លេណដ្ឋាន​ជាច្រើន ដើម្បី​គេច​ពី​ក្រុម​ទាហាន​នៅ​ចំពេល​មាន​ការតវ៉ា​រាល់ថ្ងៃ​ប្រឆាំង​នឹង​ប្រទេស​ឥណ្ឌា​។

ទាហាន ឈរ​ប្រុង​ជើងការ​ខណៈ​ធ្វើ​ដំណើរ​តាម​ក្បួន​រថយន្ត​នៅក្នុង​ក្រុង​ស្រ៊ីណាហ្គារ​។ AFP

លោក Mufeed ជា​ពលរដ្ឋ​ម្នាក់​ដែល​បាន​ស្ម័គ្រចិត្ត​ការពារ​សង្កាត់​ក្បែរ​ខាង​នៅពេល​យប់​បាន​ប្រាប់ AFP ថា​៖ «​ពួកគេ​សុខចិត្ត​លះបង់​ជីវិត ដើម្បី​ការពារ​សង្កាត់​សូរ៉ា ហើយ​យើង​នឹង​មិន​ឲ្យ​បាត់បង់​ទឹកដី​ទៅ​ឲ្យ​ឥណ្ឌា​សូម្បី​មួយ​មិល្លីម៉ែត្រ​»​។

លោក​ Mufeed បាន​បន្ថែម​ថា​៖ «​ដូចជា​តំបន់​ហ្គាហ្សា​ដែរ ពលរដ្ឋ​ប៉ាឡេស្ទីន​កំពុង​តស៊ូ​ជាមួយ​អ៊ីស្រាអែល យើង​នឹង​ប្រយុទ្ធ​ប្រឆាំង​ដើម្បី​ទឹកដី​កំណើត​របស់​យើង​ឲ្យ​អស់​ពី​សមត្ថភាព​របស់​យើង​»​។

តំបន់​កាស្មៀរ​បាន​ផ្ទុះ​សង្គ្រាម​បះបោរ​ប្រដាប់​អាវុធ​អស់​រយៈពេល ៣ ​ទសវត្សរ៍​ប្រឆាំង​ការគ្រប់គ្រង​របស់​ឥណ្ឌា​ដោយ​បាន​ធ្វើឲ្យ​បាត់បង់​ជីវិត​មនុស្ស​អស់​រាប់ម៉ឺន​នាក់​ភាគច្រើន​ជា​ជន​ស៊ីវិល ដែល​ពួកគេ​បាន​ស្លាប់​នៅក្នុង​ជម្លោះ​តវ៉ា​នោះ​។

នៅ​មុន​ការប្រកាស ឥណ្ឌា​បាន​ប្រញាប់ប្រញាល់​បញ្ជូន​កងកម្លាំង​បន្ថែម​រាប់ម៉ឺន​នាក់​ទៅ​កាន់​តំបន់​ដែល​មាន​ជម្លោះ ដើម្បី​ចូលរួម​ជាមួយ​កងកម្លាំង​ ៥ ​សែន​នាក់​ដែល​ឈរជើង​នៅ​ជួរ​ភ្នំ​ហិមាល័យ ហើយ​ថែមទាំង​រឹតបន្តឹង​សន្តិសុខ​យ៉ាង​តឹងរ៉ឹង​ដោយ​ភ័យខ្លាច​មាន​ចលាចល​កើតឡើង​បន្ថែម​ទៀត​។

ប៉ុន្តែ​ការតវ៉ា​បាន​ផ្ទុះឡើង​ដោយ​មាន​ក្រុមអ្នកតវ៉ា​កម្រិត​មធ្យម​នៅ​សង្កាត់​សូរ៉ា ដែល​បាន​ដឹកនាំ​ចេញ​តាម​ដងផ្លូវ​មនុស្ស​យ៉ាងតិច​ ១៥ ពាន់​នាក់​បាន​ប្រមូលផ្តុំ​កាលពី​ថ្ងៃទី​ ៩ ខែ​សីហា​ជា​ការធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​បំផុត​នៅក្នុង​តំបន់​កាស្មៀរ​កាលពី​ពេល​កន្លង​ទៅ​។

ពួកគេ​ត្រូវបាន​ឆ្លើយតប​វិញ​ដោយ​កងកម្លាំង​សន្តិសុខ​ដែល​បាន​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក និង​គ្រាប់កាំភ្លើង​កៅស៊ូ ដើម្បី​បំបែកហ្វូង​បាតុករ​ទាំងនោះ ដោយ​បាន​បណ្តាល​ឲ្យ​មនុស្ស​ ២៤ ​នាក់​រងរបួស​។

ក្រុមអ្នកតវ៉ា​ទាំងអស់​នោះ​បាន​ស្រែក​បន្ទរ​ថា ឥណ្ឌា​អើយ​ចាកចេញ​ពី​កាស្មៀរ​ទៅ​៕ SK