ក្រុង​តៃប៉ិៈ ​រដ្ឋមន្ត្រី​ការ​បរទេស​កោះ​តៃវ៉ាន់​កាល​ពី​ថ្ងៃ​ចន្ទ​ បាន​អំពាវនាវ​ឲ្យ ​«​មាន​ការ​បោះឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​យ៉ាង​ពិត​ប្រាកដ​មួយ​»​ ​ត្រូវ​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង​ហុងកុង​ ក្រោយ​ពី​ក្រុង​មួយ​នេះ​ត្រូវ​បាន​រង្គោះរង្គើ​ដោយ​អំពើ​ហិង្សា​នយោបាយ​ជា​ថ្មី​។ ការ​អត្ថាធិប្បាយ​នោះ​ទំនង​ជា​ធ្វើ​ឲ្យ​ ក្រុង​ប៉េកាំង​ មាន​​ការ​ខឹង​សម្បា​យ៉ាង​ខ្លាំង​។​

ក្រុង​ហុងកុង​ បាន​ធ្លាក់​ចូល​ទៅ​ក្នុង​វិបត្តិ​យ៉ាង​ធ្ងន់ធ្ងរ​របស់​ខ្លួន​ នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ជា​ថ្មី​ ដែល​បាន​បង្ក​ឡើង​ដោយ​ការ​តវ៉ា​អស់​ជា​ច្រើន​សប្តាហ៍ ​និង​ការ​ប្រឈម​មុខ​ដាក់​គ្នា​​រវាង​ប៉ូលិស​ និង​ក្រុម​​​អ្នក​តវ៉ា​។​

ការ​តវ៉ា​ដំបូង​ ត្រូវ​បាន​ធ្វើ​ឡើង​ដោយសារ​ការ​ព្យួរ​ច្បាប់​បច្ចុប្បន្ន​ ដែល​បាន​អនុញ្ញាត​ធ្វើ​បត្យាប័ន​ទៅ​ឲ្យ​ប្រទេស ​ចិន​ដី​គោក​។​

ប៉ុន្តែ​ចាប់​តាំង​ពី​ពេល​នោះ​មក ​ពួក​គេ​បាន​ផ្លាស់ប្តូរ​ឲ្យ​ទៅ​ជា​ចលនា​កាន់​តែ​ធំ​ឡើង​ ដែល​បាន​អំពាវនាវ​ឲ្យ​ធ្វើ​កំណែ​ទម្រង់​តាម​បែប​ប្រជាធិបតេយ្យ ដោយ​​មាន​ជំរុញ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ជា​សកល ​និង​មិន​ត្រូវ​បិទ​សិទ្ធិ​សេរីភាព​នៅ​ក្នុង​ទីក្រុង​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ពាក់​កណ្តាល​ស្វយ័ត​នេះ​ទេ​។​

ប៉ូលិស​ក្រុង​នេះ​បាន​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ និង​គ្រាប់​កាំភ្លើង​កៅស៊ូ ដើម្បី​​បំបែក​ក្រុម​អ្នក​តវ៉ា ​កាល​ពី​យប់​ថ្ងៃ​អាទិត្យ​៕ AFP/SK