ក្រុង​ខារទុំៈ ​យោធា​ស៊ូដង់​កាល​ពី​ថ្ងៃ​អង្គារ​ បាន​លុប​ចោល​កិច្ច​ព្រមព្រៀង​ផ្ទេរ​អំណាច​ជាមួយ​ក្រុម​អ្នក​តវ៉ា​ ហើយ​បាន​អំពាវនាវ​ឲ្យ​មាន​ការ​បោះឆ្នោត​នៅ​ក្នុង​រយៈពេល ​៩ ​ខែ​ ១ ​ថ្ងៃ ​ក្រោយ​ពី​ក្រុម​បាតុករ​ជាង​ ៣៥ ​នាក់ ​បាន​ស្លាប់​នៅ​ក្នុង​អ្វី​ដែល​ពួក​គេ​ហៅ​​ថា ជា​ ​«​ការ​សម្លាប់​យ៉ាង​រង្គាល​»​​។​

ក្រុម​មេ​ដឹកនាំ​តវ៉ា​ បាន​អំពាវនាវ​ឲ្យ​ក្រុម​អ្នក​គាំទ្រ​របស់​ពួក​គេ​ចូលរួម​នៅ​ក្នុង ​«​ការ​បះបោរ​​ស៊ីវិល​​​» ដើម្បី​ផ្តួល​រំលំ​​ក្រុមប្រឹក្សា​យោធា​ ដែល​កំពុង​គ្រប់គ្រង​អំណាច​ បន្ទាប់​ពី​បំបែក​ក្រុម​អ្នក​តវ៉ា​​អស់​ជា​ច្រើន​សប្តាហ៍​បណ្តាល​ឲ្យ​ស្លាប់​នៅ​ខាង​ក្រៅ​ទី​បញ្ជាការ​យោធា​នៅ​ក្រុង​ខារទុំ​នោះ​។​

ក្រុមប្រឹក្សា​យោធា​មជ្ឈិម ​បាន​ទម្លាក់​លោក​ប្រធានាធិបតី​ អូមារ​- អាល់-​បាសៀរ​ កាល​ពី​ខែ​មេសា ​ក្រោយ​ពី​ធ្វើ​ការ​តវ៉ា​អស់​ជា​ច្រើន​ខែ​ប្រឆាំង​ការ​គ្រប់គ្រង​ផ្តាច់​ការ​របស់​លោក​ ហើយ​បាន​ឯកភាព​ធ្វើ​ការ​ផ្លាស់​ប្តូរ​រយៈពេល ​៣ ​ឆ្នាំ​ ទៅ​ឲ្យ​រដ្ឋ​ការ​ស៊ីវិល​មួយ​គ្រប់គ្រង​ជំនួស​វិញ​​។​

ប៉ុន្តែ​ប្រមុខ​យោធា ​លោក​ឧត្តមសេនីយ៍​ Abdel Fattah ​al-Burhan ​បាន​ប្រកាស​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​តាម​ទូរទស្សន៍​មួយ​ថា​ ផែនការ​នោះ​ត្រូវ​បាន​លុប​ចោល​វិញ ​ហើយ​ការ​បោះ​ឆ្នោត​នឹង​គ្រោង​ធ្វើ​ឡើង​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​ពី​អន្តរជាតិ ​និង​ក្នុង​តំបន់​»​។​

លោក​ Abdel Fattah ​al-Burhan ​បាន​ថ្លែង​ថា​៖ «​ក្រុមប្រឹក្សា​យោធា​បាន​សម្រេច​ចិត្ត​​លុប​ចោល​នូវ​​អ្វី​ដែល​បាន​ព្រមព្រៀង​គ្នា​ និង​ឈប់​ចរចា​ជា​មួយ​សម្ព័ន្ធមិត្ត​ដើម្បី​សេរីភាព​ និង​ការ​ផ្លាស់ប្តូរ​​ ហើយ​បាន​អំពាវនាវ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​នៅ​ក្នុង​រយៈពេល​មួយ​ដែល​មិន​​ឲ្យ​លើស​ពី​​ ៩ ​ខែ​ឡើយ​​»​។​

បាតុករ​រាប់​សិប​នាក់​​ស្លាប់ និង​​រាប់​រយ​នាក់​រង​របួស ​នៅ​ក្នុង​ការ​បង្រ្កាប​កាល​ពី​ថ្ងៃ​ចន្ទ ​ដែល​​ត្រូវ​​បាន​ថ្កោល​ទោស​ពី​អន្តរជាតិ​​៕ AFP/SK