ក្រុង​ប៊ែរឡាំង៖​ រដ្ឋមន្ត្រី​ការបរទេស​អាល្លឺម៉ង់ ​លោក​ ហ៊ីកូ ម៉ាអាស់ ​បាន​ថ្លែង​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ ការ​វាយ​ប្រហារ​ទ្រង់ទ្រាយ​ធំ​របស់​ប្រទេស ​តួកគី ​នៅ​​ស៊ីរី​ភាគ​ឦសាន​ បាន​បំពាន​ច្បាប់​អន្តរជាតិ​រួច​ទៅ​​ហើយ​។​

លោក ​ហ៊ីកូ​ ម៉ាអាស់​ បាន​ថ្លែង​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ ​ZDF ​អាល្លឺម៉ង់​ថា​៖ «​យើង​មិន​ជឿ​ថា ​ការ​វាយ​ប្រហារ​មួយ​ទៅ​លើ​អង្គភាព​ឃើដ​ ឬ ​ក្រុម​យុទ្ធជន​ឃើដ​ គឺ​ត្រឹមត្រូវ​តាម​ច្បាប់​អន្តរជាតិ​នោះ​ទេ​»​។​

លោក​បាន​ថ្លែង​នៅ​ក្នុង​ការ​អត្ថាធិប្បាយ​របស់​លោក​យ៉ាង​ខ្លាំងៗ​អំពី​ការ​វាយ​ប្រហារ​នោះ​ថា​៖ «​ប្រសិន​បើ​គ្មាន​មូលដ្ឋាន​នៅ​ក្នុង​ច្បាប់​អន្តរជាតិ​ សម្រាប់​ការ​ឈ្លាន​ពាន​មួយ​បែប​នេះ​ បន្ទាប់​មក​វា​មិន​អាច​ស្រប​ទៅ​តាម​ច្បាប់​អន្តរជាតិ​នោះ​ទេ​»​។​

ក្រុង​អង់ការ៉ា ​បាន​បើក​ការ​វាយ​ប្រហារ​នៅ​តាម​ព្រំដែន​ ប្រឆាំង​ក្រុម​ឃើដ​នៅ​ស៊ីរី​កាល​ពី​ថ្ងៃទី ​៩​ ខែ​តុលា​ ក្រោយ​ពី​អាមេរិក​បាន​ប្រកាស​ឲ្យ​ដក​យោធា​ចេញ​ពី​ប្រទេស​ហែកហួរ​ដោយ​សង្គ្រាម​នៅ​ភាគ​ខាង​ជើង​ ដែល​បាន​ធ្វើ​ឲ្យ​មាន​ការ​រិះ​គន់​យ៉ាង​ខ្លាំង​​​ពី​​សំណាក់​អន្តរជាតិ។​

ប្រទេស ​តួកគី ​​ជា​សមាជិក​របស់​អង្គការ​ណាតូ ​បាន​បញ្ជាក់​ហេតុផល​អំពី​ការ​វាយ​ប្រហារ​​​នោះ​​ថា​ ជា​កិច្ច​ការ​ចាំបាច់​ដើម្បី​ធានា​សុវត្ថិភាព​ព្រំដែន​របស់​ខ្លួន​។​

បទ​ឈប់​បាញ់​​ដែល​បាន​សម្របសម្រួល​ដោយ​អាមេរិក​ត្រូវ​បាន​ប្រកាស​កាល​ពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ ដោយ​បាន​ផ្តល់​ឲ្យ​កងកម្លាំង​ឃើដ​រហូត​ដល់​រសៀល​ថ្ងៃ​អង្គារ ​ដើម្បី​ដក​កងកម្លាំង​ចេញ​ពី​តំបន់​សុវត្ថិភាព​មួយ​ ដែល​ក្រុង​អង់ការ៉ា ​ចង់​បង្កើត​នៅ​ក្នុង​ទឹក​ដី​ប្រទេស ​ស៊ីរី ​នៅ​តាម​បណ្តោយ​ព្រំដែន​ភាគ​ខាង​ត្បូង​របស់​ខ្លួន​។​

កាល​ពី​ថ្ងៃ​អាទិត្យ​ កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ីរី​ដឹកនាំ​ដោយ​ក្រុម​ឃើដ​ បាន​ដក​ទាំង​ស្រុង​ចេញ​ពី​ទីក្រុង​ដែល​ឡោមព័ទ្ធ​ដោយ​កងកម្លាំង​តួកគី​ នៅ​ស៊ីរី​ភាគ​ខាង​ជើង​ ទៅ​នឹង​អ្វី​ដែល​បាន​បង្ហាញ​ថា​ ជា​ការ​ចាប់​ផ្តើម​នៃ​ការ​ដក​កម្លាំង​យ៉ាង​ច្រើន​ ស្ថិត​នៅ​ក្រោម​កិច្ច​ព្រមព្រៀង​បទ​ឈប់​បាញ់​នោះ​។​

លោក​ ម៉ាអាស់​ បាន​ថ្លែង​ថា៖ «យើង​នឹង​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ដែល​យើង​អាច​ធានា​ថា​ បទ​ឈប់​បាញ់​នេះ​មាន​រយៈពេល ​៥ ​ថ្ងៃ​មក​ហើយ​ ដើម្បី​បញ្ឈប់​ការ​ឈ្លាន​ពាន​នៅ​ពេល​បច្ចុប្បន្ន​របស់​ប្រទេស ​តួកគី​»​។​

ប្រទេស ​អាល្លឺម៉ង់​ រួម​មាន​បណ្តា​ប្រទេស​អឺរ៉ុប​ផ្សេង​ទៀត​បាន​ផ្អាក​ការ​នាំ​ចេញ​អាវុធ​ទៅ​កាន់​ប្រទេស ​តួកគី ​ដោយសារ​ការ​វាយ​លុក​ទ្រង់ទ្រាយ​ធំ​ទៅ​លើ​ក្រុម​ឃើដ​នោះ​៕ AFP/SK