ក្រុងវ៉ាស៊ីនតោនៈ មន្ទីរ​បញ្ចកោណ​បាន​ថ្លែង​ឲ្យ​ដឹង​កាលពី​ថ្ងៃ​អង្គារ​ថា រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​លោក ម៉ាក អេស្ពឺរ បាន​ពន្យារពេល​ដំណើរ​ទស្សនកិច្ច​ទៅកាន់​អាស៊ី​ខាងត្បូង និង​កណ្តាល​ដែល​ត្រូវ​បានគ្រោង​សម្រាប់​សប្តាហ៍​ក្រោយនេះ​ដោយសារ​ការ​រាលដាល​នៃ​វីរុស​ផ្លូវដង្ហើម​ប្រភេទ​ថ្មី​កូរ៉ូណា​យ៉ាង​ឆាប់រហ័ស​នេះ​។

អ្នកនាំពាក្យ​មន្ទីរ​បញ្ចកោណ​លោកស្រី អាលីសសា ហ្វារ៉ា បាន​ថ្លែងថា​លោក​អេស្ពឺរ បាន​គ្រោង​ធ្វើ​ទស្សនកិច្ច​ប្រទេស​ឥណ្ឌា ប៉ាគីស្ថាន និង​អ៊ូសបេគីស្ថាន​ពី​ថ្ងៃ​ទី​ ១៦ ដល់​ថ្ងៃទី ២០ ខែមីនា ប៉ុន្តែ​បាន​សម្រេច​ចិត្ត​បន្ត​នៅក្នុង​អាមេរិក ដើម្បី​ជួយ​រៀបចំ​ចាត់ចែង​ការឆ្លើយតប​របស់​ក្រសួង​ការពារជាតិ​ទៅ​នឹង​ការផ្ទុះ​រាលដាល​វីរុស​កូវីដ​ ១៩ ​ជា​វីរុស​ផ្លូវដង្ហើម​ប្រភេទ​ថ្មី​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ច្រើន​ដែល​កំពុង​រាលដាល​នៅ​ជុំវិញ​ពិភពលោក​។

រហូតមកទល់​ពេលនេះ​យោធា​អាមេរិក​ត្រូវ​បាន​រំខាន​ដោយ​វីរុស​កូរ៉ូណា ដោយ​មាន​ប្រហែល​ ១២ ​ករណី​ត្រូវបាន​គេ​អះអាងថា​នៅក្នុង​កងកម្លាំង​របស់​ខ្លួន​នៅ​ជុំវិញ​ពិភពលោក​។

ប៉ុន្តែ​មន្ត្រីៗ​កំពុង​ព្យាយាម​ធ្វើឲ្យ​អ្នក​បម្រើការ​ ២ ​ម៉ឺន​នាក់​នៅ​មន្ទីរ​បញ្ចកោណ​រួច​ផុតពី​ការឆ្លង​វីរុស​នេះ​៕ PSA